ដោយ៖តារារិទ្ធ/ភ្នំពេញ៖សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជានិងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែននៅល្ងាចថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៣នេះនឹងអញ្ជើញជាអធិបតីបិទជាផ្លូវការព្រឹត្តិការណ៍ប្រកួតកីឡាជនពិការអាស៊ានប៉ារ៉ាហ្គេមលើកទី១២ នៅពហុកីឡដ្ឋានជាតិមរតកតេជោ ។

ពិធីនេះនឹងប្រព្រឹត្តយ៉ាងមហោឡា​រិកដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំជាន់ខ្ពស់់នៃរាជរដ្ឋាភិបាលកម្ពុជាប្រតិភូ​កី​ឡាជនមានពិការភាពអាស៊ាន ភ្ញៀវជាតិ អន្តរជាតិ អត្តពលិកជនមានពិការភាពនិង​មហា​ជនប្រមាណ៧ ម៉ឺននាក់។

នៅក្នុងកម្មវិធីបិទនាល្ងាចនេះក៏មានកម្មវិធីសម្ដែងចម្រៀង«កម្ពុជាចែងចាំង»ដោយក្រុមកុមារសាលាមធ្យមសិល្បៈ,ការសម្ដែងការអប់រំកាយគុនល្បុក្ក តោ,ដង្ហែក្បួនអត្តពលិកជនពិការ,សម្ដែងចម្រៀង «ភាសាបេះដូង»,ដង្ហែក្បួនអ្នកស្ម័គ្រចិត្ត,ទស្សនាវីដេអូខ្លី៣នាទី,ពិធីពន្លត់ភ្លើងគប់,ពិធីបង្ហូតទង់ចុះ (APSF),ពិធីផ្ទេរទង់ (APSF)និងគោ រពទង់ជាតិថៃ,ការសម្ដែងទស្សនីយភាពស្វាគមន៍ប៉ារ៉ាហ្គេមលើកទី១៣របស់ថៃ, សិល្បៈចម្រៀងខ្មែរ,ចម្រៀង«កម្ពុជាសូមអរគុណ»និងអុជកាំជ្រួចអប​អរសាទររយៈពេល ៥ នាទី។

ព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេមលើកទី១២បានត្រូវធ្វើឡើងចាប់ពីថ្ងៃទី៣ដល់ថ្ងៃទី៩ ខែមិថុនាឆ្នាំ២០២៣ដោយមាន​ប្រទេសចូលរួម​​ទាំង១១ នៅអាស៊ីអាគ្នេយ៍ ។ការប្រកួតកីឡា អាស៊ានប៉ារ៉ាហ្គេមលើកទី១២ នៅកម្ពុជាគឺមានកីឡា ១៣ប្រភេទនិងកីឡាបង្ហាញ១ប្រភេទ (មិនគិតមេដាយក្នុងតារាងមេដាយ) ត្រូវបាន ដាក់ឲ្យប្រកួតរួមមានកីឡាអត្តពលកម្ម ជនពិការ,ហែលទឹកជនពិការ,បាល់បោះរទេះ,បាល់ទះអង្គុយ,វាយកូនឃ្លីលើតុជនពិការ,វាយសីជនពិការ,បាល់ទាត់ ជនពិការភ្នែក,បាល់ទាត់ចលករខួរក្បាល, បាល់បោះជនពិការ, លើកទម្ងន់ជនពិការ, យូដូជនពិការ, បូស្យា និងកីឡាអុក ។ រីឯកីឡាបង្ហាញ គឺកីឡាអេឡិច ត្រូនិកច (E-Sports)។ សរុបវិញ្ញាសាប្រកួតទាំងអស់ គឺមាន ៤២៩វិញ្ញាសា។

គិតត្រឹមម៉ោង១២៖០០នាទីថ្ងៃត្រង់នាថ្ងៃទី០៩ ខែមិថុនានេះម្ចាស់ផ្ទះកម្ពុជាកើនមេដាយសរុប៧០គ្រឿងឈរលេខរៀងទី៨រួមមាន៖មេដាយមាស៩,ប្រាក់ ១៨ និងសំរឹទ្ធ ៤៣គ្រឿង, ខណៈក្រុមឥណ្ឌូនេស៊ីនៅតែឈរនាំមុខកំពូលតារាងដោយបន្តរកបានមេដាយសរុប៤០១គ្រឿង,ប្រទេសថៃបានមេដាយសរុប ៣២៨ គ្រឿងនៅលំដាប់ទី២ ,វៀតណាមនៅលេខរៀងទី៣មានមេដាយ ២០១ គ្រឿង,បន្តដោយប្រទេសម៉ាឡេស៊ី ១២៣ គ្រឿង ,ហ្វីលីពីនរកបានមេដាយ ១១៦ គ្រឿង ,មីយ៉ាន់ម៉ារកបានមេដាយ ៥៧ គ្រឿង,សាំងហ្គាពួរ ៤៤ គ្រឿង,ប្រ៊ុយណេ ៨ គ្រឿង,ទីម័រលេស្ត ៧ គ្រឿង និង ឡាវ ១១ គ្រឿង នៃព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣។

បន្ទាប់ពីបញ្ចប់ការធ្វើជាម្ចាស់ផ្ទះរបស់កម្ពុជានៅឆ្នាំ២០២៣នេះភារកិច្ចបន្ដត្រូវបានប្រគល់ជូនប្រទេសថៃដើម្បីធ្វើជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍ប្រកួតកីឡា ជនពិការអាស៊ានប៉ារ៉ា ហ្គេមលើកទី១៣ ឆ្នាំ២០២៥៕