រដ្ឋមន្ត្រីក្រសួង​សាធារណការ​ព្រមាន​ដកតំណែង​មន្ត្រី​និង​ប្រធាន​ជញ្ជីង​ថ្លឹង​រថយន្ត​ណា​ដែល​មិន​អនុវត្ត​តាមច្បាប់​

1663
ចែករម្លែក

(​ភ្នំពេញ​) ៖ លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​ព្រមាន​ដកដំណែង​និង​ចាត់វិធានការ​ចំពោះ​កន្លែង​​ថ្លឹង​រថយន្ត និង​មន្ត្រី​ទាំងឡាយណា ដែល​មិនបាន​គោរព​និង​អនុវត្តតាម​ច្បាប់​កំណត់​គឺ​រថយន្ត​ដឹកទំនិញ​ធុន​ធំ​មួយចំនួន​ចូលក្នុង​ជញ្ជីង​ហើយ តែ​មន្ត្រី​ថ្នាក់ក្រោម​មិន​ថ្លឹង​តាមច្បាប់​កំណត់​។​
​ ​
​ការប្រកាស​ព្រមាន​ចាត់វិធានការ​ដ៏​តឹង​តែ​របស់លោក​រដ្ឋមន្ដ្រី​បែបនេះ បានធ្វើ​ឡើង កាលពី​ព្រឹក​ថ្ងៃទី​២៥ កក្កដា ២០១៧​នៅក្នុង​ពិធី​​សម្ពោធ​មណ្ឌល​ត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស​យានយន្ត​នៅ​សាខា​បឹង​ស្នោរ នៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ​១ ភូមិ​ក្តី​តា​កុយ​សង្កាត់​វាល​​ស្បូវ ខណ្ឌ​ច្បារអំពៅ ។​
​ ​

ថ្លែងប្រាប់​អ្នកសារព័ត៌មាន​ក្រោយពី​បញ្ចប់​ពិធី​សម្ពោធ​នោះ លោក​ស៊ុន ចាន់ថុល បា​ទទួលស្គាល់ ពិតជា​មាន​មែន​រថយន្ត​ដឹកទំនិញ​ធុន​​ធំ​មួយចំនួន​ចូលក្នុង​ជញ្ជីង​ហើយ តែ​មន្ត្រី​ថ្នាក់ក្រោម​មិន​ថ្លឹង​តាមច្បាប់​កំណត់​។ ទោះបីជា​យ៉ាងណា​លោក​មិនបាន​ប្រាប់​ពី​ទីតាំង​ថ្លឹង​​រថយន្ត មួយណា​ទេ​។ ដោយ​លោក​ព្រមាន នឹង​ចាត់វិធានការ​ចំពោះ​កន្លែង​ថ្លឹង​រថយន្ត និង​មន្ត្រី​ទាំងឡាយណា​ដែល​មិនបាន​គោរព​ទៅ​​តាមច្បាប់​កំណត់ ប្រសិនបើ​រកឃើញ ពួកគាត់​ប្រឈម​ដកចេញ​ពី​តំណែង និង​ពិន័យ​នីតិវិធី​រដ្ឋបាល​។​
​ ​
​លោក ស៊ុន ចាន់ថុល ថ្លែង ថា “…​ស្ថានីយ៍​ទាំងអស់​មាន​កាមេរ៉ា ចឹ​ង​សូម​ប្រាប់​ទៅ​មន្ត្រី​ទាំងអស់​ឲ្យ​ហើយ​នៅ​កន្លែង​ជញ្ជីង​ថ្លឹង​ទាំង​២៤​កន្លែង ដែល​យើង​មាន​នេះ សូម​ឲ្យ​ប្រយ័ត្នប្រយែង​ផង ព្រោះ​យើងខ្ញុំ​ដឹងថា មាន​ឡាន​មួយចំនួន​ចូល​ហើយ​អស់លោក​មិន​ថ្លឹង​ទេ​…​បែរ​​ជា​ឲ្យ​គេ​ចេញ​វិញ យើងខ្ញុំ​មាន​ព័ត៌មាន​ទាំង​រូបថត​ឡាន​ទៅទៀត​…​ពិត​ជាមាន​រថយន្ត​ធុន​ធំ​មួយចំនួន​ចូល​កន្លែង​ថ្លឹង​រថយន្ត​អចល័ត​​ហើយ​មិន​ថ្លឹង បែរជា​ចេញមក​វិញ​”​។​
​ ​
​ជាមួយគ្នានេះ លោក រដ្ឋមន្ត្រី ក៏បាន​អំពាវនាវ​ដល់​ម្ចាស់​រថយន្ត​ដឹកទំនិញ​ធំៗ មេត្តា​កុំ​ជួយ​បំផ្លាញ​ផ្លូវជាតិ ត្រូវ​ចូលរួម​ថែរក្សា​ផ្លូវ​ដែល​​ជា​សម្បត្តិ​របស់​ជាតិ ហើយ​កុំ​បំផ្លាញ កុំ​ដឹក​លើស​ទម្ងន់​កំណត់ ព្រោះថា ក្នុង​មួយឆ្នាំៗ​នៅ​ប្រទេស​កម្ពុជា ខាតបង់​ថវិកា​៣០០​លាន​ដុល្លារ ចំពោះ​បញ្ហា​គ្រោះថ្នាក់​ចរាចរណ៍ ដោយសារតែ​ប្រជាពលរដ្ឋ​មួយចំនួន មិន​គោរព​ច្បាប់​ចរាចរណ៍ និង​មាន​ពលរដ្ឋ​ស្លាប់​៨០%​ដោយសារ​​តែ​គ្រោះថ្នាក់​ចរាចរណ៍ ដោយ​មិនបាន​ពាក់មួក​សុវត្ថិភាព​៕ដោយ៖វិបុល

ទីតាំងផ្សាយពាណិជ្ជកម្ម