ដោយៈ ទេពកង្រី / កំពង់ឆ្នាំងៈនៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៣ គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ក្រុងកំពង់ឆ្នាំង បានប្រារព្ធពិធីបញ្ចូលសមាជិក គណបក្សប្រជាជនកម្ពុជាថ្មី ចំនួន ៥១២ រូប ស្រីចំនួន ២៧៣ រូប ក្រោមអធិបតីភាព លោកស្រី ជូ ប៊ុនអេង ប្រធានក្រុមការងារថ្នាក់កណ្តាលចុះមូលដ្ឋានក្រុងកំពង់ឆ្នាំង និង លោក ម៉ែន ធឿន អនុប្រធានគណៈកម្មាធិការ គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ឆ្នាំង ដោយមានការចូលរួមពីក្រុមការងារថ្នាក់កណ្តាល ខេត្ត ក្រុង សង្កាត់ និងសមាជិកថ្មី សរុប ៦៩៨ នាក់។
បន្ទាប់ពី តំណាងសមាជិកថ្មីទាំង ៥១២ រូប បានឡើងអានពាក្យសុំចូលសមាជិក គណបក្សប្រជាជនកម្ពុជា និងតំណាងសមាជិកថ្មី បានឡើងធ្វើការប្តេជ្ញាចិត្ត រួចមកលោកស្រី ជូ ប៊ុនអេង បានថែ្លងថាៈ អស់លោក លោកស្រី ក្មួយៗទាំងអស់ ពិតជាបាន យល់ច្បាស់ពីគោលនយោបាយ និងចក្ខុវិស័យនៃការដឹកនាំរបស់គណបក្សប្រជាជន កម្ពុជា គឺធ្វើអ្វីៗទាំងអស់ ដើម្បីប្រទេសជាតិ និងប្រជាជន ដែលកន្លងមក គ្រប់អាណត្តិ គណបក្សប្រជាជនកម្ពុជា ត្រូវបានប្រជាជនបោះឆ្នោត គាំទ្រជានិច្ច។
លោកស្រី ជូ ប៊ុនអេង បានមានប្រសាសន៍បន្តទៀតថាៈ គណបក្សប្រជាជនកម្ពុជា គឺជាគណបក្សតែមួយគត់ ដែលបានរំដោះប្រទេសជាតិ ចេញពីរបបប្រល័យពូជសាសន៍ប៉ុល ពត ដោយសារនយោបាយឈ្នះឈ្នះរបស់សម្តេច បានបង្រួបបង្រួមជាតិខ្មែរ តែមួយ ធ្វើឱ្យប្រទេសជាតិមានសុខសន្តិភាពពេញលេញ ហើយសម្តេចដឹកនាំ កសាងប្រទេស មានការរីកចំរើន ដល់បច្ចុប្ប ទាំងផ្នែកពុទ្ធចក្រ និងអាណាចក្រ ក្នុងដំណាក់កាល នៃការរីករាលដាលជំងឺកូវីដ នៅទូទាំងសកលលោក ។
លោកស្រី ជូ ប៊ុនអេង បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ អញ្ជើញទៅបោះឆ្នោត ជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ឱ្យបានគ្រប់ៗគ្នា គឺបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា មានលេខរៀងទី១៨ ដែលមានរូបសញ្ញាទេវតា ដើម្បីធានាបានសុខសន្តិភាព និងបន្តដឹកនាំប្រទេស ឱ្យកាន់តែរីកចំរើន និងទទួលបានសមិទ្ធផលថ្មីៗ ថែមទៀត និងអំពាវនាវឱ្យចូលរួម ប្រឆាំងដាច់ខាត នូវព័ត៌មានដែលមានលក្ខណៈញុះញង់ លាបពណ៌ បំណងទុច្ចរឹត ដែលបង្កឱ្យសង្គម មានអស្ថិរភាព ចង់បំផ្លាញសុខសន្តិភាពនៅកម្ពុជា រួមគ្នាថែរក្សា សុខសន្តិភាព បច្ចុប្បន្ន ឱ្យនៅគង់វង្ស ចូលរួមគោរពច្បាប់ចរាចរណ៍ អប់រំកូនចៅ ឱ្យខិតខំរៀនសូត្រ ជៀសឱ្យឆ្ងាយពីអំពើអបាយមុខផ្សេងៗ ដែលសង្គមស្អប់ខ្ពើម៕ V / N