ដោយ៖ សុវណ្ណកុម្ភៈ/ភ្នំពេញ៖ ព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេមលើកទី១២ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនឹងបិទបញ្ចប់នាល្ងាចនេះហើយ។ នៅក្នុងការប្រកួតនេះកម្ពុជាដណ្ដើមបានមេដាយសរុបចំនួន៧០គ្រឿងដែលក្នុងនោះមេដាយមាស៩គ្រឿង ប្រាក់១៨គ្រឿងនិង សំរិទ្ធ៤៣គ្រឿង។ឥណ្ឌូនេស៊ីឈរចំណាត់ថ្នាក់លេខ១ដោយមានមេដាយសរុប៤០១គ្រឿង គឺមាស១៥៩គ្រឿង ប្រាក់១៤៨គ្រឿង និងសំរិទ្ធ៩៤គ្រឿង។

ឡាវឈរនៅចំណាត់ថ្នាល់លេខ១១ដោយមានមេដាយប្រាក់២គ្រឿងនិងសំរិទ្ធ៩គ្រឿង។

លោក យី វាសនា អគ្គលេខាធិការនៃ គណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជាបានមានប្រសាសន៍ថា តាមការវាយតម្លៃពីក្រុមអ្នកជំនាញព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ា ហ្គេមលើកទី១២ នៅកម្ពុជាបានប្រព្រឹត្តទៅប្រកបដោយជោគជ័យ ១០០ភាគរយ។ មិនថាតែនៅក្នុងតំបន់អាស៊ីអាគ្នេយ៍អាស៊ីឬពិភពលោកទាំងមូលនោះទេកីឡាគឺត្រូវការនូវការរួបរួមគ្នាពីគ្រប់ក្រុមអ្នកជំនាញហើយលោកគិតថា ការវាយតម្លៃអំពីការប្រព្រឹត្តទៅទាំងមូលនៃព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២នៅកម្ពុជានេះពិតជាទទួលបានជោគជ័យ ១០០ភាគរយ។ គ្រប់គ្នាសប្បាយរីករាយជាមួយព្រឹត្តិការណ៍នេះ។គ្រប់ក្រុមការងារនិងគណៈកម្មការ បច្ចេកទេសទាំងអស់ធ្វើការងារជាមួយគ្នាបានយ៉ាងល្អប្រសើរហើយយើងកោតសរសើរដល់គណៈកម្មការបច្ចេកទេសទាំងអស់របស់បណ្តាប្រទេសនៅអាស៊ានដែលបានរួមគ្នាសម្រេចបាននូវជោគជ័យមួយនេះ ដោយយើងមិនអាចធ្វើវាបានតែម្នាក់ឯងនោះទេ។ លោកបានបន្តថា អ្វីដែលជាទីចាប់អារម្មណ៍ទៀតនោះយើងឃើញថាទាំងក្រុមការងារអត្តពលិកនិងអ្នក ទស្សនាសប្បាយរីករាយនឹងការប្រកួតហើយពួកគេបានច្រៀងរាំបន្ទាប់ពីចប់ការប្រកួត និងអបអរសាទរចំពោះជ័យជំនះរបស់អត្តពលិកពិការមកពីគ្រប់ប្រទេសមិនថាប្រទេសណាឬប្រទេសណាទេដែលនេះជាការបង្ហាញនូវសាមគ្គីភាពភារតភាពការរួបរួមនិងសេចក្តីស្រឡាញ់លើសពីការប្រកួតចាញ់ឈ្នះហើយនេះជាអ្វីដែលកម្ពុជាចង់ឃើញនិងចង់បានស្របទៅតាមពាក្យស្លោក «កីឡារស់ក្នុងសន្តិភាព» និង «Beyond The Games»។

លោកក៏បានបញ្ជាក់ថាកត្តារួមផ្សំដែលនាំមកនូវជោគជ័យ ដ៏ត្រចះត្រចង់នេះដោយ សារយើងបានត្រៀមរៀបចំយ៉ាងល្អប្រសើរនូវហេដ្ឋារចនាសម្ព័ន្ធកីឡាដូចជាពហុកីឡដ្ឋានជាតិមរតកតេជោដែលជាទីតាំងចម្បងនិងទីលានប្រកួតនានាដែលត្រូវបានរៀបចំយ៉ាងពេញលេញសម្រាប់ការប្រកួតរាប់រយវិញ្ញាសានិងសូម្បីតែការប្រកួតកីឡា មួយចំនួននៅតាមបណ្តាខេត្តកាលពីព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ ក៏យើងបានត្រៀមរៀបចំបានយ៉ាងល្អទៀតផង៕/R