ដោយៈសុវណ្ណកុម្ភៈ/ភ្នំពេញ៖ ព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេមលើកទី១២បានបញ្ចប់ជាស្ថាពរហើយនៅយប់ថ្ងៃទី៩ខែមិថុនាឆ្នាំ២០២៣យប់មិញនេះ។ប្រទេសថៃបានសម្ដែងសិល្បៈអបអរអាស៊ានប៉ារ៉ាហ្គេមលើកទី១៣ឆ្នាំ២០២៥បន្តវេនពីកម្ពុជាននៅក្នុងពិធីបិទអាស៊ានប៉ារ៉ាហ្គេមលើកទី១២។
សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលអញ្ជើញចូលរួមក្នុងពិធីបិទនោះបានដាក់ក្ដីសង្ឃឹមថាប្រជាជនអាស៊ាននិងទីម័រខាងកើតជាង៦០០លាននាក់នឹងចងចាំនូវអនុស្សាវរីយ៍ទាំងឡាយទាំងក្នុងក្របខ័ណ្ឌស៊ីហ្គេមនិងអាស៊ានប៉ារ៉ាហ្គេមដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។
សម្ដេចបានអរគុណអបអរសាទរនិងកោតសរសើរចំពោះគណៈកម្មាធិការជាតិរៀបចំអាស៊ានប៉ារ៉ហ្គេមលើកទី១២និងសហព័ន្ធកីឡាជនពិការអាស៊ានព្រមទាំងប្រតិភូកីឡាជនពិការអាស៊ាននិងទីម័រខាងកើតដែលរួមគ្នាលើកគុណតម្លៃបន្ថែមជូនអត្តពលិកមានពិការភាពនិងផ្ដល់ស្មារតីគាំទ្រយ៉ាងពេញទំហ៊ឹងចំពោះព្រឹត្តិការណ៍កីឡាជនពិការអាស៊ានលើកទី១២។
សម្ដេចបន្តថាក្នុងនាមម្ចាស់ផ្ទះយើងបានប្រឹងប្រែងអស់ពីសមត្ថភាពនិងលទ្ធភាពដើម្បីធានារៀបចំការប្រកួតកីឡាជនពិការអាស៊ានលើកទី១២នេះឲ្យប្រព្រឹត្តិទៅតាមនិយាមនិងស្ដង់ដារកីឡាជនពិការអន្ដរជាតិ។
នៅឆ្នាំ២០២៩កម្ពុជាត្រូវបានក្រុមប្រឹក្សាកីឡាអូឡាំពិកអាស៊ីផ្ដល់សិទ្ធឱ្យធ្វើជាម្ចាស់ផ្ទះនៃការប្រកួតកីឡាយុវជនលើកទី៥(ASIAN Youth Games 2029)។
ការប្រកួតកីឡានានានៃអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣បានបញ្ចប់ទាំងស្រុង ក្នុងចំណោមវិញ្ញាសាសរុបទាំងអស់ចំនួន៤៧៥ ស្មើនឹងចំនួនមេដាយមាស៤៧៥ គឺប្រទេសឥណ្ឌូណេស៊ី ឈរនៅចំណាត់ថ្នាក់លេខ១ ដោយទទួលបានមេដាយសរុប ៤០១ក្នុងនោះមាស ១៥៩ ប្រាក់ ១៤៨ និងសំរឹទ្ធ ៩៤, លេខ២ ថៃ មេដាយសរុប ៣២៨ ក្នុងនោះមាស ១២៦ ប្រាក់១១០ និងសំរឹទ្ធ៩២ ខណៈចំណាត់ថ្នាក់លេខ៣ បានទៅលើវៀតណាម ជាមួយនឹងមេដាយសរុប ២០១គ្រឿង ក្នុងនោះមេដាយមាស ៦៦ ប្រាក់ ៥៨ និងសំរឹទ្ធ៧៧។ ចំពោះលេខ៤ដល់លេខ៧ រួមមាន ម៉ាឡេស៊ី ហ្វីលីពីន មីយ៉ាន់ម៉ា និងសិង្ហបុរី។ ចំពោះម្ចាស់ផ្ទះកម្ពុជាទទួលបានមេដាយសរុបចំនួន ៧០គ្រឿង ក្នុងនោះមេដាយ មាស ៩គ្រឿង មេដាយប្រាក់ ១៨គ្រឿង និងសំរឹទ្ធ ៤៣គ្រឿង ដោយកម្ពុជាឈរនៅចំណាត់ថ្នាក់លេខ ៨ លើបីប្រទេស គឺព្រុយណេ មេដាយមាស៣ ប្រាក់២ និងសំរឹទ្ធ២ ខណៈទីម័រខាងកើត មេដាយមាស ២ និងសំរឹទ្ធ៧ ស្របពេលដែលឡាវ ឈរនៅលេខ១១ មិនទទួលបានមេដាយមាសឡើយ ដោយទទួលបានប្រាក់២ និងសំរឹទ្ធ៩៕សរន-pc