ដោយៈនិមល/ភ្នំពេញ៖ និយ័តករអាជីវកម្មអចលនវត្ថុនិងបញ្ចាំ(ន.អ.ប.)បានជូនដំណឹងអតិថិជនទាំងអស់ដែលបានទិញលំនៅឋាន ឬអគារសហកម្មសិទ្ធិ(ខុនដូ)ពីគម្រោងអភិវឌ្ឍអចលនវត្ថុ ហើយត្រូវបានម្ចាស់គម្រោងអភិវឌ្ឍអចលនវត្ថុធ្វើការរឹបអូសយកវិញនូវលំនៅឋាន ឬអគារសហកម្មសិទ្ធិ (ខុនដូ) ដោយសារមានបញ្ហាខកខានក្នុងការបង់ប្រាក់ត្រូវជូនដំណឹងជាបន្ទាន់មកកាន់ ន.អ.ប.ដើម្បីធ្វើការសម្របសម្រួលជាមួយម្ចាស់គម្រោង។នេះបើយោងតាមលិខិតជូនដំណឹងកាលពីថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៣។
ជាការកត់សម្គាល់ កាលពីថ្ងៃទី៩ខែមិថុនាខណៈជួបជាមួយកម្មករ និយោជិត នៅខេត្តកំពង់ឆ្នាំង សម្ដេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានស្នើឱ្យម្ចាស់បុរីទាំងអស់បញ្ឈប់សកម្មភាពរឹបអូសផ្ទះរបស់អតិថិជនជាបន្ទាន់និងស្នើឱ្យមានវិធានការរៀបចំឥណទានថ្មីឡើងវិញ ឬក៏ពន្យារពេលនៃការបង់ប្រាក់។
ក្នុងលិខិតរបស់និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ បានបញ្ជាក់ថា អតិថិជនអាចធ្វើការទំនាក់ទំនងតាមរយៈទូរស័ព្ទ ឬតាមតេលេក្រាមលេខ ០១២ ៣៩៣– ៧២៧ /០៩៩ ៩៨០ ៤៩៩ / ០៦៩ ៥១៧ ១៨៦ ឬអញ្ជើញមកដោយផ្ទាល់នៅអគារអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ ដែលមានអាស័យដ្ឋាននៅអគារ ១៦៨ ជាន់ទី៧ ផ្លូវលេខ៥៩៨ សង្កាត់ច្រាំងចំនេះ១ ខណ្ឌ– ប្ញស្សីកែវ រាជធានីភ្នំពេញ។ ជាមួយគ្នានេះ ន.អ.ប. នឹងតាមដានព័ត៌មានពាក់ព័ន្ធនឹងកិច្ចការនេះតាមបណ្តាញ សង្គមផងដែរ៕សរន-pc