ដោយៈ មុនីរ័ត្ន/ភ្នំពេញៈ លោកបណ្ឌិត ហ៊ុន ម៉ាណែត សមាជិកគណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា និងជាប្រធានយុវជនគណបក្ស ថ្នាក់កណ្តាល បានបញ្ជាក់ថាៈ គណបក្សប្រជាជនកម្ពុជា បានបង្ហាញនូវសមត្ថភាព និងគុណសម្បត្តិ ពិតប្រាកដ ទើបអាចទទួលបាននូវ ទំនុកចិត្តពីប្រជាពលរដ្ឋ ស្របតាមគោលការណ៍ ប្រជាធិបតេយ្យ និងនីតិរដ្ឋ។ ហើយបន្តទៅមុខ គណបក្ស មានចក្ខុវិស័យ និងកម្មវិធីនយោបាយច្បាស់លាស់ ក្នុងការបន្តថែរក្សាសុខសន្តិភាព, ស្ថិរភាព, សន្តិសុខ, សណ្តាប់ធ្នាប់សាធារណៈ និងការអភិវឌ្ឍជាតិ លើគ្រប់វិស័យ សំដៅកាត់បន្ថយភាពក្រីក្រ និងលើកកម្ពស់កំណើនជីវភាពរបស់ប្រជាជន និងសេដ្ឋកិច្ចជាតិ ជាពិសេស គឺផែនការសម្រាប់ឆ្នាំ២០៥០ ក្នុងការប្រែក្លាយកម្ពុជា ទៅជាប្រទេសមានចំណូលខ្ពស់។ ការបញ្ជាក់នេះ នៅក្នុងពិធីសំណេះសំណាលជាមួយ ក្រុមការងារយុវជនគណបក្ស ប្រជាជនកម្ពុជាខេត្តកំពង់ចាម កាលពីថ្ងៃទី៩ខែមិថុនា ឆ្នាំ២០២៣។
លោកបណ្ឌិត ហ៊ុន ម៉ាណែត បានបន្តថាៈ គណបក្សប្រជាជនកម្ពុជា ទទួលបានភាព ជោគជ័យ និងការគាំទ្រពីប្រជាពលរដ្ឋ គឺដោយសារគណបក្សសកម្មការងារ, ក្តាប់ជាប់ បញ្ហាប្រឈម, កែសម្រួលចំណុចខ្វះខាតជាប់ជាប្រចាំ និងអាចបំពេញសេចក្តីត្រូវការរបស់ ប្រជាជនកាន់តែល្អប្រសើរ រួមទាំងការលើកស្ទួយកិត្យានុភាពជាតិ នៅលើឆាក អន្តរជាតិ។ ឈរលើភាពជោគជ័យនេះគណបក្សប្រជាជនកម្ពុជា បានបន្តខិតខំគ្រប់ បែបយ៉ាង ដើម្បីទទួលបាននូវសមានចិត្ត ពីសមាជិកបក្សទាំងរូបកាយ និងបេះដូងស្រឡាញ់គាំទ្រពិតស្មោះត្រង់ ព្រមជាមួយនឹងការយល់ដឹងច្បាស់លាស់ថា គណបក្ស ប្រជាជនកម្ពុជា គឺជាទីបង្អែកយ៉ាងសំខាន់ដើម្បីផ្ញើជោគវាសនា និងជាក្តីសង្ឃឹម ដ៏ត្រចះត្រចង់សម្រាប់អនាគតទាំងសម្រាប់ខ្លួនឯង និងកូនចៅជំនាន់ក្រោយៗទៀត។
លោក បណ្ឌិត ហ៊ុន ម៉ាណែត បានបញ្ជាក់ទៀតថាៈ លោក បណ្ឌិត ហ៊ុន ម៉ាណែត បានសង្កត់ធ្ងន់ថា ដើម្បីអាចធានាបាននូវការអនុវត្តគោលនយោបាយ ប្រកបដោយ ប្រសិទ្ធភាព, សកម្មជនយុវជនបក្ស គឺកាតាលីករ និងប្រតិបត្តិករយ៉ាងសំខាន់ នៅក្នុងការចូលរួមក្នុងគ្រប់កិច្ចការទាំអស់ និងគ្រប់កម្រិតពីថ្នាក់ជាតិដល់ថ្នាក់ក្រោមជាតិ សំដៅប្រែក្លាយរាល់ចក្ខុវិស័យ និងគោលនយោបាយរបស់បក្ស ឱ្យមានលទ្ធផលផ្លែផ្កា ជាក់ស្តែងសម្រាប់ជាតិ និងប្រជាជន៕/V-PC