ដោយៈ មុនីរ័ត្ន/ភ្នំពេញ : លោក ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប បានអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរទាំងអស់ដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតផ្លូវការ ឆ្នាំ២០២២ ត្រៀមឯកសារបញ្ជាក់អត្តសញ្ញាណផ្លូវការ សម្រាប់ប្រើប្រាស់ក្នុងការបោះឆ្នោត ហើយប្រសិនបើប្រជាពលរដ្ឋពុំមាន អ្វីដែលមានសុពលភាពនោះទេ សូមរួសរាន់បំពេញបែបបទស្នើសុំ​ ដោយឥតគិតថ្លៃ និងទាន់ពេលវេលា ស្របតាមកាលបរិច្ឆេទដែលកំណត់ដោយ គ.ជ.ប ដោយផ្អែកតាមប្រតិទិនសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣ ការស្នើសុំ និងការចេញឯកសារបញ្ជាក់អត្តសញ្ញាណបម្រើឱ្យការបោះឆ្នោត គឺមានរយៈពេល ៣០ ថ្ងៃ គិត​ចាប់ពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៣ រហូតដល់ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣។

លោក ប្រាជ្ញ ចន្ទ បានបញ្ជាក់ក្នុងពិធីបិទបញ្ចប់វគ្គបណ្ដុះបណ្ដាល ស្ដីពី “ការបោះឆ្នោត ការរាប់សន្លឹកឆ្នោត និងការប្រកាសលទ្ធផលនៃការបោះឆ្នោត” នៅវិទ្យាស្ថានជាតិអប់រំ កាលពីរសៀលថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៣ថា ដើម្បីឱ្យការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ ប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ ស្របតាមគោលការណ៍នៃលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស និងមានការទទួលស្គាល់ពីភាគីពាក់ព័ន្ធ គ.ជ.ប បានកសាងប្រតិទិន និងផែនការមេ សម្រាប់ជាត្រីវិស័យតម្រង់ទិសក្នុងការអនុវត្តការងារតាមដំណាក់កាល ព្រមទាំងបានអនុម័ត​បទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ ដែលជាឯកសារគតិយុត្តដ៏សំខាន់មួយសម្រា​ប់ការអនុវ​ត្តការងារបច្ចេកទេសជាក់ស្តែង។

លោបន្តទៀតថា បទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ ត្រូវបានរៀបចំ និងកែសម្រួលដោយផ្អែកលើបទពិសោធ​ន៍កន្លងមក និងបន្ថែមបទប្បញ្ញត្តិមួយចំនួនឱ្យស្របនឹងសភាពការណ៍បច្ចុប្បន្ន រួមនឹងគោលការណ៍ទំនើបកម្មដំណើរការបោះឆ្នោត ដែល គ.ជ.ប បានដាក់ឱ្យដំណើរការ និងទទួលបានជោគជ័យកាលពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ដើម្បីជាជំនួយដល់ការរៀបចំ និងការគ្រប់គ្រងការបោះឆ្នោតឱ្យកាន់តែល្អប្រសើរ មានតម្លាភាព និងមានសុក្រឹតភាពថែមមួយកម្រិតទៀត ហើយដើម្បីជំរុញឱ្យការបោះឆ្នោតអាចប្រព្រឹត្តទៅដោយជោគជ័យបាន ក្រៅពីការកសាងលិខិតបទដ្ឋានគតិយុត្តដែលមានលក្ខណៈល្អប្រសើរ និងគ្រប់ជ្រុងជ្រោយហើយនោះ ការបណ្តុះបណ្តាលពង្រឹងសមត្ថភាពដល់មន្រ្តីបោះឆ្នោតគ្រប់លំដាប់ថ្នាក់ ព្រមទាំងភាគីពាក់ព័ន្ធផ្សេងទៀត ឱ្យមានការយល់ដឹងច្បាស់លាស់អំពីច្បាប់ បទបញ្ជា និងនីតិវិធីនៃការបោះឆ្នោត គឺជាកត្តាសំខាន់ដែល គ.ជ.ប ត្រូវយកចិត្តទុកដាក់អនុវត្តឱ្យ​បានហ្មត់​ចត់ ជាក់ស្តែងដូចជាការរៀបចំវគ្គបណ្តុះបណ្តាលរយៈពេល ២ ថ្ងៃនេះ ជាឧទាហរណ៍ស្រាប់។

លោកបានបន្ថែមទៀតថា វគ្គបណ្តុះបណ្តាលលើកនេះ មានលក្ខណៈពិសេស និងខុសប្លែកពីវគ្គបណ្ដុះបណ្ដាលមុនៗ ដោយយើងធ្វើការបណ្ដុះបណ្ដាលលើបទបញ្ជា និងនីតិវិធី ទាំងផ្នែកទ្រឹស្តី ទាំងការអនុវត្តជាក់ស្ដែង ជាពិសេស គឺការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានវិទ្យាថ្មីៗ ដែល គ.ជ.ប ទើបបានធ្វើបច្ចុប្បន្នភាព និងដាក់ឱ្យដំណើរការ ដើម្បីជាជំនួយដល់មន្រ្តីបោះឆ្នោត ដែលរួមមានជាអាទិ៍ ប្រព័ន្ធគ្រប់គ្រងការចេញឯកសារបញ្ជាក់អត្តសញ្ញាណបម្រើឱ្យការបោះឆ្នោត កម្មវិធីត្រួតពិនិត្យ ផ្ទៀងផ្ទាត់ និងបូកសរុបលទ្ធផលនៃការបោះឆ្នោត និងកម្មវិធីគ្រប់គ្រងសំណុំរឿង និងរបាយការណ៍ពាក់ព័ន្ធនឹងពាក្យបណ្តឹង។

លោក ប្រាជ្ញ ចន្ទ បានរំលឹកអំពីដំណាក់កាលចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះ ទើបតែបានបញ្ចប់ទៅថ្មីៗនេះ ដោយក្នុងរយៈពេល ១៥ ថ្ងៃនៃការទទួលពាក្យសុំចុះបញ្ជីនៅ គ.ជ.ប មានគណបក្សនយោបាយចំនួន ២០ បានដាក់ពាក្យសុំចុះបញ្ជីតាមទម្រង់បែបបទកំណត់ដោយ គ.ជ.ប ហើយជាលទ្ធផល គ.ជ.ប បានសម្រេចទទួលស្គាល់ និងចុះបញ្ជីជាផ្លូវការជូនគណបក្សនយោបាយចំនួន ១៨ ដើម្បីចូលរួមប្រកួតប្រជែងក្នុងដំណើរការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣ លើកលែងតែគណបក្សនយោបាយចំនួន ២ គឺគណបក្ស ភ្លើងទៀន និងគណបក្សមហាសាមគ្គីជាតិខ្មែរ ដែលត្រូវបាន គ.ជ.ប សម្រេចបដិសេធការសុំចុះបញ្ជី ដោយសារសាមីគណបក្សមិនបានភ្ជាប់ប្រកាសស្តីពីការចុះឈ្មោះក្នុងបញ្ជីគណបក្សនយោបាយនៅក្រសួងមហាផ្ទៃ ដែលមានបញ្ជាក់នីត្យានុកូលកម្ម ដោយរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ នៅការិយាល័យច្រកចេញចូលតែមួយ ឱ្យបានត្រឹមត្រូវស្របតាមកថាខណ្ឌទី២ និងចំណុចទី១ ក្នុងមាត្រា ២៧ នៃច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត។ ហើយតំណាងគណបក្ស ទាំង ២ បានដាក់ពាក្យបណ្តឹងទៅក្រុមប្រឹក្សាធម្មនុញ្ញ និងត្រូវបានក្រុមប្រឹក្សាធម្មនុញ្ញ សម្រេចបដិសេធចោលដោយខុសនឹងគតិច្បាប់៕/R