ដោយៈយោធិន/កំពង់ស្ពឺៈមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព(NPMEC) នាព្រឹកថ្ងៃទី៩ ខែមីថុនា ឆ្នាំ២០២៣ បានដំណើរការប្រារព្ធពិធីបញ្ចុះបឋមសិលាសាងសង់អគារថ្មីក្នុងបរិវេណសាលាហ្វឹកហ្វឺនកងកម្លាំងរក្សាសន្តិភាព(PKO)ស្ថិតក្នុងស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ក្រោមវត្តមានអញ្ជើញចូលរួមរបស់លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងជាប្រធានគណៈកម្មាធិការជាតិ តំណាងដ៏ខ្ពងខ្ពស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាកម្ពុជា នាយឧត្តមសេនីយ៍ សែម សុវណ្ណនី អនុប្រធានទី១គណៈកម្មាធិការជាតិ និងជាអគ្គនាយកមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព។
សម្រាប់ដំណើរការសាងសង់អគារ «តេជោសន្តិភាព» នាពេលនេះផ្តោតជាសំខាន់សម្រាប់បម្រើឱ្យការហ្វឹកហ្វឺនលំហាត់រក្សាសន្តិភាពត្រីភាគី (កម្ពុជា -ជប៉ុន- អង្គការសហប្រជាជាតិ)ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនាឆ្នាំ២០២៤។ សម្រាប់ដំណើរការសាងសង់អគារ នេះនឹងប្រើប្រាស់ពេលវេលាចំនួន២៤ខែ។ សំណង់អគារ «តេជោសន្តិភាព» មានអគារស្នាក់នៅ អគារសិក្សា និងសាលប្រជុំធំ។
លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានថ្លែងថា តាមរយៈការខិតខំប្រឹងប្រែងរបស់កម្ពុជា ក្នុងការបញ្ជូនកងទ័ពមួកខៀវរបស់ខ្លួនចូលរួមរក្សាសន្តិភាពក្រោមឆត្រអង្គការសហប្រជាជាតិចាប់តាំងពីឆ្នាំ២០០៦ រហូតដល់ឆ្នាំ២០២៣នេះ គឺមានរយៈពេល១៧ឆ្នាំមកហើយ។ ដោយទទួលស្គាល់ពីកិត្យានុភាពសមត្ថភាពរបស់កម្ពុជា ទើបអង្គការសហប្រជាជាតិ ព្រមទាំងបណ្តាប្រទេសជាសមាជិកជឿជាក់ទុកចិត្តលើកម្ពុជា ដោយសម្រេចឱ្យកម្ពុជា ធ្វើជាម្ចាស់ផ្ទះការហ្វឹកហ្វឺនលំហាត់ត្រីភាគី (កម្ពុជា- ជប៉ុន- អង្គការសហប្រជាជាតិ) នេះ។ លោក ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានបន្តថា សម្រាប់ការសាងសង់អគារ ដែលហៅ អគារ «តេជោសន្តិភាព» គឺសម្រាប់បម្រើឱ្យការចូលរួមហ្វឹកហាត់នៅក្នុងតំបន់ ព្រមទាំងកងទ័ពមួកខៀវមកពីក្រៅតំបន់ផងដែរ ខណៈនៅចុងឆ្នាំ២០២៤ ប្រទេសកម្ពុជា នឹងទទួលធ្វើជាម្ចាស់ផ្ទះហ្វឹកហ្វឺនត្រីភាគី ដែលមានអង្គការសហប្រជាជាតិ ប្រទេសកម្ពុជា និងប្រទេសជប៉ុន៕/R