ដោយ៖ រ៉ាម៉ន / ភ្នំពេញ៖ ក្នុងដំណាក់កាលចុងក្រោយនេះ រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុនសែន បានធ្វើឲ្យព្រះរាជាណាចក្រកម្ពុជា សម្រេចបាននូវ លទ្ធផលជាផ្លែផ្កាយ៉ាងត្រចះត្រចង់ សម្រាប់ប្រទេសជាតិ និងប្រជាជាតិ ទាំងមូលដោយបានធ្វើឲ្យប្រទេសកម្ពុជា មានឈ្មោះបោះសំឡេងយ៉ាងរន្ទឺ នៅលើឆាកអន្តរជាតិ។ នេះជាការលើកឡើងរបស់លោក នួន ផារ័ត្ន អនុប្រធានគណៈកម្មាធិការគណបក្សរាជធានីភ្នំពេញ អនុប្រធានក្រុមការងារចុះជួយ ខណ្ឌមានជ័យ និងជាប្រធានក្រុមការងារចុះជួយ សង្កាត់ស្ទឹងមានជ័យទី៣ ក្នុងឱកាសដែលលោកអញ្ជើញជាអធិបតីភាព ក្នុងពិធីសំណេះសំណាលជាមួយគ្រួសារ បក្សចំនួន៥១១ គ្រួសារបក្ស ស្មើនឹងសមាជិកបក្សចំនួន ២.០៨២ នាក់ នៅភូមិទ្រា៤ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ នាព្រឹកថ្ងៃសៅរ៌ ទី១០ ខែមិថុនា ឆ្នាំ២០២៣ នេះ។
លោក នួន ផារ័ត្ន បានមានប្រសាសន៍លើកឡើងថា៖ រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន បានធ្វើឲ្យប្រទេសជាតិ មានការអភិវឌ្ឍ រីកចម្រើនយ៉ាងឆាប់រហ័ស កាត់បន្ថយបាននូវភាពក្រីក្រ និងបានធ្វើឲ្យព្រះរាជាណា ចក្រកម្ពុជាមានឈ្មោះបោះសំឡេង នៅលើឆាកអន្តរជាតិ ថែមទៀត។ ជាក់ស្ដែង នៅពេលកន្លងមកថ្មីៗនេះ កម្ពុជាបានអនុវត្តបានយ៉ាងជោគជ័យនូវព្រឹត្តិការណ៍ធំៗច្រើន ដូចជា កិច្ចប្រជុំកំពូលអាស៊ាន ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ហើយកិច្ចប្រជុំកំពូលនេះ មានថ្នាក់ដឹកនាំមហាអំណាចធំ មានទាំងសហរដ្ឋអាមេរិក មហាអំណាចចិន និងបណ្ដាប្រទេសមួយចំនួនទៀត នៅលើពិភពលោក មកប្រជុំនៅប្រទេសកម្ពុជា។ ការទប់ស្កាត់បាន នូវការរាតត្បាត ដោយជំងឺកូវីដ–១៩ និងបានបើកសេដ្ឋកិច្ចប្រទេស ឱ្យដំណើរការជាប្រក្រតីឡើងវិញ ហើយនៅចុងក្រោយនេះទៀត ប្រទេសកម្ពុជា ទទួលបានភាពជោគជ័យ ក៏ធំធេងមួយទៀត នោះគឺកម្ពុជាបានធ្វើជាម្ចាស់ផ្ទះ នៃការប្រកួតកីឡា ស៊ីហ្គេមលើកទី៣២ និងប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣ ។ ព្រឹត្តិការណ៍ដ៏ធំសម្បើមមួយនេះ យើងបានទទួលការកោតសរសើរយ៉ាងខ្លាំង ពីឆាកអន្តរជាតិ តាមរយៈមិនយកលុយ ពីការហូបចុក ស្នាក់នៅសម្រាប់កីឡាករ កីឡាការិនីការប្រតិភូកីឡា និងការមិនលក់សំបុត្រ ឲ្យអ្នកទស្សនាជាដើម ដែលជាការទាក់ទាញមួយ យ៉ាងធំសម្រាប់ភ្លៀវទេសចរ ឱ្យមកលេងនៅកម្ពុជា កាន់តែច្រើន ជាមួយនឹងកំណើនអ្នកវិនិយោគ មកកម្ពុជា ក៏កាន់តែច្រើនផងដែរ ។
លោក នួន ផារ័ត្ន ក៏បានបញ្ជាក់ផងដែរថាៈ ពាក់ព័ន្ធនឹងការបោះឆ្នោត ដែលនឹងឈាន ចូលមកដល់ នាពេលខាងមុខនេះ សម្រាប់រាជធានីភ្នំពេញ មានប្រជាពលរដ្ឋ មានឈ្មោះទៅបោះឆ្នោត ចំនួន ៩៦ ម៉ឺននាក់ ក្នុងចំនួននេះ មានសមាជិកគណបក្ស ប្រជាជនកម្ពុជាចំនួន ៧១ ម៉ឺននាក់ លោកសូមឱ្យសមាជិកបក្សប្រជាជនកម្ពុជាម្នាក់ ក្លាយជាសន្លឹកឆ្នោត ១សន្លឹក របស់គណបក្សប្រជាជនកម្ពុជានៅពេលបោះឆ្នោត នាថ្ងៃទី២៣ កក្កដា ២០២៣ ខាងមុខនេះ ៕/V-PC