ដោយៈ បាយ័ន / សៀមរាបៈ លោក ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា និងលោក Jonathan KINGS ឯកអគ្គរដ្ឋទូតនៃប្រទេសនូវែលសេឡង់ ប្រចាំកម្ពុជា ក្រោមអធិបតីភាពលោកស្រី បណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាប្រធានក្រុមប្រឹក្សាភិបាល នៃអាជ្ញាធរជាតិអប្សរា បានចុះហត្ថលេខាលើអនុស្សរណៈ នៃការយោគយល់គ្នា នៅថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៣ អំពីភាពជាដៃគូគម្រោងគ្រប់គ្រងទឹក ក្នុងរមណីយដ្ឋានអង្គរ ដោយមានប្រសិទ្ធភាព និងចីរភាព ដើម្បីភាពធន់ និងការប្រែប្រួលអាកាសធាតុ និងសង្គម-សេដ្ឋកិច្ច (The Angkor Water Resilience Project)។
ប្រភពពីអាជ្ញាធរជាតិអប្សរា បានឱ្យដឹងថាៈ គម្រោងគ្រប់គ្រងទឹកក្នុងរមណីយដ្ឋានអង្គរ ដោយមានប្រសិទ្ធភាព និងចីរភាព ដើម្បីភាពធន់ និងការប្រែប្រួលអាកាសធាតុ និងសង្គម-សេដ្ឋកិច្ចនេះ នឹងផ្អែកលើរយៈពេលនៃការអនុវត្តរយៈពេល ៥ឆ្នាំ ចាប់ពីឆ្នាំ២០២៣ ដល់ឆ្នាំ២០២៨។ អាជ្ញាធរជាតិអប្សរា បានចាត់ទុកថា គម្រោងនេះ ពិតជាមានសារប្រយោជន៍យ៉ាងខ្លាំង សម្រាប់ជួយឱ្យការគ្រប់គ្រងប្រព័ន្ធធារាសាស្រ្ត សម័យបុរាណកាន់តែមានប្រសិទ្ធភាព ដើម្បីបញ្ចៀសទឹកជំនន់ នៅក្នុងតំបន់សៀមរាប -អង្គរ ការទាញអត្ថប្រយោជន៍ ពីធនធានធម្មជាតិ ដើម្បីអភិវឌ្ឍន៍សហគមន៍ និងការកសាងសមត្ថភាព ធនធានមនុស្សជាដើម។
គម្រោងគ្រប់គ្រងទឹក ក្នុងរមណីយដ្ឋានអង្គរ ដោយមានប្រសិទ្ធភាព និងចីរភាព ដើម្បីភាពធន់ និងការប្រែប្រួលអាកាសធាតុ និងសង្គម-សេដ្ឋកិច្ច ជាគម្រោងទី៤ ហើយ ដែលប្រទេសនូវែលសេឡង់ បានសហការរួមគ្នា ជាមួយអាជ្ញាធរជាតិអប្សរា ដែលក្នុងនោះ ត្រូវបានអនុវត្តជាបន្តបន្ទាប់ មានដូចជាៈ – ទី១ គម្រោងរៀបចំផែនការគ្រប់គ្រងរមណីយដ្ឋានអង្គរ (Angkor Management Plan) ។ – ទី២ គម្រោងកម្មវិធីគ្រប់គ្រងធនធានធម្មជាតិក្នុងតំបន់អង្គរ ដោយមានការចូលរួមពី សហគមន៍ (Angkor Participatory Natural Resource Management & Livelihoods) ហៅកាត់ថា APNRM&L។
– ទី៣ គម្រោងអភិវឌ្ឍន៍សេដ្ឋកិច្ចសហគមន៍ និងបេតិកភណ្ឌអង្គរ (Angkor Community Heritage and Economic Advancement) ដែលហៅកាត់ថា ACHA៕/V/R