ដោយៈ មុនីរត្ន / ភ្នំពញៈ សមត្ថកិច្ច បានបំបែកសំណុំរឿង ករណីឃាតកម្មដ៏សាហាវ ឃោរឃៅ ធ្វើទារុណកម្មសម្លាប់ជនជាតិចិនញាត់ក្នុងវ៉ាលី រួចយកសាកសពទៅបោះ ចោល នៅចំណុចមាត់ច្រាំងទន្លេសាប ភូមិពាមជំនីក ឃុំកំពង់លួង ស្រុកពញាឮខេត្តកណ្តាល បន្ទាប់ពីបើកការស្រាវជ្រាវ សមត្ថកិច្ច បានឃាត់ខ្លួនជនជាតិចិន ចំនួន ៤នាក់។

ប្រតិបត្តិការនេះ ធ្វើឡើងក្រោមការបញ្ជាផ្ទាល់ពីលោក នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ, អគ្គស្នងការរងទទួលផែន, ប្រធាននាយកដ្ឋានកណ្ដាល និងចង្អុលដឹកនាំបញ្ជាដោយលោក ឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ។

កិច្ចប្រតិបត្ដិការស៊ើបអង្កេតស្រាវជ្រាវ ករណីឃាតកម្ម កាលពីថ្ងៃទី ខែមិថុនា ឆ្នាំ២០២៣ នៅវេលាម៉ោង ប្រទះឃើញសាកសព នៅចំណុចមាត់ច្រាំងទន្លេសាប ភូមិពាមជំនីក ឃុំកំពង់លួង ស្រុកពញាឮ ខេត្តកណ្តាល លោកឧត្តមសេនីយ៍ត្រី ខេង ម៉េឈាង និងលោកឧត្តមសេនីយ៍ត្រី ប៊ុត វណ្ណារដ្ឋ ដឹកនាំកម្លាំងជំនាញនាយកដ្ឋានសហការជាមួយនាយកដ្ឋាន នគរបាលបច្ចេកទេសនិងវិទ្យាសាស្ត្រ, ស្នងការដ្ឋាន នគរបាលខេត្ដកណ្ដាល និងអធិការដ្ឋាននគរបាលខណ្ឌដង្កោ ដោយសម្របសម្រួល នីតិវិធីរបស់លោក ស៊ិត វណ្ណៈ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូង រាជធានីភ្នំពេញ ធ្វើការបង្ក្រាបបានជនសង្ស័យ ជាបុរសជនជាតិចិនចំនួន ៤នាក់រួមមានទី១. ឈ្មោះ DAI MINGXING ហៅ QI SHI  អាយុ៣៤ឆ្នាំ , ទី២. ឈ្មោះ HONG QI  អាយុ៣៣ឆ្នាំ , ទី៣. ឈ្មោះ ZHANG XI YUAN ហៅ XIAO BAI  អាយុ២៦ឆ្នាំ, បីនាក់នេះ ស្នាក់នៅអគារជងយ័ន ផ្លូវលំ ភូមិកន្ទុយទឹក សង្កាត់ទៀនខណ្ឌដង្កោ រាជធានីភ្នំពេញ និងទី៤. ឈ្មោះ LI CHEN ហៅ BING អាយុ៣៧ឆ្នាំ ស្នាក់នៅអគារព្រីន សង្កាត់ទន្លេបាសាក់ខណ្ឌចំការមន រាជធានីភ្នំពេញ។

ចំណែកជនរងគ្រោះ ក៏ជាបុរសជនជាតិចិនដែរ មានឈ្មោះ YI MING DALI អាយុ២៥ឆ្នាំ  ស្នាក់នៅអគារជងយ័ន ផ្លូវលំ ភូមិកន្ទុយទឹក សង្កាត់ទៀន ខណ្ឌដង្កោ រាជធានីភ្នំពេញ

វត្ថុតាងចាប់យករួមមាន៖ វ៉ាលី ពណ៍ខ្មៅ មានកង់រុញចំនួន៤ ម៉ាក AF American Flyer ចំនួន១, វ៉ាលី ពណ៍ខ្មៅ មានកង់រុញចំនួន៤ចំនួន១ មានសម្លៀកបំពាក់ ប្រឡាក់ឈាម, ស្កុតរុំមុខសព បិទជិត (ខាងក្នុងស្កុតមានម៉ាស ពណ៌ផ្ទៃមេឃ បិទលើភ្នែកទាំងសងខាងជាន់ទី២ និងមានថង់ប្លាស្ទិក ពណ៌ស បត់៤ជ្រុង មានអក្សរ Facebook SuSu Shop/SuSu Nguyen trai និងក្នុងមាត់ មានញាត់ក្រណាត់ជំរៀកខោទ្រនាប់ ពណ៌ប្រផេះ ម៉ាក Nanjiren

សភាពរឿងហេតុគឺ នៅថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៣ វេលាម៉ោង ០៦ៈ០០នាទី មានប្រជាពលរដ្ឋ ដែលជាអ្នកនេសាទ នៅតាមដងទន្លេសាប បានប្រទះឃើញ វ៉ាលី ពណ៌ខ្មៅ ចំនួន២ នៅក្បែរមាត់ច្រាំងទន្លេសាប និងបានរូតវ៉ាលី ដើម្បីមើល ក៏ប្រទះឃើញសាកសព មានក្លិនស្អុយ និងមានស្កុតរុំមុខជិត នៅចំណុចមាត់ច្រាំង ទន្លេសាប ភូមិពាមជំនីក ឃុំកំពង់លួង ស្រុកពញាឮខេត្តកណ្តាល។

ផ្អែកតាមការស៊ើបអង្កេតស្រាវជ្រាវ ត្រួតពិនិត្យកាមេរ៉ាសុវត្ថិភាព ឈានទៅកំណត់ អត្ដសញ្ញាណជនសង្ស័យ ក្នុងអំពើនេះជនរងគ្រោះ មានឈ្មោះ YI MING DALI ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិចិន ធ្វើការនៅក្នុងក្រុមហ៊ុនមួយកន្លែង ក្នុងអគារជាន់ ទី៣បន្ទប់៣C (៣៣២៣៣៣) ស្ថិតនៅភូមិកន្ទុយទឹក សង្កាត់ទៀន ខណ្ឌដង្កោ រាជធានីភ្នំពេញ ត្រូវបានក្រុមជនសង្ស័យ ធ្វើទារុណកម្មនៅបន្ទប់លេខ១០៤ ជាន់ទី១ និងបន្ទប់លេខ៣០២ ជាន់ទី៣ ហើយបានដឹកជនរងគ្រោះ ចេញទៅ។

នាយកដ្ឋាននគរបាលបច្ចេកទេស និងវិទ្យាសាស្រ្ត បានត្រួតពិនិត្យ និងកោសល្យវិច័យ នៅបន្ទប់លេខ១០៤ ជាន់ទី១ មានស្លាកស្នាមប្រឡាក់ ចំនួន២កន្លែង ក្រោមជើងវាំងនន  និងបន្ទប់លេខ៣០២ ជាន់ទី៣ មានស្លាកស្នាមប្រឡាក់ ជាប់នឹងជើងគ្រែ រួចមន្រ្តីជំនាញបានធ្វើតេស្ត (BULESTAR) លើសំណាកឃើញថា ពិតជាឈាមមនុស្ស (វិជ្ជមាន) /V-PC