ដោយៈ ចាន់តូ / ភ្នំពេញៈ បុរសម្នាក់ បានបាត់បង់ជីវិត បន្ទាប់ពីបើក ម៉ូតូលឿន ចាំងភ្លើងរថយន្ត ជិះបញ្ច្រាសទិស ក៏ងាកចង្កូតមកស្ដាំដៃ ជ្រុលទៅបុករថយន្ត ដែលចតស្ងៀម យ៉ាងពេញទំហឹង កាលពីវេលាម៉ោង ៨ យប់ថ្ងៃសុក្រ ទី៩ ខែមិថុនា ឆ្នាំ២០២៣ តាមបណ្ដោយផ្លូវឧកញ៉ា ឌី ប៉ុក ក្នុងសង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។
ជនរងគ្រោះ មានឈ្មោះ ហេង គឹមហ៊ុន ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបរតៃកុងអាប៊ុល ធ្វើផ្លូវ (បើកបរឲ្យក្រុមហ៊ុន) ស្នាក់នៅបន្ទប់ជួល គីឡូម៉ែត្រ លេខ១៦ ខណ្ឌព្រែកព្នៅ និងមានស្រុកកំណើត នៅភូមិខ្យង ឃុំខ្យង ស្រុកជ័យសែន ខេត្តព្រះវិហារ។ បុរសនេះ ជិះម៉ូតូម៉ាកហុងដា ស្គុបពី ពណ៌ក្រហម ស៊េរីឆ្នាំ២០២២ ពាក់ផ្លាកលេខ ភ្នំពេញ 1KC.2577 ជិះតែម្នាក់ឯង។ ចំណែកឯរថយន្តគឺម៉ាកហ៊ីយាន់ ដាយ ធុនធំ ក្បាលពណ៌ទឹកប្រាក់ ពាក់ផ្លាកលេខ ត្បូងឃ្មុំ 3 A.22:39 ដែលចត លើទ្រូងផ្លូវ។
តាមប្រភពពីអ្នកដែលឃើញហេតុការណ៍ បាន ប្រាប់ឲ្យដឹងថាៈ ដំបូងឡើយ គាត់ឃើញ រថយន្តធុនធំ ឈប់តម្រៀបជួរគ្នា ខាងឆ្វេង មួយជូរខាងស្ដាំ មួយជួរអមសងខាងផ្លូវ ដោយសារសមត្ថកិច្ច មិនឲ្យឆ្លងកាត់ស្ពានព្រែកព្នៅ ពីព្រោះមានក្បួនឆ្លងកាត់ ក៏បិទឱ្យ រថយន្តចត រហូតដល់អស់ក្បួន បានឱ្យឆ្លងកាត់។ ខណៈពេលនោះ ក៏ស្រាប់តែមាន បុរសម្នាក់ បើកម៉ូតូហុងដា ស្គុបពី តាមបណ្ដោយផ្លូវឧកញ៉ា ឌី ប៉ុក ទិសដៅពីខាងលិច មកខាងកើត យ៉ាងលឿន។ ខណៈមកដល់ចំណុចកើតហេតុខាងលើ ទំនងជាស្រវាំងភ្នែក ដោយការចាំងភ្លើង រថយន្ត ដែលជិះមកពីមុខ បុរសនោះក៏ងាកចង្កូតមកស្ដាំដៃ គួបផ្សំផ្លូវងងឹតផង ក៏ជ្រុលទៅបុករថយន្ត ពីក្រោយចំកាងដែក ដែលចតលើទ្រូងផ្លូវ យ៉ាងពេញទំហឹង បណ្តាលឲ្យបែកមុខស្លាប់ភ្លាមៗ នៅហ្នឹងកន្លែងកើតហេតុ។ អ្នកបើករថយន្តធុនធំ ឃើញសភាពមិនស្រួល បានគេចខ្លួន ចេញពីកន្លែងកើតហេតុ បាត់តែម្ដង។
តាមសម្ដីប្រពន្ធ បានរៀបរាប់ប្រាប់ថាៈ ប្ដីរបស់គាត់ ចេញពីកន្លែងធ្វើការ គោលបំណង ទៅយកគាត់ធ្វើការរោងចក្រ នៅសង្កាត់ព្រែកលាប ដើម្បីទៅបន្ទប់ជួលទាំងអស់គ្នា ដោយបានតេប្រាប់គាត់ថា ១០ នាទីទៀត គាត់នឹងទៅដល់។ ស្រាប់តែទទួលទូរស័ព្ទ លើកទីពីរ សមត្ថកិច្ចតេប្រាប់ថា ប្ដីរបស់គាត់ជួបគ្រោះថ្នាក់ចរាចរណ៍ បានបាត់បង់ជីវិត ទៅហើយ។ គាត់ក៏បានមកដល់កន្លែងកើតហេតុ បានយំសោក បោកខ្លួនបានរៀបរាប់ ប្រាប់ថា ប្ដីរបស់គាត់ថា ឲ្យទ្រាំបន្តិចទៅ គាត់នឹងប្រឹងរកលុយ ដើម្បីទិញផ្ទះឱ្យប្រពន្ធ កូន រស់នៅយ៉ាងស្រួល។ តែពេលនេះ បានស្លាប់ចោលកូនទាំងពីរនាក់ កូនទី១ អាយុ ១៣ឆ្នាំ និងកូនទី២ អាយុ ១០ឆ្នាំ ឲ្យនៅកំព្រាទាំងខ្លួននៅក្មេងវ័យ។
ក្រោយពីកើតហេតុ សមត្ថកិច្ចជំនាញ ចុះមកវាស់វែងយកមធ្យោបាយទាំងពីរគ្រឿង ទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាល រាជធានី ភ្នំពេញ រង់ចាំដោះស្រាយគ្នា នៅពេលក្រោយ។ ចំណែកសព សមត្ថកិច្ចធ្វើកំណត់ ហេតុរួច ប្រគល់ឱ្យប្រពន្ធដឹកទៅស្រុកកំណើត ធ្វើបុណ្យតាមប្រពៃណី៕/V/R