ដោយៈ តារារិទ្ធ / ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៣ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជួបសំណេះសំណាល ជាមួយកម្មករ កម្មការិនី សរុប ១៦.២៧២ នាក់ មកពីរោងចក្រ សហគ្រាស ចំនួន១២ នៅស្រុកក ណ្តាលស្ទឹង ខេត្តកណ្តាល ។ ជំនួបសំណេះសំណាលនេះ ធ្វើឡើងនៅរោងចក្រ លីន វេន ជី សាន់បូ អេនធើប្រាយ (LIN WEN CHIH SUN BOW ENTERPRISE)។

លោក អុិត សំហេង រដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឱ្យ​ដឹងថាៈ រោងចក្រ សហគ្រាសទាំង ១២ នេះ ជាប្រភេទរោងចក្រកាត់ដេរសម្លៀក បំពាក់​ចំនួន៧, ផលិតស្បែកជើងចំនួន២, ប៉ាក់ព្រីនសម្លៀកបំពាក់ចំនួន២ និង ផលិតផលធ្វើដំណើរ និងកាបូបចំនួន១។ ផលិតផលរបស់រោងចក្រទាំងនេះ គឺនាំចេញទៅទីផ្សារអន្តរជាតិ ជាពិសេសសហគមន៍អឺរ៉ុប សហរដ្ឋអាមេរិក ប្រទេស​កាណាដា ប្រទេសជប៉ុន ។ល។

នៅឆ្នាំ២០២៣ នេះ ខេត្តកណ្តាល មានរោងចក្រ សហគ្រាស ចំនួន ៤៨៣ មាន កម្មករ​និយោ​ជិត ជាង ១៥ ម៉ឺន​នាក់។ ក្នុងនោះ រោងចក្រសហគ្រាសវិស័យកាត់ដេរ​ចំនួន ១៧១ មានកម្មករ និយោជិត​សរុបជាង ១៣២.០០០ នាក់។ ខេត្តកណ្តាល ជាខេត្តទី៣ ដែលមានការអភិវឌ្ឍរោងចក្រ សហគ្រាសច្រើន ។

ក្នុងជំនួបជាមួយកម្មករ កម្មការិនីជុំទី២ កាលពីថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៣ កន្លងទៅ សម្ដេចតេជោ បានប្រកាសអនុវត្តកម្មវិធីចាស់ សកម្មភាពថ្មី និងបន្ថែមវិសាល​ភាពដល់កម្មការិនី ដែលមានផ្ទៃពោះនិងកុមារអាយុ ២ឆ្នាំ ។

ជំនួបថ្ងៃនេះ គឺជាជំនួបលើកទី៨ហើយ សម្រាប់ជុំទី២នេះ ។ ជំនួប៨លើកនេះ មានកម្មករ និយោជិត សរុបប្រមាណ ១៤៧.០០០ នាក់។ សម្តេចតេជោ គ្រោងជួប កម្មករ ចំនួន១១ លើកទៀត ដែលនឹងមានកម្មករ និយោជិត ចូលរួមសរុបប្រមាណ ១៨៨.០០០ នាក់ទៀត។

គូររំលឹកជូនថា សម្តេចតេជោ បានចុះជួបកម្មករ កម្មការិនីជុំទី១ កាលពីថ្ងៃទី២០ ខែសីហា ឆ្នាំ២០​១៧ ដល់ថ្ងៃទី១ ខែឧសភា ឆ្នាំ២០១៩ សម្តេចតេជោ បានជួបសំ ណេះសំណាល​ជាមួយកម្មករ និយោជិត ចំនួន៧៧ លើក ដែលមានកម្មករ និយោជិត​ចំនួនប្រមាណ ១លាននាក់។

ជំនួបក្នុងជុំទី១ សម្តេចតេជោ នាយករដ្ឋមន្ត្រី បានផ្ដល់អនុសាសន៍គន្លឹះ១០ ចំណុច ដែលបានសម្រួលដល់បរិយាកាសវិនិយោគ, ផ្តល់នូវការលើកកម្ពស់សិទ្ធិអត្ថប្រយោ​ជន៍ និងកិច្ចគាំពារសង្គមយ៉ាងច្រើន ដល់បងប្អូនកម្មករ និយោជិត ហើយដែលក្រសួងការ​ងារ និងបណ្តុះ បណ្តាលវិជ្ជាជីវៈ បាននិងកំពុងសហការ ជាមួយក្រសួង ស្ថាប័ន អនុវត្តបានជោគជ័យ៕/V/R