​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ សេត​វិមាន​បាន​និយាយ​កាលពី​ថ្ងៃ​សុក្រ​ថា រុស្ស៊ី​ហាក់​កំពុង​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ការពា​រ​ជាតិ​របស់​ខ្លួន​ជាមួយ​អ៊ីរ៉ង់​ហើយ​បាន​ទទួល​ដ្រូ​នវាយ​​ប្រហារ​រាប់រយ​គ្រឿង ដែល​ខ្លួន​កំពុង​ប្រើ​ដើម្បី​វាយប្រហារ​អ៊ុ​យក្រែន​។​

​ដោយ​លើកឡើង​ពី​ព័ត៌មាន​មិន​សម្ងាត់​ថ្មីៗ សេត​វិមាន​បាន​និយាយថា ដ្រូ​ន ឬ UAV​ត្រូវបាន​ផលិត​ក្នុងប្រទេស​អ៊ីរ៉ង់ ដឹកជញ្ជូន​ឆ្លងកាត់​សមុទ្រ​កាស​ព្យែន (Caspian)​ហើយ​បន្ទាប់​មក​ប្រើប្រាស់​​ដោយ​កងកម្លាំង​រុស្ស៊ី​ប្រឆាំង​នឹង​អ៊ុ​យក្រែន​។​

​អ្នកនាំពាក្យ​សេត​វិមាន លោក ច​ន កឺ​ប៊ី (John Kirby)​បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា “​រុស្ស៊ី​កំពុង​ប្រើប្រាស់ UAV របស់​អ៊ីរ៉ង់​ក្នុង​ប៉ុន្មាន​សប្តាហ៍​ថ្មីៗ​នេះ​ដើម្បី​វាយប្រហារ​រដ្ឋាភិបាល​​ក្រុង​គៀវ​និង​បំភ័យ​ប្រជាជន​អ៊ុ​យក្រែន ហើយ​ភាព​ជា​ដៃគូ​យោធា​រវាង​រុស្ស៊ី​និង​អ៊ីរ៉ង់​ហាក់​កំពុង​ពង្រឹង​កាន់តែ​ស៊ីជម្រៅ​”​។​

“​យើង​ក៏​មាន​ការព្រួយបារម្ភ​ដែរ​ថា រុស្ស៊ី​កំពុងធ្វើការ​ជាមួយ​អ៊ីរ៉ង់​ក្នុង​ការផលិត UAV របស់​អ៊ីរ៉ង់​ពី​ខាងក្នុង​ទឹកដី​រុស្ស៊ី​”​។​

​លោក​កឺប៊ី​បាន​និយាយថា សហរដ្ឋ​អាម៉េរិក​មាន​ព័ត៌មាន​ថា រុស្ស៊ី​កំពុង​ទទួល​បាន​វត្ថុធាតុដើម​ពី​អ៊ីរ៉ង់ ដែល​តម្រូវ​ឱ្យ​មាន​ដើម្បី​សាងសង់​រោងចក្រ​ផលិត​ដ្រូ​ន ដែល​អាច​ដំណើរការ​ពេញលេញ​នៅ​ដើម​ឆ្នាំ​ក្រោយ​។​

​លោក​បាន​និយាយថា “​យើង​កំពុង​បញ្ចេញ​រូបភាព​ផ្កាយរណប​នៃ​ទីតាំង​ដែល​បាន​គ្រោងទុក​នៃ​រោងចក្រ​ផលិត UAV នេះ​នៅក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​អា​ឡា​ប៊ូ​ហ្គា (Alabuga) របស់​រុស្ស៊ី​”៕

សេត​វិមាន​បាន​និយាយថា ដ្រូ​ន ឬ UAV ត្រូវបាន​ផលិត​ក្នុងប្រទេស​អ៊ីរ៉ង់ ដឹកជញ្ជូន​ឆ្លងកាត់​សមុទ្រ​កាស​ព្យែន ហើយ​បន្ទាប់​មក​ប្រើប្រាស់​ដោយ​ក​ង​កម្លាំង​រុស្ស៊ី​ប្រឆាំង​នឹង​អ៊ុ​យក្រែន​។​ក្នុង​រូប ប៉ូលិស​​អ៊ុយ​ក្រែន​ពិនិត្យ​បំណែក​ដ្រូ​ន​ដែល​អាជ្ញាធរ​អ៊ុយ​ក្រែន​គិតថា​ជា​ដ្រូ​ន​Shahed-136​ផលិត​នៅ​អ៊ីរ៉ង់​ដែល​ត្រូវ​បាន​បាញ់​ទម្លាក់​នៅ​តំបន់​ខា​គី​វ​