ប្រែសម្រួលៈបំណង(ដេល្លីម៉េល)៖ ប្រធានាធិបតីកូឡុំប៊ីលោកហ្គូស្តាវ៉ូ ប៉េត្រូ(Gustavo Petro)បាននិយាយកាលពីថ្ងៃសុក្រថា អាជ្ញាធរបានរកឃើញក្មេងនៅមានជីវិតបួននាក់ពីការធ្លាក់យន្តហោះធុនតូចមួយកាលពី៤០ថ្ងៃមុន នៅក្នុងព្រៃអាម៉ាហ្សូននៅជាយព្រំដែនកូឡុំប៊ី។
ក្មេងទាំងនេះនៅតែឯងនៅពេលក្រុមអ្នកស្វែងរកបានប្រទះឃើញពួកគេនិងឥឡូវកំពុងទទួលការព្យាបាលវេជ្ជសាស្ត្រ នេះបើតាមលោកប៉េត្រូប្រាប់អ្នកយកព័ត៌មានពេលលោកវិលពីប្រទេសគុយបាមកដល់រដ្ឋធានីបូហ្គោតា(Bogota)វិញ។
លោកប្រធានាធិបតីបាននិយាយថា ក្មេងៗទាំងនេះជា«គំរូនៃការរស់រាន»មួយហើយ«ខ្ញុំគិតថាដំណើររឿងរបស់ពួកគេនឹងត្រូវចងចាំក្នុងប្រវត្តិសាស្ត្រ»។
យន្តហោះបានធ្លាក់កាលពីថ្ងៃ១ឧសភា នៅពេលយន្តហោះម៉ាស៊ីលទោលសេស្នា(Cessna)ជាមួយនឹងអ្នកដំណើរប្រាំមួយនាក់និងអ្នកបើកម្នាក់បានប្រកាសអាសន្នដោយសារខូចម៉ាស៊ីន។វាបានបាត់ចេញពីរ៉ាដាភ្លាមនិងប្រតិបត្តិការស្វែងរកមួយបានចាប់ផ្តើម។មនុស្សធំបីនាក់បានស្លាប់ក្នុងហេតុការណ៍ធ្លាក់យន្តហោះនេះនិងសាកសពរបស់គេត្រូវបានរកឃើញនៅកន្លែងធ្លាក់៕
រូបភាពបញ្ចេញដោយការិយាល័យសារព័ត៌មានកងកម្លាំងប្រដាប់អាវុធកូឡុំប៊ី បង្ហាញទាហាននិងបុរសជនជាតិដើម ឈរក្បែរកុមារដែលនៅមានជីវិត និងយន្តហោះដែលធ្លាក់នៅក្នុងព្រៃជ្រៅក្នុងរដ្ឋកាកេតា ប្រទេសកូឡុំប៊ីកាលពីថ្ងៃសុក្រ