តំបន់​មួយចំនួន​នៅ​ព្រំដែន​កម្ពុជា​-​ឡាវ បាន​ជន់​លិច ខណៈ​ប្រជាពលរដ្ឋ​ត្រូវ​ជម្លៀស​ទៅកាន់​តំបន់​សុវត្ថិភាព

1090
ចែករម្លែក

ដោយ​: មុនី​រ័ត្ន​, សុខុម / ស្ទឹងត្រែង​: ក្រសួង​ធនធានទឹក និង​ឧតុនិយម បានប្រកាស​ឲ្យ​ដឹងថា មកដល់​វេលា​ព្រឹក​ព្រលឹម​ថ្ងៃទី​២៥ ខែកក្កដា ឆ្នាំ ២០១៨ នេះ ទឹកជំនន់​ដែល​ហូរ​ចេញពី​ការបាក់​ទំនប់ Se-Pian Se Nam Noi ក្នុង​ខេត្ត Attapeu ប្រទេស​ឡាវ បាន​មកដល់​ព្រំដែន​ប្រទេស​កម្ពុជា​ជា​បណ្តើរៗ​ហើយ និង​បាន​លិច​ចូល​តំបន់​មួយចំនួន​នៅក្នុង​ឃុំ​ថ្មកែវ ឃុំ​សន្តិភាព និង​ឃុំ​សេកុង នៃ​ស្រុក​សៀម​ប៉ាង ខេត្តស្ទឹងត្រែង​។ ទឹកទន្លេ​សេកុង ក៏បាន​ហក់​ឡើងដល់​កម្ពស់ ១១,៣០ ម (​កម្រិត​ប្រកាស​ឱ្យ​ប្រុងប្រយ័ត្ន​មាន​កម្ពស់ ១១,៥០ ម​)​។ អាជ្ញាធរខេត្ត បាន និង​កំពុង​ជម្លៀស​បងប្អូន​ប្រជាពលរដ្ឋ​ទៅកាន់​ទីទួល​សុវត្ថិភាព​។​

​សេចក្ដីរាយការណ៍​ពី​ភ្នាក់ងារ​រស្មី​កម្ពុជា​ប្រចាំខេត្ត​ស្ទឹងត្រែង បាន​ឲ្យ​ដឹងថា លោក ម៉ុម សារឿន អភិបាលខេត្ត​ស្ទឹងត្រែង បាន​ដឹកនាំ​ក្រុមការងារ​ជម្លៀស​បងប្អូន​ប្រជាពលរដ្ឋ ចេញពី​លំនៅដ្ឋាន​ទៅកាន់​តំបន់​សុវត្ថិភាព ក្នុងស្រុក​សៀម​ប៉ាង ខេត្តស្ទឹងត្រែង ដែល​រង​ផលប៉ះពាល់​ពី​ទឹកជំនន់​ក្នុងករណី​បាក់​ទំនប់​វា​រី​អគ្គិសនី​សេ​ពាន​សេណា​មណ​យ ស្ថិតនៅ​ខេត្ត​អត្ត​ពឺ ប្រទេស​ឡាវ មាន​ចម្ងាយ​ប្រមាណ ៧០​គីឡូម៉ែត្រ ពី​ព្រំដែន​កម្ពុជា​-​ឡាវ ហើយ​ត្រូវ​ហូរ​ចូលមកក្នុង​ទន្លេសេកុង ក្នុងភូមិ​សាស្ត្រ​ស្រុក​សៀម​ប៉ាង កាលពី​យប់​ថ្ងៃទី​២៤ ខែកក្កដា ឆ្នាំ​២០១៨៕ ល​

ទីតាំងផ្សាយពាណិជ្ជកម្ម