ចិន​គាំទ្រ​ការអភិវឌ្ឍ​ថាមពល​រួមគ្នា​ជាមួយ​ហ្វីលីពីន​នៅ​សមុទ្រ​ចិន​ខាងត្បូង

1341
ចែករម្លែក

​រដ្ឋមន្ត្រីការបរទេស​ចិន កាលពី​ថ្ងៃ​អង្គារ ទី​២៥ កក្កដា និយាយថា គាត់​គាំទ្រ​គំនិត​នៃ​ការបណ្តាក់ទុន​រួមគ្នា​លើ​វិស័យ​ថាមពល​ជាមួយ​ហ្វីលីពីន​នៅក្នុង​សមុទ្រ​ចិន​ខាងត្បូង​ដែលមាន​ជម្លោះ ដោយ​ព្រមាន​ថា​សកម្មភាព​ឯកតោភាគី​អាច​បង្កឱ្យមាន​បញ្ហា​និង​ធ្វើឱ្យ​ខូចខាត​ទាំងសងខាង​។​

​លោក​វ៉ាង យី ក្នុង​ដំណើរ​ទស្សនកិច្ច​ពីរ​ថ្ងៃ​ទៅកាន់​ទីក្រុង​ម៉ានីល បានធ្វើការ​កត់សម្គាល់​បែបនេះ បន្ទាប់ពី​លោក​ប្រធានាធិបតី រ៉ូ​ឌ្រី​ហ្គោល ឌូ​តឺ​តេ កាលពី​ថ្ងៃ​ចន្ទ បាន​និយាយថា ដៃគូ​មួយ​ត្រូវបាន​រកឃើញ ដើម្បី​អភិវឌ្ឍ​រ៉ែ​ប្រេង​និង​ការរុករក​រ៉ែ​នានា ហើយ​ការទាញយក​ថាមពល​នឹង​ចាប់ផ្តើម​ឡើងវិញ​នៅ​ឆ្នាំនេះ​។​

​លោក​ឌូ​តឺ​តេ មិនបាន​បញ្ជាក់​ប្រាប់ថា​ជា​ដៃគូ​មួយណា​ទេ​។ ក្រសួង​ថាមពល​ហ្វីលីពីន​កាលពី​ថ្ងៃទី ១២ កក្កដា និយាយថា ការ​ខួង​យក​ថាមពល​នៅ​តំបន់​រីដ​ប៊ែ​ង (Reed Bank) ដែល​ផ្អាក​ក្នុង​ឆ្នាំ ២០១៤ អាច​នឹង​បន្ត​ឡើងវិញ មុន​ដំណាច់ឆ្នាំ ២០១៧ ហើយ​រដ្ឋាភិបាល​កំពុង​ត្រៀម​ផ្តល់នូវ​ប្លុក​ថ្មីៗ​ដល់​អ្នកវិនិយោគ ក្នុងការ​ដេញថ្លៃ​នៅ​ខែធ្នូ​ខាងមុខ​។

​លោក​វ៉ាង​បាន​ប្រាប់​នៅ​សន្និសីទកាសែត​ថា “​ក្នុង​ដែនទឹក ដែលមាន​សិទ្ធិ​កាន់កាប់ និង​ផលប្រយោជន៍​ត្រួតស៊ីគ្នា ប្រសិនបើ​ភាគី​មួយ​ធ្វើការ​អភិវឌ្ឍ​ជា​ឯកតោភាគី ហើយ​ភាគី​មួយទៀត​ចាត់វិធានការ​ដូចគ្នា នោះ​នឹង​ធ្វើឱ្យ​ស្ថានភាព​កាន់តែ​ស្មុគស្មាញ​នៅ​សមុទ្រ​។ នោះ​អាច​នឹង​នាំទៅរក​ភាព​តានតឹង ហើយ​លទ្ធផល​ចុងក្រោយ គ្មាន​នរណាម្នាក់​អាច​អភិវឌ្ឍ​ធនធាន​ទាំងនោះ​បានទេ​”​។

​ហ្វីលីពីន​បាន​ផ្អាក​សកម្មភាព​ទាញយក​ថាមពល ខណៈ​រង់ចាំ​សេចក្តីសម្រេច​ក្នុងករណី​បណ្តឹង​មួយ ដោយ​តុលាការ​អាជ្ញាកណ្តាល​អចិ​ន្ត្រៃ​យ៍​ក្នុង​ទីក្រុង​ឡាអេ​។ នៅពេល​តុលា​ការចេញ​សាលក្រម​កាលពី​មួយឆ្នាំ​កន្លងទៅនេះ តុលាការ​បាន​ទុកជា​មោ​ឃៈ​នូវ​ការទាមទារ​របស់​ចិន​លើ​ដែន​អធិបតេយ្យភាព​ភាគច្រើន​នៃ​សមុទ្រ​ចិន​ខាងត្បូង ដែលជា​ច្រក​ឆ្លងកាត់​នៃ​ទំនិញ​តម្លៃ​ជាង ៥ លាន​លាន​ដុល្លារ​រៀងរាល់ឆ្នាំ​៕ ដោយ៖ កញ្ញាដាលីស

រដ្ឋមន្ត្រីការបរទេស​ចិន លោក​វ៉ាង យី (​ឆ្វេង​) និង សម​ភាគី​ហ្វីលីពីន លោក អា​ឡាំង ភី​ត​ធើ កា​យ៉េ​តា​ណូ ចុះហត្ថលេខា​លើ​ឯកសារ អនុស្សារណៈ​យោគយល់​គ្នា កាលពី​ថ្ងៃ​អង្គារ នៅ​ក្រុង​ម៉ានីល

ទីតាំងផ្សាយពាណិជ្ជកម្ម