ប្រែសម្រួល : កញ្ញាដាលីស (ដេល្លីម៉េល) ៖ មន្ត្រីជំនួយកំពូលរបស់អង្គការសហប្រជាជាតិបានព្រមានកាលពីថ្ងៃសុក្រថា ស្ថានភាពមនុស្សធម៌នៅអ៊ុយក្រែនគឺ “កាន់តែអាក្រក់ខ្លាំងឡើង” ក្រោយពេលទំនប់កាខូវកា (Kakhovka)បានបាក់។
អគ្គលេខាធិការរង លោក ម៉ាទីន ហ្គ្រីហ្វហ្វីត (Martin Griffiths) បាននិយាយថា មនុស្សដល់ទៅ ៧០០.០០០ នាក់កំពុងត្រូវការទឹកទទួលទាន ហើយបានព្រមានថាគ្រោះមហន្តរាយទឹកជំនន់នៅក្នុងប្រទេសផលិតស្បៀងអាហារដ៏សំខាន់បំផុតមួយរបស់ពិភពលោកនឹងនាំទៅដល់ការការធ្លាក់ចុះការនាំចេញគ្រាប់ធញ្ញជាតិសឹងតែចៀសមិនរួច តម្លៃអាហារកាន់តែខ្ពស់នៅជុំវិញពិភពលោក និង មនុស្សរាប់លាននាក់នឹងខ្វះអាហារ។
លោកបាននិយាយនៅក្នុងបទសម្ភាសន៍ជាមួយទីភ្នាក់ងារសារព័ត៌មានAPថា “នេះគឺជាបញ្ហាឆ្លងរាលដាល។ ប៉ុន្តែការពិតគឺថា នេះគ្រាន់តែជាការចាប់ផ្តើមនៃការមើលឃើញលទ្ធផលនៃសកម្មភាពបែបនេះប៉ុណ្ណោះ”។
ការបាក់ទំនប់វារីអគ្គិសនីកាខូវកានិងការហូរទឹកចេញពីអាងស្តុកទឹករបស់វាទៅទន្លេឌីនីភើ (ដ្នីប្រូ) កាលពីថ្ងៃពុធ បានបន្ថែមទុក្ខវេទនានៅក្នុងតំបន់ដែលរងទុក្ខជាងមួយឆ្នាំពីការវាយប្រហារដោយកាំភ្លើងធំនិងមីស៊ីល។
អ៊ុយក្រែនកាន់កាប់ច្រាំងខាងលិចនៃទន្លេឌីនីភើ (Dnieper) ខណៈកងទ័ពរុស្ស៊ីគ្រប់គ្រងច្រាំងខាងកើតដែលមានដីទាបជាងងាយរងគ្រោះដោយទឹកជំនន់។ ទំនប់និងអាងស្តុកទឹកដែលមានសារៈសំខាន់សម្រាប់ទឹកសាបនិងប្រព័ន្ធធារាសាស្ត្រនៅភាគខាងត្បូងអ៊ុយក្រែន គឺស្ថិតនៅក្នុងតំបន់ឃើសុន (Kherson) ដែលរដ្ឋាភិបាលក្រុងមូស្គូបានកាត់យកក្នុងខែកញ្ញា និងបានកាន់កាប់មួយឆ្នាំមកហើយ។
លោកហ្គ្រីហ្វហ្វីតបាននិយាយថា អ.ស.ប ដែលធ្វើការជាចម្បងតាមរយៈក្រុមជំនួយអ៊ុយក្រែន បានទៅដល់មនុស្ស ៣០.០០០ នាក់នៅក្នុងតំបន់លិចទឹកក្រោមការគ្រប់គ្រងរបស់អ៊ុយក្រែន។ លោកបាននិយាយថា រហូតមកទល់ពេលនេះ រុស្ស៊ីមិនទាន់ផ្តល់សិទ្ធិចូលទៅកាន់តំបន់ដែលខ្លួនគ្រប់គ្រងសម្រាប់អ.ស.បជួយជនរងគ្រោះដោយទឹកជំនន់នោះទេ។
លោកហ្គ្រីហ្វហ្វីតបាននិយាយថា លោកបានជួបជាមួយឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំអ.ស.ប លោក វ៉ាសស៊ីលី នេបិនហ្សា (Vassily Nebenzia) កាលពីថ្ងៃពុធដើម្បីសុំឱ្យអាជ្ញាធររុស្ស៊ី”ផ្តល់សិទ្ធិសម្រាប់ក្រុមការងាររបស់យើងនៅអ៊ុយក្រែន ដើម្បីឆ្លងកាត់ខ្សែត្រៀមជួរមុខ ដើម្បីផ្តល់ជំនួយ ដើម្បីផ្តល់ការគាំទ្រដល់…ប្រជាជនអ៊ុយក្រែននៅក្នុងតំបន់ទាំងនោះ”។
លោកបាននិយាយថា “យើងកំពុងផ្តល់ឱ្យពួកគេនូវព័ត៌មានលម្អិតនៅពេលយើងនិយាយ ដើម្បីឱ្យរដ្ឋាភិបាលក្រុងមូស្គូបំពេញនូវអ្វីដែលយើងសង្ឃឹមថានឹងជាការសម្រេចចិត្តវិជ្ជមានលើរឿងនេះ។ ខ្ញុំសង្ឃឹមថាវានឹងកើតឡើង”៕
មនុស្ស៧០ម៉ឺននាក់ប្រឈមការខ្វះខាតទឹកផឹកនៅអ៊ុយក្រែន ក្រោយការបាក់ទំនប់កាខូវកា