ដោយ: ភ្នំសន្ទុក / កំពង់ធំ: លោក ជិន សុីថា នាយខណ្ឌរដ្ឋបាលជលផលកំពង់ធំ រដ្ឋបាលស្រុកស្ទោង បានដឹកនាំកម្លាំងចម្រុះ ចុះដាំកូនឈើព្រៃលិចទឹក ចំនួន ៤.៥០០ ដើម នៅចំណុចប៉ានស្រាត ស្ថិតនៅក្នុងភូមិសាស្ត្រ ភូមិស្ពានគ្រង ឃុំចំណាក្រោម ស្រុកស្ទោង ខេត្តកំពង់ធំ កាលពីថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៣ ។

លោក ជិន ស៊ីថា បានឱ្យដឹងថាៈ ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន សូមបន្តជួយដាំដើម ឈើលិចទឹក និងជួយថែរក្សាកូនឈើ ដែលបានដាំនៅក្នុងថ្ងៃនេះ ឲ្យបានល្អ ដើម្បីជាគម្របធម្មជាតិ និងជាសំបុកសម្រាប់ត្រីពង។

លោក ជិន ស៊ីថា ក៏បានអំពាវនារបស់ប្រជាពលរដ្ឋ ពិសេសបងប្អូនប្រជានេសាទ សូមជួយថែរក្សា និងអភិរក្សព្រៃលិចទឹក កុំកាប់ឆ្ការរូបរាងទន្ទ្រានយកធ្វើជាកម្មសិទ្ធិ ឬអាជីវកម្ម និងកុំនេសាទខុសច្បាប់ នៅក្នុងរដូវកាលបិទនេសាទ ដែលជាឱកាស សម្រាប់ត្រីពង និងបង្កកំណើត។

លោកនាយខណ្ឌរដ្ឋបាលជលផលកំពង់ធំ ក៏បានលើកទឹកចិត្ត និងជំរុញដល់អាជ្ញាធរ សមត្ថកិច្ចពាក់ព័ន្ធគ្រប់ស្ថាប័ន សូមបន្តជួយតាមដានការពារ និងវែកមុខជនល្មើស ដែលតែងតែលួចកាប់បំផ្លាញ និងរានទន្ទ្រានព្រៃលិចទឹក ដែលជាការបំផ្លិចបំផ្លាញ ធនធានធម្មជាតិ ពិសេសជម្រកមច្ឆជាតិ ដើម្បីផ្ដន្ទាទោសតាមច្បាប់។

សូមបញ្ជាក់ផងដែរថា ការដាំកូនឈើព្រៃលិចទឹក ក្នុងឱកាសនេះបានចំនួន ៤.៥០០ ដើម លើផ្ទៃដីទំហំ ៥២ ហិកតា បោះបង្គោលព្រំ (បង្គោលថ្ម) ចំនួន ១០ ដើម ដាក់ស្លាកសញ្ញាហាមកាប់ព្រៃលិចទឹក និងតំបន់ដាំព្រៃលិចទឹក ចូលរួមការពារ ទាំងអស់គ្នា ចំនួន ១១ស្លាក តូច ១០ស្លាក ធំ១ស្លាក៕ V / N