ដោយ: បូកគោ / កែប: អយ្យការអមសាលាដំបូងខេត្តកែប បានចោទបុរស ៤នាក់ ពីបទកាប់រានដីព្រៃ ដោយគ្មានលិខិតអនុញ្ញាត រួចបញ្ជូនឱ្យចៅក្រមស៊ើបសួរ បន្តនីតិវិធី។ ការចោទប្រកាន់នេះ បានធ្វើឡើង បន្ទាប់ពីកម្លាំងនគរបាលខេត្តកែប បញ្ជូនដល់ កាលពីព្រឹកថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៣។

សូមបញ្ជាក់ថា បុរសត្រូវចោទ រួមមាន ១. ឈ្មោះ ឈឹម រុី អាយុ ៤២ឆ្នាំ, ២. ឈ្មោះ ណា ខុម អាយុ ២៤ឆ្នាំ, ៣. ឈ្មោះ បេ វ៉ាន់ អាយុ ៥៣ឆ្នាំ, ៤. ឈ្មោះ ខូវ ផូង អាយុ ៤៥ឆ្នាំ។ ទាំង៤នាក់ មានទីលំនៅ នៅភូមិអូរស្លែង ឃុំដំណាក់កន្ទួតខាងជើង ស្រុកកំពង់ត្រាច ខេត្តកំពត។

អ្នកនាំពាក្យ នៃអយ្យការអមសាលាដំបូងខេត្តកែប បានប្រាប់ឱ្យដឹង នារសៀលថ្ងៃទី៩ ខែមិថុនានេះថាៈ បុរស៤នាក់ ដែលសមត្ថកិច្ច បាននាំមកដល់សាលាដំបូង ត្រូវអយ្យការចោទប្រកាន់ រួចបញ្ជូនទៅចៅក្រមស៊ើបសួរហើយ។ អ្នកទាំង៤ ទទួលរងនូវ ការចោទពីបទ កាប់រានដីព្រៃដោយគ្មានលិខិតអនុញ្ញាត។

សូមរំលឹកថា កាលពីថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៣ កម្លាំងសមត្ថកិច្ចចម្រុះ បានឃាត់ ខ្លួនបុរស៤នាក់ ដែលកំពុងកាប់ឆ្ការព្រៃសហគមន៍ នៅចំណុចភូមិចំការបី ឃុំពងទឹក ស្រុកដំណាក់ចង្អើរ ខេត្តកែប។ ពេលសមត្ថកិច្ចស្រុកដំណាក់ចង្អើរ សាកសួរ ជនសង្ស័យទាំងនោះ បានសារភាពថា ពួកខ្លួនត្រូវស្ត្រីឈ្មោះ សិទ្ធ ច្រយ រស់នៅរាជធានីភ្នំពេញ ជួលក្នុងតម្លៃ ១ហិកតា ៣០០ ដុល្លារ។ បន្ទាប់ពីធ្វើកំណត់ហេតុរួចរាល់ នៅថ្ងៃទី៨ ខែមិថុនា កម្លាំងអធិការដ្ឋានស្រុកដំណាក់ ចង្អើរ ក៏នាំយកជនសង្ស័យ ទៅស្នងការដ្ឋានខេត្តកែប ដើម្បីចាត់ការបន្ត។ លុះព្រឹក ថ្ងៃទី៩ ខែមិថុនា ក្រោយបំពេញសំណុំបែបបទរួចរាល់ នគរបាលនៃស្នងការដ្ឋានខេត្ត កែប ក៏បញ្ជូនបុរសសង្ស័យទាំង៤នាក់ មកកាន់សាលាដំបូងអនុវត្តនីតិវិធីតែម្តង៕/V/R