រាប់រយ​នាក់​បាត់​ខ្លួន​បន្ទាប់ពី​បាក់​ទំនប់​វារីអគ្គិសនី​ជន់​លិច​ភូមិ​នៅ​ឡាវ​

1774
ចែករម្លែក
  • 71
    Shares

ទំនប់វារីអគ្គិសនីមួយបានរលំបាក់នៅឡាវភាគអាគ្នេយ៍ ដោយបណ្តាលអោយបាត់ខ្លួនមនុស្សរាប់រយនាក់ នេះបើតាមសារព័ត៌មានរដ្ឋបានប្រកាសនៅថ្ងៃអង្គារទី២៤កក្កដានេះ។កិច្ចខិតខំជួយសង្រ្គោះកំពុងប្រព្រឹត្តទៅគ្មានបង្អង់ដៃ ខណៈមន្រ្តីជាន់ខ្ពស់រដ្ឋាភិបាលនាំគ្នាទៅកាន់កន្លែងកើតហេតុនិងអំពាវនាវរកជំនួយ។

ទីភ្នាក់ងារសារព័ត៌មានឡាវផ្លូវការKPLបាននិយាយថា ទំនប់វារីអគ្គិសនីXepian-Xe Nam Noy នៅក្នុងខេត្តអាតាពឺ បានរលំបាក់កាលពីល្ងាចថ្ងៃចន្ទ ដោយជះទឹកទាំងផ្ទាំងៗវាយបក់បោកលើផ្ទះទាំងភូមិៗ ដោយធ្វើអោយមនុស្សជាង៦.៦០០នាក់បាត់បង់ផ្ទះ។

ទំនប់​វា​រី​អគ្គិសនី​នៅក្នុង​ខេត្ត​អាតាពឺ​មាន​ចំងាយ​មិន​ដល់​១០០​គីឡូម៉ែត្រ​ពីព្រំដែនកម្ពុជា

ទំនប់នេះជាការវិនិយោគរួមគ្នារវាងក្រុមហ៊ុនកូរ៉េខាងត្បូង ថៃ និងដៃគូឡាវ ហើយកំពុងត្រូវសាងសង់នៅឡើយ។ KPL បានពណ៌នាថាផ្នែកដែលរលំបាក់ធ្លាយជាទំនប់ទឹកជំនួយ គឺទុកទឹកដែលសល់ពីទំនប់ទឹកធំ។

ទីភ្នាក់ងារសារព័ត៌មានយ៉ុនហាប់បានស្រង់សម្តីមន្រ្តីដែលសុំមិនបញ្ចេញឈ្មោះម្នាក់ នៅក្រុមហ៊ុនSK Engineering & Construction ដែលជាដៃគូសំណង់មួយរបស់កូរ៉េខាងត្បូង ដែលបាននិយាយថាភ្លៀងធ្លាក់នៅក្នុងតំបន់កើតហេតុកើនលើកធម្មតាដល់ទៅ៣ដងនិងមិនធ្លាប់មានជាហេតុនាំអោយទំនប់ទឹកមួយក្នុងចំណោមទំនប់
បម្រុង៥ហៀរហូរ។

តំបន់ជាច្រើននៅឡាវក៏ជួបទឹកជំនន់កាលពីពេលថ្មីៗ ដោយសារតែការធ្លាក់ភ្លៀងខ្លាំងនៅរដូវវស្សា។

ទីភ្នាក់ងារសារព័ត៌មាន KPL បាននិយាយថា នាយករដ្ឋមន្រ្តីថងលួន ស៊ីសូលីត( Thongloun Sisoulith)មានផែនការជួបប្រជុំរដ្ឋាភិបាលនៅខែសីហាក្រោយនិងបានដឹកនាំសមាជិគណៈរដ្ឋមន្រ្តីរបស់លោក ព្រមទាំងមន្រ្តីជាន់ខ្ពស់ដទៃទៀតទៅកាន់ស្រុកសាណាមសាយដើម្បីពិនិត្យមើលការងារជួយសង្រ្គោះ។

អាជ្ញាធរខេត្តបានចេញការអំពាវនាវសុំជំនួយគ្រាអាសន្ន រួមមានសម្លៀកបំពាក់ ស្បៀង ទឹកផឹក ថ្នាំពេទ្យ លុយនិងវត្ថុចាំបាច់ដទៃទៀត មកពីបក្ស រដ្ឋាភិបាល សហគមន៍ធុរកិច្ច មន្រ្តី ប៉ូលិសនិងកងកម្លាំងប្រដាប់អាវុធ រួមទាំងប្រជាជនទូទៅ។

ឡាវជាប្រទេសក្រីក្របំផុតមួយនៅអាស៊ី ។ប្រទេសមួយនេះបានផ្លាស់ប្តូរពីរបបកុំម្មុយនីស្តមកជាសេដ្ឋកិច្ចទីផ្សារ តែនៅតែគ្រប់គ្រងដោយបក្សតែមួយ ដោយសេរីភាពមានកំណត់។មិនមាន​សេរីភាពសារព័ត៌មានពិតប្រាកដទេ និងអ្នកយកព័ត៌មានបរទេសធ្វើការនៅក្រោមការរឹតត្បឹតខ្លាំង គឺកំហិតលំហូរព័ត៌មាន។

ចរន្តអគ្គិសនីបានមកពីទំនប់វារិអគ្គិសនីជាច្រើនជាចំណែកធំមួយនៃចំណូលពីការនាំចេញរបស់ឡាវ ហើយថៃជាអ្នកទិញភ្លើងធំជាងគេពីឡាវ។

KPLបាននិយាយថាគំរោងទំនប់វារីអគ្គិសនីXepian-Xe Nam Noy នេះត្រូវចំណាយប្រាក់អស់១,០២០លានដុល្លារ ភាគច្រើនបានមកពីកំចីពីថៃ។ទំនប់នេះគ្រោងដាក់ដំណើរការនៅឆ្នាំក្រោយ(២០១៩) ហើយចរន្តភ្លើងតែ១០ភាគរយទេដែលត្រូវប្រើក្នុងស្រុកនិង៩០ភាគរយលក់ទៅថៃ៕ដោយ៖វាសនា

ពួកអ្នកភូមិនាំគ្នាឡើងលើដំបូលផ្ទះ ខណៈទឹកបុកឡើងភ្លាមៗរកតែរត់ក៏មិនទាន់ក្រោយការបាក់ទំនប់វារីអគ្គិសនី

ទាំងឆ្កែនិងមនុស្សនាំគ្នាឡើងលើដំបូងផ្ទះ ឯសត្វមិនអាចឡើងកើតទំនងជាគ្មានជីវិតនៅរស់ទេ

វាជាគ្រោះមហន្តរាយបាក់ទំនប់ទឹកអាក្រក់បំផុតក្នុងរយៈពេល៦០ឆ្នាំមកនេះ។ កាលពីឆ្នាំ១៩៧៥ មនុស្សប្រមាណ២០.០០០ស្លាប់ដោយការបាក់ទំនប់ទឹកនៅខេត្តហេណាន។

 

 

 

 

 

 

ទីតាំងផ្សាយពាណិជ្ជកម្ម