ជនសង្ស័យ​ម្នាក់​ពាក់ព័ន្ធ​នឹង​ការ​ចែកចាយ​គ្រឿងញៀន​ត្រូវ​ប៉ូលិស​ចាប់ខ្លួន​

1126
ចែករម្លែក
ជនសង្ស័យ​ឈ្មោះ ឈុំ ច័ន្ទ​ដា​រ៉ូ (​រូប​៖ គ្រញូង​)

បាត់ដំបងៈ ជនសង្ស័យ​ម្នាក់​ពាក់ព័ន្ធ​នឹង​ការ​ចែកចាយ​គ្រឿងញៀន ត្រូវ​អធិការ​ប៉ូលិស​ស្រុក​ថ្មគោល​ចាប់ខ្លួនបាន កាលពី​រសៀល​ថ្ងៃទី​២៥ ខែកក្កដា ឆ្នាំ​២០១៧ នៅ​ចំណុច​ភូមិ​ជ្រោយ​ម្ទេស ឃុំ​តា​ម៉ឺន ស្រុក​ថ្មគោល តាម​ការ​ច​ម្អុ​ល​បង្ហាញ​ពី​ជនសង្ស័យ​ម្នាក់​ឈ្មោះ ខុម ឆៃ​យ៉ា និង​មានការ​អនុញ្ញាត​ពី​លោក នួន សាន ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត ពីបទ​ចែកចាយ​គ្រឿងញៀន​។​

​លោក ហៀ​ង ប៊ុន​ថា អធិការនគរបាលរ​ង​ស្រុក​ថ្មគោល បាន​ឲ្យ​ដឹងថា ជនសង្ស័យ​មានឈ្មោះ ឈុំ ច័ន្ទ​ដា​រ៉ូ ភេទ​ប្រុស អាយុ​២២​ឆ្នាំ នៅ​ភូមិ ឃុំ​ខាងលើ មិនមាន​ដកហូត​បាន​វត្ថុតាង​អ្វី​ទេ​។​

​លោក​អធិការរង​ស្រុក​បាន​បញ្ជាក់ថា កាលពី​ម៉ោងជាង​៦​ល្ងាច​ថ្ងៃទី​២០ ខែកក្កដា ឆ្នាំ​២០១៧ នៅ​ចំណុច​ភូមិ​តា​សី ឃុំ​តា​ម៉ឺន ស្រុក​ថ្មគោល កម្លាំង​អធិការ​ស្រុក​ថ្មគោល​បាន​ចុះ​ប្រតិបត្តិ​ការបង្ក្រាប ករណី​រក្សាទុក​គ្រឿងញៀន​ហាមឃាត់​ខុសច្បាប់ ដោយ​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន ២​នាក់ ឈ្មោះ ខុម ឆៃ​យ៉ា ភេទ​ប្រុស អាយុ​២៤​ឆ្នាំ នៅ​ភូមិ​គោក​ត្រប់ ឃុំ​តា​ម៉ឺន និង​ឈ្មោះ ធឿន ប៊ុន​ធី ភេទ​ប្រុស អាយុ​២៥​ឆ្នាំ នៅ​ភូមិ​អង់​ជើង ឃុំ​តា​ម៉ឺន ដកហូត​បាន​ថ្នាំញៀន​ប្រភេទ​ម៉ា​ទឹកកក​ចំនួន​១០​ថង់ ទម្ងន់​១,២៨​ក្រាម ម៉ូតូ​១​គ្រឿង និង​សម្ភា​រៈវេច​ខ្ចប់​មួយចំនួន​។ ក្រោយ​ចាប់ខ្លួនបាន​សមត្ថកិច្ច បាន​ឆ្លើយ​ដាក់ឈ្មោះ ឈុំ ច័ន្ទ​ដា​រ៉ូ ភេទ​ប្រុស អាយុ​២២​ឆ្នាំ នៅ​ភូមិ​ជ្រោយ​ម្ទេស ឃុំ​តា​ម៉ឺន ស្រុក​ថ្មគោល ជា​អ្នក​ចែកចាយ​គ្រឿងញៀន ក៏​ឈានទៅ​ឃាត់ខ្លួន​តែម្តង​។​

​ជនសង្ស័យ​ត្រូវ​ប៉ូលិស​ប្រឆាំង​គ្រឿងញៀន​បញ្ជូនទៅ​តុលាការខេត្ត ដើម្បី​ចាត់ការ​តាមច្បាប់​៕ ដោយ៖ គ្រញូង

ទីតាំងផ្សាយពាណិជ្ជកម្ម