អភិបាល​រាជធានីៈ​ឱសថ​ជា​អាវុធ​មុខ​ពីរ​ប្រសិនជា​ប្រើប្រាស់​វា​មិនបាន​ត្រឹមត្រូវ​

2070
ចែករម្លែក

ដោយ​៖​រ៉ា​ម៉ន៊​ភ្នំពេញ​៖ លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ បាន​បញ្ជាក់ថា​ ឱសថ​ជា​អាវុធ​មុខ​ពីរ​ដែល​អាចធ្វើឱ្យ​មនុស្ស​ស្លាប់ បើសិនជា​យើង​ប្រើប្រាស់​វា​មិនបាន​ត្រឹមត្រូវ ដោយ​ខ្វះ​ជំនាញ​និង​ចំណេះដឹង​លើ​វិស័យ​សុខាភិបាល​នោះ​។​
​លោកអភិបាល​រាជធានី​ភ្នំពេញ​បាន​ថ្លែង​បញ្ជាក់​បែបនេះ​កាលពី​ព្រឹក​ថ្ងៃទី​២៥ ខែកក្កដា ក្នុងពេល​លោក​អញ្ជើញ​ជា​អធិបតីភាព​ក្នុង​ពិធី​ប្រគល់​វិញ្ញាបនបត្រ​មូលដ្ឋាន​សម្រាប់​អ្នកលក់​ឱសថ​តាម​ឱសថស្ថាន​នានា​នៅ​រាជធានី​ភ្នំពេញ ចំនួន​៧០៣​នាក់ នៅ​មហោស្រប​ចេនឡា សង្កាត់​ផ្សារ​ដើម​គរ ខណ្ឌទួលគោក ។ លោក​ថា​ នៅ​រាជធានី​ភ្នំពេញ មាន​អ្នកលក់​ឱសថ មួយចំនួន​មិនទាន់មាន​ចំណេះដឹង​គ្រប់គ្រាន់​នៅឡើយ ដែល​ទាមទារ​ឱ្យមាន​ការយកចិត្តទុកដាក់ បង្កើន​ចំណេះដឹង​បន្ថែម​ពី​អ្នកពាក់ព័ន្ធ ព្រោះថា ឱសថ​ជា​អាវុធ​មុខ​ពីរ ប្រើប្រាស់​មិនត្រូវ វា​នឹង​ធ្វើឱ្យ​មនុស្ស​ស្លាប់​បាន​។​
​ក្នុងឱកាស​នោះ លោក អភិបាល​រាជធានី ក៏បាន​សុំឱ្យ​អ្នកលក់​ឱសថ​នៅ​កម្ពុជា​ទាំងអស់ យកចិត្តទុកដាក់​ពី​សុខភាព​ប្រជាជន ពិសេស អ្នកជំងឺ ដើម្បីឱ្យ​គាត់​ចំណាយ​ថវិកា ហើយ​ទទួលបាន​នូវ​សុខភាព​ល្អប្រសើរ​ឡើងវិញ​។​លោក​អភិបាល​បន្តថា ការ​ផ្តល់នូវ​ការបណ្តុះបណ្តាល និង ការប្រគល់​នូវ​វិញ្ញាបនបត្រ​នៅថ្ងៃនេះ ក៏​ជាការ​បញ្ជាក់​ឱ្យឃើញ​ពី​ការយកចិត្តទុកដាក់រ​បស់​រាជរដ្ឋាភិបាល ក្នុងការ​ជំរុញ និង​បង្កើន​ចំណេះដឹង​លើ​ផ្នែក​ឱសថ ដើម្បី​ធានា​នូវ​គុណភាព សិ​វត្ថិ​ភាព និង​សុខ​មាន​ល​ភាព​ប្រជាពលរដ្ឋ​។​

​លោក ឡី សុភាព ប្រធាន​សមាគម​អ្នកលក់​ឱសថ​កម្ពុជា និង​ជា​អនុប្រធាន​សមាគម​សហព័ន្ធ​វិនិយោគិន បាន​លើកឡើងថា​ សមាគម​អ្នកលក់​ឱសថ​កម្ពុជា សហការ​បច្ចេកទេស ជាមួយ​មន្ទីរ​សុខាភិបាល​រាជធានី​ភ្នំពេញ ដោយមាន​ការគាំទ្រ​ពី​រដ្ឋបាល​រាជធានី​ភ្នំពេញ និង ក្រសួងសុខាភិបាល បានរៀបចំ​ឱ្យមាន​ការបណ្តុះបណ្តាល មូលដ្ឋាន សម្រាប់​អ្នកលក់​ឱសថ តាម​ឱសថស្ថាន ដើម្បី​បង្កើន​នូវ​ចំណេះ ដឹង​ដល់​អ្នកលក់​ឱសថ ក្នុង​ការធានា បាន​នូវ គុណភាព ប្រសិទ្ធភាព និង សុខមាលភាព​ប្រជាពលរដ្ឋ​។​
គួរ​បញ្ជាក់ថា​ សិក្ខាកាម​ដែលជា​ឱសថការី បានទទួល​ការបណ្តុះបណ្តាល​កម្រិត​មូលដ្ឋាន នូវ​ចំណេះដឹង​ផ្នែក​ឱសថការី និង​ទទួល​វិ​ញ្ញាប​ន​ប័ត្រ នៅថ្ងៃនេះ​មាន​ចំនួន​៧០៣​នាក់ ក្នុងនោះ​ស្រី​៤៤៣​នាក់ ។ វគ្គ​បណ្តុះបណ្តាល​នេះ​មាន​រយៈពេល​១០​ខែ គិត​ចាប់ពី​ថ្ងៃទី​៩​ខែកញ្ញា​ឆ្នា​២០១៧​រហូតដល់​ថ្ងៃទី​៨​ខែមិថុនា​ឆ្នាំ​២០១៨ នៅ​សមាគម​អ្នកលក់​ឱសថ​កម្ពុជា លើ​មុខវិជ្ជា វេជ្ជសាស្ត្រ និង​ឱសថ​សាស្ត្រ ៕