ដោយ:បូកគោ/កំពត: ក្នុងជំនួបសួរសុខទុក្ខ និងបំពាក់គ្រឿងឥស្សរិយយសជូនអតីតយុទ្ធជននៅសាលសន្និសីទខេត្តកំពតនាព្រឹកថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៣ លោក គន់ គីម បានស្នើសុំដល់អាជ្ញាធរឃុំសង្កាត់ ស្រុកក្រុងជួយពិនិត្យ និងផ្ដល់ប័ណ្ណក្រីក្រជូនគ្រួសារអតីតយុទ្ធជនដើម្បីបានទទួលការព្យាបាលជំងឺដោយឥតគិតថ្លៃ។

លោក គន់ គីម អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជាបានមានប្រសាសន៍ថា កន្លងមករាជរដ្ឋាភិបាល ក៏ដូចជាសមាគមអតីតយុទ្ធជនកម្ពុជាបានយកចិត្តទុកដាក់ក្នុងការដោះស្រាយបញ្ហាលំបាកជាច្រើនជូនអតីតយុទ្ធជន។ ក្នុងនោះមានការផ្តល់ប័ណ្ណព្យាបាលសុខភាព ការដំឡើងប្រាក់ខែ ជួយផ្តល់ដីធ្លី និងផ្ទះសម្បែងជាដើម។ មកដល់ពេលនេះ អតីតយុទ្ធជនជាង៤.០០០ពាន់គ្រួសារនៅទូទាំងប្រទេសបានទទួលរួចហើយ និងជាង៤.០០០ពាន់គ្រួសារទៀតកំពុងដោះស្រាយ។

លោកអគ្គលេខាធិការបានបន្តថា សម្រាប់ខេត្តកំពតនៅមានជាង៦០០គ្រួសារដែលមិនទាន់បានទទួល។

កិច្ចការងារនេះ លោក ម៉ៅ ធនិន ប្រធានកិត្តិយសសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពតកំពុងខិតខំដោះស្រាយហើយ។

លោក គន់ គីម បានបញ្ជាក់ថា ទោះជាបែបនេះក្តី លោកសង្កេតឃើញចំណុចខ្វះខាតមួយដែលតែងកើតមានជាញឹកញយ នោះគឺគ្រួសារអតីតយុទ្ធជនគ្មានលទ្ធភាពព្យាបាលជំងឺពេលឈឺថ្កាត់ម្តងៗ ដូច្នេះ លោកស្នើសុំដល់អាជ្ញាធរជួយពិនិត្យលទ្ធភាព និងផ្តល់ប័ណ្ណក្រីក្រជូនគ្រួសារអតីតយុទ្ធជនផង។ តាមរបាយការណ៍របស់សមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពតបានឱ្យដឹងថា ខេត្តកំពតមានបងប្អូនអតីតយុទ្ធជន៤.៣៥៦នាក់។ ក្នុងនោះជនពិការចំនួន១.៦៤៨នាក់ និវត្តន៍ជន ១.១៩៩នាក់ ជនបាត់បង់សមត្ថភាព៣៣នាក់ គ្រួសារជនពលី ១.៣៧៧នាក់ និងគ្រួសារជនមរណភាពចំនួន៩៧នាក់៕/R