ដោយបាយ័ន/សៀមរាបៈ នៅថ្ងៃទី០៩ ខែ មិថុនា ឆ្នាំ២០២៣ ម្សិលមិញ លោកឧកញ៉ា សៀង ណាំ អ្នកតំណាងរាស្រ្តសៀមរាប និងលោក អ៊ាន ឃុន ប្រធានក្រុមប្រឹក្សាខេត្តសៀមរាប អមដំណើរដោយក្រុមការងារខេត្តចុះជួយឃុំ  និងអាជ្ញាធរមូលដ្ឋាន បានអញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋ ក្នុងឃុំចំនួនពីរក្នុងស្រុកក្រឡាញ់ គឺឃុំក្រូចគរ និងឃុំស្រណាល ដើម្បីស្វែងយល់ពីជីវភាពរស់នៅប្រចាំថ្ងៃរបស់ពួកគាត់

លោកឧកញ៉ា បាន មានប្រសាសន៍ថា ការចុះមកជួបសំណេះសំណាលសួរសុខទុក្ខ ជាមួយបងប្អូនប្រជាពលរដ្ឋនាពេលនេះ គឺក្នុងនាមជាអ្នកតំណាងរាស្រ្ត និងតំណាងអាជ្ញាធរខេត្ត គឺចង់ដឹងពីស្ថានភាពរស់នៅសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋ  និង ជាឱកាសមួយសម្រាប់ក្តាប់ព័ត៌មានជាក់ស្តែងពីបញ្ហាផ្សេងៗរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន តាមរយៈនៃការចុះសាកសួរសុខទុក្ខនេះផងដែរ។

លោក សៀង ណាំ បាននិយាយបន្តថា តាមរយៈគោលនយោបាយឈ្នះ ឈ្នះ របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានធ្វើឱ្យប្រទេសជាតិទទួលបានសុខសន្តិភាព ឯកភាពជាតិ ឯកភាពទឹកដីទាំងស្រុង ចាប់ពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ ១៩៩៨ បានផ្ដល់កាលានុវត្តភាពដ៏ធំធេងសម្រាប់ការអភិវឌ្ឍប្រទេសជាតិរហូតមកដល់បច្ចុប្បន្ន និងតទៅអនាគត ពិសេសការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី បានធ្វើឲ្យប្រទេសជាតិទទួល បាននូវសុខសន្តិភាពស្ថេរភាព ពេញលេញនិងការអភិវឌ្ឍជាតិ ការផ្តល់អ្វីៗសព្វបែបយ៉ាងទៅអោយប្រជាពលរដ្ឋ ដូច្នេះសន្តិភាពគឺជាមូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាពលើគ្រប់វិស័យ បើគ្មានសន្តិភាព គឺពុំមានការអភិវឌ្ឍដូចបច្ចុប្បន្ននេះឡើយ។

លោកឧកញ៉ា សៀង ណាំ បានជំរុញឲ្យ អាជ្ញាធរស្រុក ឃុំ និង សមត្ថកិច្ចគ្រប់ជាន់ថ្នាក់ ព្រមទាំងមេភូមិទាំងអស់ ត្រូវយកចិត្តទុកដាក់បម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋអោយបានល្អ ត្រូវចូលរួមអនុវត្តគោលនយោបាយ ភូមិឃុំមានសុវត្ថិភាព លុបបំបាត់ល្បែងស៊ីសងខុសច្បាប់ និងបទល្មើសគ្រប់ប្រភេទ និងត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា

លោក ក៏បានអំពាវនាវឱ្យប្រជាពលរដ្ឋទាំងអស់ទៅចូលរួមបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខនេះ ដើម្បីបំពេញកាតព្វកិច្ច និងសិទ្ធិជាប្រជាពលរដ្ឋក្នុងការសម្រេច និងជ្រើសរើសមេដឹកនាំប្រទេសជាតិ  ៕/PC