ប្រែ​សម្រួលៈ​បំណង​(​ដេល្លី​ម៉េល​)៖ ទាហាន ប៉ូលិស​និង​បុគ្គលិក​ជួយសង្គ្រោះ​ហ្វីលីពីន កំពុង​ជម្លៀស​អ្នកស្រុក​នៅ​ក្បែរ​ភ្នំភ្លើង​ម៉ា​យ៉ុន​(Mayon)​ទាំង​បង្ខំ​កាលពី​ថ្ងៃ​សុក្រ នៅពេល​វា​កាន់តែ​កម្រើក​​ដែល​បង្ហាញ​សញ្ញា​ថាភ្នំភ្លើងនេះ​ប្រុង​ផ្ទុះ​នៅ​ប៉ុន្មាន​ថ្ងៃ​ឬ​ប៉ុន្មាន​សប្តាហ៍​ខាងមុខ​។​

​តំបន់​ចម្ងាយ​ប្រាំមួយ​គីឡូម៉ែត្រ​ពី​មាត់​ភ្នំភ្លើង ត្រូវបាន​ចាត់ទុក​ជា​កន្លែង​ហាមឃាត់ ដោយសារ​តែ​លទ្ធភាព​វាយប្រហារ​ពី​ផេះ កំអែ​ភ្នំភ្លើង​និង​ការធ្លាក់​ចុះ​ដុំថ្ម​រួមទាំង​វត្ថុ​គ្រោះថ្នាក់​ផ្សេង​មកលើ​។​តែ​​ពួក​អ្នក​ភូមិ​ក្រីក្រ បាន​សាងសង់​ផ្ទះ​និង​បង្កើត​កសិដ្ឋាន​នៅ​តំបន់​គ្រោះថ្នាក់​ពី​ការផ្ទុះ​ភ្នំភ្លើង​នេះ​អស់​ពេល​រាប់​ឆ្នាំ​មកហើយ​។​

​ប្រធានាធិបតី ហ្វែរ​ឌីណ​ង់ ម៉ាកូ​ស ជូនៀ បាន​និយាយថា ការជម្លៀស​អ្នកស្រុក​ចេញពី​តំបន់​គ្រោះថ្នាក់​កំពុង​ធ្វើ​ឡើង​និង​បាន​សន្យា​ផ្តល់​ជំនួយ​ដល់​អ្នក​ត្រូវបាន​ជម្លៀស​រហូតដល់​ចប់​វិបត្តិ​។​

​លោក​ម៉ាកូស​បាន​ប្រាប់​អ្នកយកព័ត៌មាន​ថា​«​ឥឡូវ អ្វី​ដែល​យើង​កំពុង​ធ្វើ​គឺ​ត្រៀម​និង​រើ​ប្រជាជន​ចេញពី​តំបន់​នោះ​អោយទាន់ពេល​…​។​ខ្ញុំ​រំពឹងថា​វា​នឹង​មិន​កើត​ឡើង តែ​ជា​អកុសល វិទ្យាសាស្ត្រ​ប្រាប់​​យើង​ថា​វា​អាច​កើត​ឡើង​ដោយសារ​គម្រប​ភក់​ភ្នំភ្លើង​លើ​កំពូលភ្នំ​កើនឡើង​សន្សឹមៗ​»​។​

​អាជ្ញាធរ​ក្នុងពេល​ជាមួយគ្នា​បាន​បង្កើន​កំរិត​ព្រមាន​សំរាប់​ភ្នំ​ភ្លើ​នៅក្នុង​ខេត្ត អាល់​បេ​(Albay)​នេះ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ក្រោយ​វា​បញ្ចេញ​ចំហា​យក្តៅ កំទេចកំទី​និង​ដុំថ្ម​ក្រហម​ធ្លាក់​ចុះ​តាម​ជម្រាល​ភ្នំ​​ប៉ែក​ខាងលើ ដែល​នេះ​ជា​សញ្ញា​បង្ហាញ​សកម្មភាព​នៅ​ក្រោម​ផ្ទៃ​លើ​ដែល​អាច​នឹង​ផ្ទុះ​បង្ក​គ្រោះថ្នាក់​។​

​ភ្នំភ្លើង​ម៉ា​យ៉ុន បាន​បាញ់​ផ្សែង​ពណ៌​ស​កាលពី​ថ្ងៃ​ព្រហស្បតិ៍

​ភ្នំភ្លើង​កំពស់​២.៤៦២​ម៉ែត្រ​នេះ​បាន​ផ្ទុះ​លើកចុងក្រោយ​កាលពី​ឆ្នាំ​២០១៨ ដោយ​នាំ​អោយមាន​ការជម្លៀស​ម​នុស្ស​ចេញ​រាប់​ពាន់​នាក់​៕