ដោយៈ .ខុន / ភ្នំពេញៈ បទល្មើសនេសាទ នៅបឹងអភិរក្សជលផលខ្សាច់ស មានការថយចុះ បន្ទាប់ពីនៅក្នុងបឹងនេះ មានការកើនឡើង កាន់តែច្រើននូវពោះថ្លាន់ ធំៗ ចេញពីព្រៃលិចទឹក មករកចំណី នៅតាមឧបករណ៍នេសាទ ខុសច្បាប់ ដែលគេបានដាក់ដើម្បីចាប់ត្រី នៅក្នុងនេះរួចមក។

លោក អូន ស៊ីណាត នាយខណ្ឌរដ្ឋបាលជលផលព្រៃវែង បានប្រាប់ឱ្យរស្មីកម្ពុជាដឹង នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៣ថាៈ បឹងអភិរក្សជលផលខ្សាច់ស ដែលមានទំហំធំ ពាក់ព័ន្ធជាមួយនឹងឃុំចំនួន៤ នៃស្រុកពាមរក៍ និងស្រុកបាភ្នំ ពេលនេះ ពិនិត្យឃើញថាបទល្មើសនេសាទ ដោយឧបករណ៍លូស្បៃមុង មានការថយចុះ ដោយសារក្នុងបឹងនេះ សម្បូរទៅដោយពស់ថ្លាន់។ ពស់ថ្លាន់ធំៗតែងចូលក្នុងលូស្បៃមុង ដើម្បីស៊ីត្រី។

នាយខណ្ឌរដ្ឋបាលជលផល ខាងលើបាននិយាយឱ្យដឹងទៀតថាៈ បឹងខ្សាច់ស នៅពេលនេះ មានទឹកមិនទាន់ច្រើននៅឡើយទេនៅក្នុងបឹងសម្បូរដោយព្រៃកក់ ហើយនៅជាប់នឹងបឹងនេះ មានព្រៃលិចទឹក រហូតដល់ប្រមាណជា ៥០ ហិកតា ដែលជាជម្រកពស់ថ្លាន់ ចេញមករកចំណី នៅក្នុងព្រៃកក់ កន្លែងដែលតែងតែមាន បទល្មើសនេសាទកើតមានញឹកញាប់ ដោយប្រើឧបករណ៍របាំងស្បៃមុង និងលូស្បៃមុង។

លោក អូន ស៊ីណាត បាននិយាយឱ្យដឹងទៀតថាៈ បឹងខ្សាច់ស នៅពេលនេះ មានទឹកតិច មិនអាចបើកកាណូត ចូលដល់ទេ បើត្រូវចុះត្រួតពិនិត្យ គឺត្រូវប្រើរថយន្ត រ៉ឺម៉ក ដើម្បីដឹកកាណូតទៅទម្លាក់ក្នុងបឹង សម្រាប់ចុះធ្វើការងារ បង្ក្រាបបទល្មើស។ ការងារបង្ក្រាបបទល្មើសជលផល នៅតាមបឹង ដែលមិនទាន់មានទឹកច្រើន ត្រូវជួលរថយន្ត ស្ទួចដឹកកាណូត ពីបឹងមួយ ទៅបឹងមួយ ដើម្បីចុះធ្វើការទប់ស្កាត់ បទល្មើសជលផល។

បឹងខ្សាច់ស ហ៊ុំមព័ទ្ធទៅដោយឃុំចំនួន៤ គឺឃុំបន្លិចប្រាសាទ ឃុំបាបោង ស្រុកពាមរក៍ ឃុំរាក់ជ័យ និងឃុំរោងដំរី ស្រុកបាភ្នំ  ជាបឹងអភិរក្សជលផល ធំជាងគេ ដោយមានទាំង ការអភិរក្សព្រៃលិចទឹក ផងដែរ៕/V-PC