ដោយៈ មុនីរ័ត្ន / ភ្នំពេញៈ អ្នកតាមដានព្រឹត្តិការណ៍នយោបាយ បានបញ្ជាក់ថាៈ សកម្មភាពដែលក្រុមប្រឆាំង កំពុងតែធ្វើយុទ្ធនាការឃោសនា ប្រជាពលរដ្ឋ កុំឲ្យទៅបោះឆ្នោត គឺជាចេតនារាំងខ្ទប់ការបោះឆ្នោត ដែលត្រៀមរៀបចំ នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខនេះ។ ហើយការញុះញង់ ឲ្យប្រជាពលរដ្ឋទៅបោះឆ្នោត ដែរ ប៉ុន្តែគូសបំផ្លាញសន្លឹកឆ្នោត គឺបំផ្លាញទ្រព្យសម្បត្តិជាតិពីព្រោះសន្លឹកដែល គ.ជ.ប បោះពុម្ពយកមកឲ្យប្រជាពលរដ្ឋ ដើម្បីធ្វើការបោះឆ្នោតនេះ គឺប្រើប្រាស់ថវិកាជាតិ បានន័យថា បំផ្លាញសន្លឹកឆ្នោត គឺបំផ្លាញថវិកាជាតិនេះ គឺជាបទឧក្រិដ្ឋមួយ ដែលមិនអាចលើកលែងទោសឲ្យបានទេ។
លោក សួន សេរីរដ្ឋា ប្រធានក្រុមប្រឹក្សាភិបាលវេទិកាសន្តិភាពកម្ពុជា និងជាអ្នកតាម ដានព្រឹត្តិការណ៍នយោបាយ បានថ្លែងប្រាប់រស្មីកម្ពុជាថាៈ ពាក់ព័ន្ធទៅនឹងសកម្មភាព ដែលពួកជ្រុលនិយមនេះកំពុងតែចេញនូវផ្សារនយោបាយ ឬក៏ស្ពតវីដេអូណាមួយ ដើម្បីអូសទាញប្រជាពលរដ្ឋកុំឲ្យទៅបោះឆ្នោត ហើយនិងប្រើឱកាសទៅបោះឆ្នោត ដើម្បីបំផ្លាញសន្លឹកឆ្នោត នេះគឺជាចេតនារាំងខ្ទប់ការបោះឆ្នោត ដែលត្រៀមរៀបចំ នៅថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ។
នេះគឺជាចេតនានយោបាយពិតប្រាកដ ដែលពួកគេបានកំពុងខិតខំធ្វើយ៉ាងម៉េច គឺថាអូសទាញប្រជាពលរដ្ឋ ឲ្យចូលរួមនៅក្នុងអន្ទាក់នយោបាយមួយ ដែលពួកគេ កំពុងតែរំលោភសិទ្ធិបោះឆ្នោតរបស់ប្រជាពលរដ្ឋ ហើយមួយទៀត លោកហៅថា ជាការបំផ្លាញនូវទ្រព្យសម្បត្តិជាតិ។ ពីព្រោះការដែលអូសទាញប្រជាពលរដ្ឋ ឃោសនាមិនឲ្យប្រជាពលរដ្ឋ ទៅចូលរួមការបោះឆ្នោត វាគឺជាការរំលោភសិទ្ធិ បោះឆ្នោត របស់ប្រជាពលរដ្ឋ ដែលមានចាយនៅក្នុងច្បាប់។
មួយទៀត ការដែលញុះញង់ឲ្យប្រជាពលរដ្ឋទៅបោះឆ្នោតដែរ ប៉ុន្តែគូសបំផ្លាញសន្លឹក ឆ្នោត គឺបំផ្លាញទ្រព្យសម្បត្តិជាតិ ពីព្រោះសន្លឹកដែល គ.ជ.ប បោះពុម្ពយកមកឲ្យ ប្រជាពលរដ្ឋ ដើម្បីធ្វើការបោះឆ្នោតនេះ គឺប្រើប្រាស់ថវិកាជាតិ បានន័យថា បំផ្លាញសន្លឹកឆ្នោត គឺបំផ្លាញថវិកាជាតិនេះ គឺជាបទឧក្រិដ្ឋមួយ ដែលមិនអាចលើកលែង ទោសឲ្យបានទេ។ ចរិកនយោបាយរបស់ពួកគេនៅក្នុងពេលនេះ ដែលកំពុងតែ ឃោសនាប្រឆាំងនឹងការបោះឆ្នោត អូសទាញប្រជាពលរដ្ឋ កុំឲ្យចេញទៅបោះឆ្នោត ហើយញុះញង់ប្រជាពលលរដ្ឋ ឲ្យបំផ្លាញសន្លឹកឆ្នោត វាគឺជាអំពើបំពានច្បាប់ ដែលបំពានទាំងច្បាប់បោះឆ្នោត និងច្បាប់គ្រប់គ្រងគណបក្សនយោបាយ។
លោកបានបន្តថាៈ នេះគឺជានយោបាយដែលអាក្រក់បំផុត ដែលកំពុងតែចង់ទាញ យកការបោះឆ្នោតនេះ ធ្វើជាល្បែងនយោបាយរបស់ពួកគេ ក្នុងការទាញទម្លាក់ ស្ថានការណ៍ឲ្យការបោះឆ្នោត មិនអាចប្រព្រឹត្តទៅដោយរលូន ដោយយុត្តិធម៌ ត្រឹមត្រូវ ជាពិសេសកំពុងតែបំភ័យបំភិតសតិអារម្មណ៍របស់អ្នកបោះឆ្នោត នៅក្នុងប្រទេសកម្ពុជា។ អ្វីដែលជាចំណាត់ការ និងជាការអំពាវនាវរបស់គ.ជ.ប ទៅដល់គណៈកម្មការ អចិន្ត្រៃយ៍ សម្រាប់ថែរក្សាសន្តិសុខការបោះឆ្នោត ឲ្យពិនិត្យមើលសកម្មភាពនេះ នឹងអនុវត្តតាមច្បាប់គឺលោកគាំទ្រ ពីព្រោះនេះជាទង្វើ ដែលបំពានច្បាប់ និងរំលោភ ច្បាប់ និងកំពុងតែគំរាមកំហែងសិទ្ធិរបស់ប្រជាពលរដ្ឋ ហើយត្រូវយកច្បាប់មកអនុវត្ត ដើម្បីឲ្យជនដៃដល់ ជនអ្នកប្រព្រឹត្ត និងក្រុមពួកគេដែលជាមេខ្លោងគំនិត នៅពីក្រោយ សកម្មភាពនេះ ត្រូវតែចាប់យកមកផ្តន្ទាទោស និងកាត់ទោសតាមច្បាប់ ដើម្បីធានារក្សា ឲ្យបានការបោះឆ្នោត នៅពេលខាងមុខនេះ គឺប្រព្រឹត្តទៅដោយរលូន ត្រឹមត្រូវ សេរី និងយុត្តិធម៌ ដើម្បីផ្តល់ឱកាសឲ្យគ្រប់គណបក្សនយោបាយទាំងអស់ ជាពិសេស គណបក្សនយោបាយទាំង១៨ ដែលបានចុះបញ្ជីចូលរួមការបោះឆ្នោត ដោយតម្លាភាព ដោយការទទួលខសុត្រូវនោះ ដើម្បីឲ្យគេអស់ចិត្ត កុំឲ្យគេមានអារម្មណ៍ថា ការបោះឆ្នោតនេះ ត្រូវបានបំផ្លិចបំផ្លាញ ឬក៏បំភិតបំភ័យ ដោយក្រុមអ្នកនយោបាយ ណាមួយនោះ ជាពិសេស គឺក្រុមដែលកំពុងតែញុះញង់ ឲ្យប្រជាពលរដ្ឋ កុំចេញទៅ បោះឆ្នោត និងបង្រៀនប្រជាពលរដ្ឋ ឲ្យទៅបំផ្លាញសន្លឹកឆ្នោត នៅក្នុងមណ្ឌលបោះឆ្នោត។
ប្រធានក្រុមប្រឹក្សាភិបាលវេទិកាសន្តិភាពកម្ពុជា ក៏បានអំពាវនាវទៅដល់ គ.ជ.ប និងគណៈកម្មការអចិន្ត្រៃយ៍ រក្សាសន្តិសុខ សណ្តាប់ធ្នាប់ សម្រាប់ការបោះឆ្នោត ត្រូវតែស្រាវជ្រាវរកជនណា អ្នកនយោបាយណា គណបក្សនយោបាយណា ដែលពីក្រោយសកម្មភាពរំលោភច្បាប់ និងបំពានសិទ្ធិបោះឆ្នោត របស់ប្រជាពលរដ្ឋ គឺត្រូវតែចាប់យកមកផ្តន្ទាទោសជាគំរូ ដើម្បីឲ្យគណបក្សនយោបាយចូលរួមបោះឆ្នោត ទាំង ១៨ គណបក្ស គេអស់ចិត្ត គេអាចទទួលយកលទ្ធផល នៃការបោះឆ្នោតបាន។ កុំឲ្យមានការកើតឡើង នូវរឿងទាំងឡាយណា ដែលបំផ្លិចបំផ្លាញ ឬក៏បំភិតបំភ័យ ប្រជាពលរដ្ឋ ឈានទៅដល់គោលដៅ នៃការបន្ទុចបង្អាក់ការបោះឆ្នោត។
ជាមួយគ្នានេះ លោក សួន សេរីរដ្ឋា ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ និងយុវជន ដែលទើបគ្រប់អាយុ ១៨ឆ្នាំ ដែលត្រៀមចេញទៅបោះឆ្នោត សូមកុំចាញ់កលគំនិត នយោបាយណាមួយ ដែលអូសទាញប្រជាពលរដ្ឋ និងយុវជន ទៅបំផ្លាញសន្លឹកឆ្នោត នៅមណ្ឌលបោះឆ្នោត ឬក៏បោះបង់សិទ្ធិបោះឆ្នោតរបស់ខ្លួន។ ពីព្រោះយើងមានពេល ៥ឆ្នាំម្តង ដើម្បីជ្រើសរើសតំណាងរបស់យើង នៅក្នុងរដ្ឋសភា បញ្ចេញសម្លេងជ្រើស រើស អ្នកដឹកនាំរបស់យើង នេះគឺជាឱកាស គឺជាយន្តការប្រជាធិបតេយ្យ។ សូមប្រជាពលរដ្ឋទាំងអស់ត្រូវរួបរួមគ្នាក្រោមដំបូលសន្តិភាព ក្រោមប្រទេសដែលមាន ស្ថេរភាព គឺទៅបោះឆ្នោតទាំងអស់គ្នា កុំចាញ់បោកចាញកលអូសទាញឬក៏ការញុះញង់បញ្ជេះកំហឹង ពីក្រុមបក្សណាឲ្យសោះ៕/V-PC