ប្រែសម្រួល៖បំណង(បាងកកប៉ុស្តិ៍)៖គណៈកម្មាធិការរៀបចំការបោះឆ្នោត(EC)ថៃបានយល់ព្រមបើកការស៊ើបអង្កេតមួយលើមេដឹកនាំបក្សកាវក្លៃ(MFP)លោក ភិតា លីមចារឺនរ៉ាត ថាតើលោកបានរំលោភច្បាប់បោះឆ្នោតដែរទេបន្ទាប់ពីសមាជិកប្រាំមួយរូបរបស់ទីភ្នាក់ងារបោះឆ្នោតនេះបានច្រានចោលបណ្តឹងពាក់ព័ន្ធនឹងលោកភិតាកាន់កាប់ភាគហ៊ុនក្នុងក្រុមហ៊ុនផ្សព្វផ្សាយមួយ។
ប្រភពព័ត៌មានបាននិយាយថាECបានច្រានចោលបណ្តឹងពាក់ព័ន្ធនឹងភាគហ៊ុននេះដោយហេតុថា លក្ខណៈសម្បត្តិឈរឈ្មោះបោះឆ្នោតរបស់លោកភិតាត្រូវបានគណៈកម្មាធិការបោះឆ្នោតត្រួតពិនិត្យរួចរាល់តាំងពីមុនការបោះឆ្នោត។តែដោយសារបណ្តឹងរួមមានការពិតនិងព័ត៌មានពាក់ព័ន្ធនឹងលក្ខណៈសម្បត្តិរបស់លោកភិតា គណៈកម្មាធិការយល់ព្រមធ្វើការស៊ើបអង្កេតដើម្បីកំណត់ថាតើប្រធានបក្សMFPរូបនេះបានរំលោភច្បាប់មាត្រាទី១៥១និង៤២(៣)ដែរឬទេដោយសារតែលោកដាក់ពាក្យសុំជាសមាជិកសភាតំណាងបក្សទោះជាដឹងថាមិនអាចធ្វើដូច្នេះ។
ក្នងពេលជាមួយគ្នា បក្សMFPបាននិយាយថាខ្លួនទទួលបានការធានាពីសម្ពន្ធភាពប្រាំបីគណបក្សថា លោកភិតានឹងជាបេក្ខជននាយករដ្ឋមន្ត្រីរបស់ខ្លួនហើយបក្សនេះក៏អះអាងថាខ្លួនរកបានការគាំទ្រពីសមាជិកព្រឹទ្ធសភាយ៉ាងតិច៤០រូបមកទល់ឥឡូវ និងសង្ឃឹមថានៅទីបំផុតសមាជិកព្រឹទ្ធសភា១០០នាក់នឹងគាំទ្រក្រុមចំរុះដឹកនាំដោយលោកភិតា។
ទោះជាយ៉ាងណាក្រុមចំរុះប្រាំបីគណបក្សនេះបានសម្តែងការព្រួយបារម្ភថាក្រុមអន្តរកាលរបស់គេនឹងក្លាយជាគ្មានន័យបើMFPមិនអាចរកបានសម្លេងគាំទ្រពីសភានិងព្រឹទ្ធសភា៣៧៦ដើម្បីគាំទ្រលោកភិតាជានាយករដ្ឋមន្ត្រីបន្ទាប់។
កាលពីម្សិលមិញ អគ្គលេខាECបាននិយាយថាគណៈកម្មាធិការនេះនឹងអនុម័តឋានៈសមាជិកសភារបស់លោកភិតាមុនពេលខ្លួនពិចារណាថាតើត្រូវដកសិទ្ធិគាត់ឬអត់ពាក់ព័ន្ធនឹងការកាន់កាប់ភាគហ៊ុនឬការរំលោភមាត្រាច្បាប់១៥១និង៤២(៣)។
លោកសាវែង ប៊ូនមី(Sawaeng Boonmee)បាននិយាយថាបណ្តឹងប្រឆាំងប្រធានMFPនេះធ្វើឡើងក្រោយគណៈកម្មាធិការបោះឆ្នោតអនុម័តលក្ខណៈសម្បត្តិរបស់លោកភិតាសំរាប់ការឈរឈ្មោះបោះឆ្នោត ដូច្នេះECមិនអាចបញ្ជូនវាទៅកាន់តុលាការធម្មនុញ្ញមុនការបោះឆ្នោតថ្ងៃ១៤ឧសភាបានទេ។
លោកថា ECនឹងត្រូវតែអនុម័តលោកភិតាជាសមាជិកសភាតំណាងបក្សជាផ្នែកនៃដំណើរការបោះឆ្នោតនិងបន្ទាប់មកចាំគិតថាតើគាត់សមស្របសំកាន់តំណែងនេះដែរឬអត់៕
គណៈកម្មាធិការរៀបចំការបោះឆ្នោតថៃត្រូវតែអនុម័តឋានៈសមាជិកសភាសំរាប់លោកភិតា មុនខ្លួនអាចបើកការស៊ើបអង្កេតថាតើលោកបានរំលោភច្បាប់ដែរឬទេ