ប្រែសម្រួល៖បំណង(ដេល្លីម៉េល)៖ ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន កាលពីថ្ងៃសុក្របានបញ្ចេញអោយដឹងថានៅពេលមិនដល់មួយខែខាងមុខលោកនឹងនាំសព្វាវុធនុយគ្លេអ៊ែរកលយុទ្ធ(នុយគ្លេអ៊ែរខ្នាតតូច)ទៅកាន់ប្រទេសបេឡារូស នៅពេលលោកបានជួបពិភាក្សានិងប្រាប់សមភាគីបេឡារូសលោក អាឡេសង់ឌ័រ លូកាសេនកូថា «អ្វីៗរៀបរយទៅតាមផែនការ»។
ពូទីនបាននិយាយថា រុស្ស៊ីនឹងបញ្ជូនសព្វាវុធនុយគ្លេអ៊ែរកលយុទ្ធទៅកាន់ប្រទេសក្បែរខាងខ្លួនក្រោយទីតាំងពិសេសសំរាប់ដាក់សព្វាវុធនេះត្រូវបានសាង់សង់រួចនៅថ្ងៃ៧ឬ៨កក្កដា។
ក្នុងអំឡុងពេលជួបពិភាក្សានៅគេហដ្ឋានលំហែកាយរបស់លោកក្នុងទីក្រុងសូជីនាសមុទ្រក្រហម លោកពូទីនបានប្រាប់លោក លូកាសេនកូថា «អ្វីៗដំណើរតាមទៅតាមផែនការ។ការត្រៀមទីតាំងដាក់សព្វាវុធនុយគ្លេអ៊ែរនឹងបញ្ចប់រួចរាល់នៅថ្ងៃ៧-៨កក្កដា ហើយយើងនឹងចាប់ផ្តើមសកម្មភាពភ្លាមទាក់ទងនឹងការបញ្ជូននិងដាក់ពង្រាយសព្វាវុធប្រភេទសមស្របនៅលើទឹកដីរបស់អ្នក»។
ការដាក់ពង្រាយនុយគ្លេអ៊ែរនៅក្រៅទឹកដីរុស្ស៊ីដូច្នេះនឹងជាចំណាត់ការលើកដំបូងរបស់រដ្ឋាភិបាលទីក្រុងមូស្គូចាប់តាំងពីការដួលរលំសហភាពសូវៀត។
លោកលូកាសេនកូ ដែលជាសម្ពន្ធមិត្តរបស់ពូទីនបានតបវិញថា «អរគុណ លោកវ្ល៉ាឌីមៀ វ្ល៉ាឌីមីរ៉ូវិច-Vladimir Vladimirovich)។
រុស្ស៊ីនឹងចាប់ផ្តើមដាក់ពង្រាយសព្វាវុធនុយគ្លេអ៊ែរកលយុទ្ធនៅបេឡារូសក្រោយទីតាំងស្តុកទុកវាត្រូវបានសាងសង់រួចនៅខែក្រោយ
ប្រធានាធិបតីរុស្ស៊ីលោកពូទីន ជួបពិភាក្សាជាមួយសមភាគីបេឡារូសនៅក្រុងសូជី កាលពីថ្ងៃសុក្រ
ក្រោយបញ្ជូនទាហានចូលធ្វើសង្គ្រាមនៅអ៊ុយក្រែនអស់១៥ខែមកនេះ លោកពូទីនបាននិយាយថា សហរដ្ឋអាម៉េរិកនិងសម្ពន្ធមិត្តលោកខាងលិចរបស់ខ្លួនបាននិងកំពុងបង្ហូរសព្វាវុធដល់អ៊ុយក្រែនជាផ្នែកនៃការពង្រីកសង្គ្រាមតំណាងមួយ ក្នុងគោលបំណងធ្វើអោយរុស្ស៊ីទន់ជង្គង់ចុះចាញ់ និងកាលពីខែមីនាលោកបានព្រលយពាក្យថា លោកនឹងបញ្ជូនសព្វាវុធនុយគ្លេអ៊ែរកលយុទ្ធទៅដាក់ក្នុងប្រទេសបេឡារូស ដោយទំនងជាចង់ព្រមានទៅកាន់សម្ពន្ធភាពយោធាណាតូ ដែលដឹកនាំដោយអាម៉េរិកដោយសារតែក្រុមនេះប្តូរផ្តាច់គាំទ្រអ៊ុយក្រែន។
បណ្តាប្រទេសជាសមាជិកណាតូសំខាន់ៗបាននិយាយថា ពួកគេនឹងបន្តគាំទ្រអ៊ុយក្រែនដរាបណាប្រទេសនេះនៅតែត្រូវការពួកគេអោយជួយ។
វិធានការបញ្ជូនសព្វាវុធនុយគ្លេអ៊ែររបស់ពូទីនត្រូវបានតាមឃ្លាំមើលដិតដល់ទាំងពីអាម៉េរិកនិងសម្ពន្ធមិត្តណាតូនៅអឺរ៉ុប រួមទាំងប្រទេសចិន ដែលតែងប្រាប់អោយមានការប្រុងប្រយ័ត្នចំពោះការប្រើសព្វាវុធនុយគ្លេអ៊ែរនៅក្នុងជម្លោះនេះ៕