ដោយ:ភ្នំសន្ទុក/កំពង់ធំ: ទេសចរណ៍វប្បធម៌និងធម្មជាតិ គឺជាការធ្វើដំណើរកម្សាន្ត ដើម្បីស្វែងយល់អំពីជីវិតរស់នៅ និងពណ៍សម្បុររបស់គោលដៅនានា ដែលខុសពីជីវិតរស់នៅរបស់ខ្លួន និងដើម្បីដោះដូរចំណះដឹង និងគំនិតរបស់ខ្លួន ហើយ ជាទូទៅសកម្មភាពដែលទាក់ទង និងទេសចរណ៍វប្បធម៌និងធម្មជាតិនៅក្នុងតំបន់គោលដៅផ្សេងៗរួមមាន ការញុំាម្ហូបអាហារ ក្នុងអាហារដ្ឋានអ្នកស្រុកការទៅទស្សនាពិធីប្រារព្ធតាមទំនៀមទំលាប់ផ្សេងៗ ដោយ ការសំដែងរបាំប្រពៃណីព្រមទាំងការដាក់តាំងនូវរូបចម្លាក់ និងផលិតផលផ្សេងៗមានក្បាច់រចនាពីបុរាណ ដោយឡែកនៅឃុំសាលាវិស័យ ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំវិញ កំពុងតែចាប់ផ្តើមសេវាកម្មនេះ ។
គោលដៅទេសចរណ៍នៅទីនោះ មិនចាញ់តាមតំបន់ផ្សេងៗ ក្នុងខេត្តឡើយ ទីនោះគឺតំបន់ទេសចរណ៍ទើបតែបង្កើត ក្រោមការផ្តួចផ្តើមគំនិត ដោយលោកជិន ហ៊ីន មេឃុំសាលាវិស័យ រហូតមានរហ័សនាមថា មេឃុំមុខស្រស់ពូកែខាងអភិវឌ្ឍន៍ក្នុងមូលដ្ឋានដោយរមណីដ្ឋានថ្មីនោះហៅថា តំបន់ទេសចរណ៍ អូរពងរោង ស្ថិតនៅភូមិឬស្សីដួច ឃុំសាលាវិស័យ ។
លោក ជិន ហ៊ីន មេឃុំសាលាវិស័យ បានអោយដឹងថា សំរាប់ផែនកាអទិភាពជាច្រើន ដូច្នេះហើយឃុំសាលាវិស័យ មានព្រៃសហគមន៍ព្រៃឈើចំនួន ១១ទីតាំង ហើយព្រៃឈើទាំងអស់វាមានសារៈប្រយោជន៍សម្រាប់ មនុស្ស និងសត្វ ក៏ប៉ុន្តែសំខាន់ជាងនោះព្រៃសហគមន៍ទាំងនោះ ក៏ផ្តល់អំណោយផល សម្រាប់កម្មវិធីលំហែកំសាន្ត និងតំបន់ទេសចរណ៍ នៅក្នុងនោះព្រៃសហគមន៍អូរពងរោង ជាព្រៃសហគមន៍មួយមានអំណោយផល ផ្នែកអេកូទេសចរណ៍ដ៏សំខាន់នៅក្នុងឃុំ ដោយទីនោះមានទាំងធម្មជាតិ មានទាំងប្រពៃណី មានទឹក មានព្រែក ព្រៃប្រឹក្សា និងអនុផលព្រៃឈើចម្រុះជាច្រើនផងដែរ ។
លោកមេឃុំបានបញ្ជាក់ទៀតថា ចក្ខុវិស័យរបស់ឃុំ វិស័យបញ្ចូលនេះគឺជាវិស័យឥទ្ធិភាពរបស់រាជរដ្ឋាភិបាល ចង់បានភ្ញៀវជាតិអន្តរជាតិ បានមកទស្សនានៅទីនេះ ឬក៏មកតាមតំបន់ទេសចរណ៍ផ្សេងៗទៀតនៅក្នុងព្រះរាជាណាចក្រកម្ពុជា ហើយឃុំសាលាវិស័យ ស្រុកប្រាសាទបល្ល័ង្គ ក៏កំពុងអភិវឌ្ឍន៍ខ្លួន ឥតឈប់ឈរ ក្នុងវិស័យទេសចរណ៍នេះ ។
លោកមេឃុំបានសំណូមពរដល់ភ្ញៀវជាតិនិងភ្ញៀវ អន្តរជាតិក៏ដូចជា ប្រជាពលរដ្ឋ រស់នៅក្នុងមូលដ្ឋានជិតឆ្ងាយ មកកំសាន្តទីនេះសូមរក្សាអនាម័យឲ្យបានត្រឹមត្រូវ ទាំងភ្ញៀវ ទាំងអ្នកលក់ អ្វីដែលបារម្ភនោះសូមឱ្យរក្សាធនធានធម្មជាតិនៅទីនេះដែលមានស្រាប់ឲ្យបានគងវង្ស កុំកាប់បំផ្លាញធនធានជាតិទាំងអស់នេះអោយសោះ។
លោកឈូ ប៊ុនឆង ប្រធានសហគមន៍ព្រៃឈើអូរពងរោង បានឲ្យដឹងថា ព្រៃសហគមន៍ឧស្សាន្តរបស់លោកមានចម្ងាយ ពីទីរួមខេត្តប្រវែង ២៦គីឡូម៉ែត្រ ទីតាំងស្ថិតនៅក្នុងភូមិឬស្សីដួច ឃុំសាលាវិស័យ ។ ម្ហូបប្រចាំត្រកូលនៅក្នុងតំបន់ព្រៃសហគមន៍របស់លោកគឺម្ហូប សម្លកកូក ប្រហើរ កូមសោម ។ លោកក៏បានបន្តទៀត តំបន់ទេសចរណ៍នេះ គឺដើម្បីឲ្យបងប្អូនប្រជាពលរដ្ឋ សមាជិកសហគមន៍មានមុខរបរ ក្រៅពីមុខរបរធ្វើស្រែចំការ ដើម្បីផ្គត់ផ្គង់សេដ្ឋកិច្ចក្នុងគ្រួសាររបស់សមាជិក និងប្រជាពលរដ្ឋដែលរស់នៅក្បែរនោះ ។
លោកប្រធានបានបន្តទៀតថា ការបង្កើតតំបន់ទេសចរណ៍នេះគឺបានផ្ដល់ផលប្រយោជន៍ជាច្រើនសម្រាប់សមាជិក ដូចជាសហគមន៍ដើម្បីយកថវិកាទាំងអស់នោះផ្គត់ផ្គង់ផ្នែក អភិវឌ្ឍន៍សហគមន៍ ការដាំដើមឈើឡើងវិញ អភិវឌ្ឍន៍សត្វព្រៃ ស្តារព្រៃឈើឡើងវិញជាដើម។ល។
ដោយឡែកសមាជិកនៅក្នុងសហគមន៍បានអោយដឹងថា នៅក្នុងព្រៃសហគមន៍នេះ គឺមានសារៈប្រយោជន៍សម្រាប់ពួកគាត់ដូចជារដូវបេះផ្លែគុយ រដូវដកផ្សិតចម្រុះ រដូវបេះផ្លែឈើចម្រុះ ការនេសាទត្រីលក្ខណៈគ្រួសារ និងការកាប់កូនឈើយកទៅជួសជុលទ្រុងមាន់ ទា ទ្រុងគោ និងដាក់សន្ទូចតាមមាត់ព្រែក មាត់អូរនានានៅក្នុងភូមិសាស្ត្ររបស់ព្រៃសហគមន៍ខាងលើនេះ ។
ពួកគេបានបន្តទៀតថា ថ្មីៗនេះ ត្រូវបានអាជ្ញាធរ មន្ត្រីជំនាញពាក់ព័ន្ធ បានបង្កើតតំបន់ទេសចរណ៍នេះឡើង ធ្វើឲ្យសមាជិកក្នុងសហគមន៍មានការងារធ្វើ អាចមកលក់ដូរនៅទីបានផងដែរ៕/PC