ប្រែសម្រួល : កញ្ញាដាលីស (ដេល្លីម៉េល) ៖ កំពូលតារាបាល់ទាត់អាហ្សង់ទីន លីអូនែល ម៉េសស៊ី បានមកដល់ទីក្រុងប៉េកាំងនៅថ្ងៃសៅរ៍នេះសម្រាប់ការប្រកួតមិត្តភាពមួយមុនពេលចាកចេញពីអាជីពនៅអឺរ៉ុបទៅចូលរួមជាមួយក្រុម Inter Miami នៃក្របខ័ណ្ឌ Major League Soccer ក្នុងនាមជាកីឡាករឥតតម្លៃខ្លួន។
ការមកដល់របស់គាត់ត្រូវបានប្រកាសនៅក្នុងសារបង្ហោះនៅលើវេបសាយបណ្តាញសង្គម Weibo ផ្លូវការរបស់អ្នករៀបចំការប្រកួតបាល់ទាត់អន្តរជាតិជាមួយវីដេអូមួយបង្ហាញកីឡាករចុះពីលើយន្តហោះនៅមុនការប្រកួតរវាងអាហ្សង់ទីននិងអូស្ត្រាលីនៅថ្ងៃព្រហស្បតិ៍ខាងមុខនៅក្នុងកីឡដ្ឋាន Workers’ Stadium របស់រដ្ឋធានីចិន ដែលទើបនឹងសាងសង់ថ្មី។
ម៉េសស៊ី ដែលបានលើកពានវើលខាប់ក្នុងប្រទេសកាតាកាលពីខែធ្នូនិងត្រូវបានចាត់ទុកជាកីឡាករដ៏អស្ចារ្យម្នាក់ បានបញ្ជាក់ក្នុងសប្តាហ៍នេះថា គាត់នឹងចាកចេញពីម្ចាស់ជើងឯកបារាំង Paris St Germain សម្រាប់លីកអាម៉េរិក។
នេះគឺជាដំណើរលើកទីប្រាំពីររបស់ប្រធានក្រុមអាហ្សង់ទីនរូបនេះទៅកាន់ប្រទេសចិន និង ជាលើកដំបូងរបស់គាត់ចាប់តាំងពីឆ្នាំ ២០១៧។
គាត់បានទទួលការស្វាគមន៍យ៉ាងក្លៀវក្លារាល់ពេលទៅដល់ចិន ដែលមានអ្នកគាំទ្របាល់ទាត់យ៉ាងច្រើន ត្បិតក្រុមជម្រើសជាតិបុរសរបស់ខ្លួនបានលេងនៅវើលខាប់តែម្តង៕
អ្នកគាំទ្ររង់ចាំការមកដល់របស់ម៉េសស៊ីនៅក្រុងប៉េកាំងនៅថ្ងៃសៅរ៍នេះ