ដោយ:ភ្នំសន្ទុក/កំពង់ធំ: លោក កឹមរ័ត្ន វិសិដ្ឋ ប្រធានក្រុមប្រឹក្សាភិបាលវេទិកាសម្ព័ន្ធសង្គមស៊ីវិល និង លោក ង៉ោ សិទ្ធិគុណ នាយកនៃនាយកដ្ឋានទំនាក់ទំនងសាធារណៈ និងសហប្រតិបត្តិការអន្តរជាតិ នៃវេទិកាសម្ព័ន្ធសង្គមស៊ីវិល និង អ្នកដែលពាក់ព័ន្ធបានអញ្ជើញចូលរួមក្នុងពិធីប្រកាសទទួលស្គាល់សមាជិកដៃគូសហប្រតិបត្តិការរបស់វេទិកាសម្ព័ន្ធសង្គមស៊ីវិលប្រចាំខេត្តកំពង់ធំ ព្រឹកថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៣ នៅសណ្ឋាគាររ៉ូយ៉ាល់កំពង់ធំ។
លោក ង៉ោ សិទ្ធិគុណ បានលើកឡើងពី វេទិកាសម្ព័ន្ធសង្គមស៊ីវិលត្រូវបានបង្កើតឡើងតាមរយៈអនុក្រឹត្យលេខ១២៨ អនក្រ.បក ចុះថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៦ ក្រោមការចង្អុលបង្ហាញពីសម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា និងដឹកនាំផ្ទាល់បង្កើតសា្ថប័នដោយសម្តេចវិបុលបញ្ញ សុខ អាន ។
លោក កឹមរ័ត្ន វិសិដ្ឋ បានមានប្រសាសន៍ថា ស្ថាប័នដែលត្រូវបានរាជរដ្ឋាភិបាល ប្រគល់តួនាទីឱ្យសម្របសម្រួលការងាររវាង រាជរដ្ឋាភិបាលនិងអង្គការសង្គមស៊ីវិល ដើម្បីសម្រេចឱ្យបាននូវសុខដុមនីយកម្មសង្គមស៊ីវិលនៅកម្ពុជា លើកកម្ពស់តួនាទី និងការចូលរួមរបស់អង្គការសង្គមស៊ីវិល ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការកាត់បន្ថយភាពក្រីក្រ និងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ។ រៀបចំវេទិកាសន្ទនា និងការពិគ្រោះពិភាក្សាអំពីបញ្ហានានា ដែលកំពុងប្រឈម ដើម្បីប្រមូលផ្តុំនូវមតិយោបល់សំដៅ ស្វែងរកដំណោះស្រាយ។ លោក កឹមរ័ត្ន វិសិដ្ឋ បានបន្តទៀតថា បានពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការ រវាងរាជរដ្ឋាភិបាល បណ្តាអង្គការសង្គមស៊ីវិលជាតិ និងអន្តរជាតិ តាមរយៈការបង្កើតបណ្ដាញភាពជាដៃគូជាមួយអង្គការសង្គមស៊ីវិលនានា សំដៅចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការថែរក្សាសុខសន្តិភាព ការលើកកម្ពស់សុខុមាលភាពប្រជាពលរដ្ឋ និងការអភិវឌ្ឍសេដ្ឋកិច្ច សង្គមប្រកបដោយបរិយាប័ន្ន។
លោក កឹមរ័ត្ន វិសិដ្ឋ បានផ្តាំផ្ញើដល់អ្នកចូលរួមទាំងអស់ និងអរគុណចំពោះអង្គការសង្គមស៊ីវិល ដែលសម្រេចចិត្តចូលរួមជាមួយ វេទិកាសម្ព័ន្ធសង្គមស៊ីវិល ដើម្បីពង្រឹងសាមគ្គីភាពផ្ទៃក្នុង ក៏ដូចជាចូលរួមចំណែកក្នុងការជំរុញការអភិវឌ្ឍសង្គមសេដ្ឋកិច្ចឱ្យមានការរីកចម្រើន។មានឱកាសទៅទស្សនកិច្ចសិក្សានៅតាមបណ្ដាប្រទេសជាមិត្ត ដើម្បីស្វែងយល់ពីការចូលរួមរបស់អង្គការសង្គមស៊ីវិលនៅក្នុងការអភិវឌ្ឍ ទទួលបានការលើកទឹកចិត្ត តាមរយៈការផ្តល់ប័ណ្ណសរសើរ និងគ្រឿងឥស្សរិយយសរាជរដ្ឋាភិបាល តាមទំហំសកម្មភាពអភិវឌ្ឍ និងស្នាដៃ៕/R