ដោយៈ មុនីរត្ន / ភ្នំពេញៈ ករណីប្រទះឃើញសាកសពមនុស្សស្រី រុំកន្ទេល ផ្លុងចោល នៅចំណុចភូមិឆ្មាពួន ឃុំជើងកើប ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល ត្រូវបាននាយកដ្ឋាន នគរបាលព្រហ្មទណ្ឌ ធ្វើការស្រាវជ្រាវ បង្ក្រាបបានហើយ។ កាលពីថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៣ មានប្រជាពលរដ្ឋ ប្រទះឃើញ សាកសពនារីម្នាក់ មិនស្គាល់អត្តសញ្ញាណ ត្រូវបានគេរុំកន្ទេល យកមកផ្លុងចោល នៅរណ្តៅដី ជីកដាក់លូ នៅក្នុងបូរីកាងម៉េង ស្ថិតនៅភូមិឆ្មាពួន ឃុំជើងកើប ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។
ដោយមានការចង្អុលបង្ហាញពីលោក នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ, លោកឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាន នគរបាលព្រហ្មទណ្ឌ បានបញ្ជាឲ្យបើកការស្រាវជ្រាវ និងបង្ក្រាប ដឹកនាំដោយលោក ឧត្តមសេនីយ៍ត្រី ហ៊ុន មុន្នីរ័ត្ន និងលោកវរសេនីយ៍ឯក ហែម បូណា អនុប្រធាន នាយកដ្ឋាន នគរបាលព្រហ្មទណ្ឌ បានដឹកនាំកម្លាំងជំនាញ របស់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដោយដឹកនាំសហការជាមួយស្នងការដ្ឋាននគរបាល ខេត្តកណ្ដាលនិងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ធ្វេីការស្រាវជ្រាវ និងឃាត់ខ្លួនជនសង្ស័យបានចំនួន ២នាក់ ដែលជាម្ចាស់គ្លីនិកពិគ្រោះជំងឺ ប៉ ខាង រួមមាន ទី១. ឈ្មោះ LAI WENSHAO អាយុ៣០ឆ្នាំ (ជាប្តី) និងទី២. ឈ្មោះ CAI HUIJUAN អាយុ៣៩ឆ្នាំ(ជាប្រពន្ធ) ។ សាកសពជនរងគ្រោះ មានឈ្មោះ BYIN A YEON ភេទស្រី អាយុ៣៣ឆ្នាំ ជនជាតិកូរ៉េ។
ជនសង្ស័យទាំងពីរនាក់ប្ដីប្រពន្ធ បានសារភាពថា កាលពីថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៣ វេលាម៉ោង ១៧:៥៤នាទី ជនរងគ្រោះឈ្មោះ BYIN A YEONG ភេទស្រី អាយុ៣៣ឆ្នាំ ជនជាតិកូរ៉េ បានចូលមកសម្រាកព្យាបាល នៅគ្លីនិករបស់ខ្លួន ដោយចាក់សារ៉ូម ប្រភេទ SHENG LI YAN SHUI អស់ចំនួន ២ ប្លោក ស្រាប់តែធ្វើជនរងគ្រោះ ប្រកាច់ស្លាប់ នៅក្នុងគ្លីនិករបស់ពួកខ្លួនតែម្ដង។
ឃើញដូច្នេះ ជនសង្ស័យដែលជាម្ចាស់គ្លីនិក ក៏បានរៀបចំយកសាកសពជនរងគ្រោះ រុំកន្ទេល ពណ៌ក្រហម និងចងខ្សែ ដឹកសពជនរងគ្រោះ តាមមធ្យោបាយរថយន្តម៉ាក Toyota Prius ពណ៌ខៀវ ផលិតឆ្នាំ2007 ពាក់ស្លាកលេ ភ្នំពេញ 2BR-9717 ចេញពីគ្លីនិករបស់ខ្លួន ដែលមានអាស័យដ្ឋាន នៅសង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ឆ្ពោះទៅព្រែកហូរ ផ្លូវជាតិលេខ២ ចុះតាមខ្លោងទ្វារ បុរីកាំងម៉េង ទៅទម្លាក់ចោលក្បែរមាត់លូ ស្ថិតនៅភូមិឆ្មាពួន ឃុំជើងកើប ស្រុកកណ្តាលស្ទឹង ខេត្ដកណ្ដាល។
បច្ចុប្បន្ន នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានកសាងសំណុំរឿង បញ្ជូនជនសង្ស័យ ទាំងពីរនាក់ ខាងលើទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការបន្តតាមនីតិវិធី៕/V/R