ដោយៈ បាយ័ន / សៀមរាបៈ នៅថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៣ នេះ ជាថ្ងៃទី៣ ហើយ ដែលក្រុមអ្នកជំនាញការ ចំពោះកិច្ចអាដហុក នៃគណៈកម្មាធិការអន្តរជាតិ សម្របសម្រួលកិច្ចគាំពារ និងអភិវឌ្ឍន៍ តំបន់រមណីយដ្ឋាន ប្រវត្តិសាស្រ្តអង្គរ ហៅកាត់ថា អាយ ស៊ីស៊ី-អង្គរ (ICC-Angkor) ដោយមានការចូលរួមពី លេខាធិការដ្ឋាន អាយ ស៊ី ស៊ី-អង្គរ ថ្នាក់ដឹកនាំ និងមន្រ្តីអាជ្ញាធរជាតិអប្សរា ផងនោះ បានអញ្ជើញចុះត្រួតពិនិត្យការងារជួសជុល នៅតាមការដ្ឋានប្រាសាទមួយចំនួន នៅក្នុងតំបន់រមណីយដ្ឋានអង្គរ។

ប្រភពអាជ្ញាធរអប្សរានៅព្រលប់ថ្ងៃទី០៩ ខែមិថុនានេះបានឱ្យដឹងថា ក្នុងរយៈមួយថ្ងៃនេះ ក្រុមអ្នកជំនាញ អាយ ស៊ីស៊ី-អង្គរ (ICC-Angkor) លេខាធិការដ្ឋាន អាយ ស៊ី ស៊ី-អង្គរ ថ្នាក់ដឹកនាំ និងមន្រ្តីអាជ្ញាធរជាតិអប្សរា បានបន្តចុះពិនិត្យនៅតាមការដ្ឋានមួយចំនួនរួមមាន៖ ប្រាសាទភ្នំក្រោម ប្រាសាទមេបុណ្យខាងលិច ប្រាសាទបាគង និងសារមន្ទីរព្រះនរោត្តមសីហនុអង្គរ។

សូមបញ្ជាក់ថា ការងារចុះតាមការដ្ឋានជួសជុលប្រាសាទនានា នៅក្នុងតំបន់រមណីយ ដ្ឋានអង្គរ នៅពេលនេះ មានរយៈពេលប្រមាណមួយសប្ដាហ៍ ។ នេះជាការងារដែល ក្រុមអ្នកជំនាញការ អាដហុក តែងធ្វើមុននឹងមានកិច្ចប្រជុំ របស់គណៈកម្មាធិការ អន្ដរជាតិ អាយស៊ីស៊ី-អង្គរ ដែលធ្វើឡើងរយៈពេល ពីរដង ក្នុងមួយឆ្នាំ។ កិច្ចប្រជុំបច្ចេក ទេសលើកទី៣៧ របស់គណៈកម្មាធិការនេះ គ្រោងធ្វើនៅថ្ងៃទី១២-១៣ ខែមិថុនា ឆ្នាំ២០២៣ ខាងមុខនេះ៕/V/R