ក្រុមហ៊ុន​វា​រី​អគ្គិសនី​ស្ទឹង​តា​តៃ​បើកទ្វារ​ទឹក​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សណ្ឋាគារ​អណ្តែត​ទឹក 4 Rivers

912
ចែករម្លែក

ដោយ : មុន្នីរ័ត្ន/ ភ្នំពេញ : សណ្ឋាគារ​អណ្តែត​ទឹក 4 Rivers ដ៏​ល្បី​ត្រូវបាន​បំផ្លាញ​ដោយសារ​ទឹក​ឡើង​ខ្លាំង​ភ្លាមៗ​ព្រោះ​ក្រុមហ៊ុន​វា​រី​អគ្គិសនី​ស្ទឹង​តា​តៃ​បើកទ្វារ​ទឹក​នៃ​អាង​ស្តុក​ទឹក​របស់ខ្លួន​។ ក្រុមហ៊ុន​គ្រប់គ្រង​វា​រី​អគ្គិសនី​ស្ទឹង​តា​តៃ​បាន​និយាយថា​ ពួកគេ​មិនបាន​ប្រាប់​ប្រជាពលរដ្ឋ​ឲ្យ​ដឹង​ជាមុន​នោះទេ​ ព្រោះ​បរិមាណ​ទឹកភ្លៀង​ឡើង​លឿន​ពេក​។​

​សណ្ឋាគារ​អណ្តែត​ទឹក 4 Rivers គឺជា​សណ្ឋាគារ​បែប​តង់​អណ្តែត​ទឹក​ដំបូង​គេ​បង្អស់​លើ​ពិភពលោក និង​បាន​បណ្តែត​ខ្លួន​អស់​រយៈពេល​ជាង៩​ឆ្នាំ​ដោយ​មិនមាន​បញ្ហា​។ ទឹកភ្លៀង​រដូវវស្សា​មិនដែល​បង្ក​ជា​ក្តីបារម្ភ​នោះទេ​នាពេល​កន្លងមក​។ គ្រោង​សណ្ឋាគារ​ទាំងមូល​ត្រូវបាន​រចនា​ដោយ​យកចិត្តទុកដាក់ ​ដើម្បី​អាច​ប្រែប្រួល​តាម​ភាព​ឡើង​ចុះ​នៃ​កម្រិត​ទឹក​នៅ​រដូវវស្សា​រហូតដល់​កម្ពស់២​ម៉ែត្រ ដូចនេះ​អាច​ធានា​នូវ​សុវត្ថិភាព​ទាំងស្រុង​គ្រប់ពេល​។​

​ជា​រៀងរាល់ឆ្នាំ ក្រុមបច្ចេកទេស​របស់​សណ្ឋាគារ​អណ្តែត​ទឹក 4 Rivers តែង​ចុះ​ពិនិត្យ​លម្អិត​រាល់​គ្រោង បណ្តែត​ទឹក​ក្នុង​ខែឧសភា និង​មិថុនា និង​បាន​រឹតបន្តឹង​ប្រព័ន្ធ​ខ្សែលួស​ចងភ្ជាប់​នឹង​ច្រាំង​។​ ​នៅវេលា​ម៉ោង ៦​ព្រឹក​នៃ​ថ្ងៃទី​១៧ ខែកក្កដា រលក​ទឹក​ដ៏​ខ្លាំង​ហូរ​ចេញពី​វា​រី​អគ្គិសនី​ស្ទឹង​តា​តៃ​នាំយកមក​ជាមួយ​នូវ​ដើមឈើ​ងាប់​ធំៗ និង​បាន​បុក​ទង្គិច​នឹង​គ្រោង​សណ្ឋាគារ​អណ្តែត​ទឹក 4 Rivers តែម្តង​។ ដោយសារ​សម្ពាធ​រួមគ្នា​នៃ​រលក​ទឹក​យ៉ាង​លឿន និង​កម្លាំង​ទង្គិច​នៃ​ដើមឈើ ប្រព័ន្ធ​ខ្សែលួស​ដែល​ចងភ្ជាប់​សណ្ឋាគារ​អណ្តែត​ទឹក 4 Rivers ទៅនឹង​ច្រាំង​បាន​ដាច់ គ្រោង​ត្រូវ​រមួល​ត្រ​គួ​ញ និង​ខូចខាត​ជា​៦​បំណែក​ដាច់ពីគ្នា​។​

​ក្រោយមក​ពិនិត្យ​ដឹងថា លំហូរ​ទឹក​លឿន​យ៉ាង​គំហ៊ុក បាន​បង្កើន​កម្រិត​ទឹក​ដល់​ជាង ១,៥ ម៉ែត្រ ក្នុង​រយៈពេល​តិចជាង​២​ម៉ោង ដោយសារ​ក្រុមហ៊ុន​វា​រី​អគ្គិសនី​ស្ទឹង​តា​តៃ​បាន​បើកទ្វារ​ទឹក​របស់ខ្លួន​ដោយ​មិនបាន​ជូនដំណឹង​ជាមុន​។ ដើមឈើ​ងាប់​ទាំងនោះ​ហូរ​មកពី​អាង​ស្តុក​ទឹក​វា​រី​អគ្គិសនី​ដែល​អណ្តែត​នៅ​អា​ស្តុក​ទឹក​ពីមុន និង​មួយ​ចំនួន​ហូរ​ចេញពី​បាត​ព្រែក​ខាងក្រោម​ទំនប់​វា​រី​អគ្គិសនី (​ដើមឈើ​ខ្លះ​មាន​ប្រវែង ១៥​ម៉ែត្រ និង​មុខកាត់ ៦០​សង់ទីម៉ែត្រ​)​ ។

​ទាក់ទង​ករណីនេះ លោក​សុខ សុ​ទ្ធី អភិបាលរង និង​ជា​អ្នកនាំពាក្យ​សាលាខេត្ត​កោះកុង បាន​ថ្លែង​បញ្ជាក់ប្រាប់​រស្មី​កម្ពុជា នៅ​ព្រឹក​ថ្ងៃទី​២៥ ខែកក្កដា នេះ​ថា រហូតមកដល់​ពេលនេះ ខាង​ខេត្ត​មិនទាន់​ទទួលបាន​ពាក្យបណ្តឹង ឬ​ការជូនដំណឹង​ណាមួយ​ពី​ភាគី​ក្រុមហ៊ុន វា​រី​អគ្គិសនី​ស្ទឹង​តា​តៃ និង​ពី​សណ្ឋាគារ​អណ្តែត​ទឹក 4 Rivers នៅ​ឡើយ​​ទេ​។ ហើយ​ខាង​ខេត្ត​ក៏​មិនទាន់​បានទទួល​ព័​ត៍​មាន​អ្វី​ទាំងអស់​ ៕B

ទីតាំងផ្សាយពាណិជ្ជកម្ម