ជិះ​ម៉ូតូឌុប​គ្នា​បីនាក់​ជ្រុល​ទៅបុក​អ្នកជិះ​ម៉ូតូ​ឆ្លងផ្លូវ​បណ្ដាលឱ្យ​ស្លាប់​

1221
ចែករម្លែក

​ដោយៈ​ម៉ា​រ៉ា​/​ភ្នំពេញៈ​យុវជន​៣​នាក់​ជិះ​ម៉ូតូឌុប​គ្នា​យ៉ាង​លឿន​មិន​ប្រយ័ត្ន​ជ្រុល​ទៅបុក​ម៉ូតូ​មួយគ្រឿង​ទៀត​កំពុង​បត់​ឆ្លងផ្លូវ​បណ្ដាលឱ្យ​បុរស​ម្នាក់​របួស​ធ្ងន់ធ្ងរ ហើយ​បាន​ស្លាប់​ពេល​បញ្ចូនទៅ​ដល់​មន្ទី​ពេទ្យ ។​រីឯ​ភាគី​ខាង​យុវជន​ទាំង​៣​នាក់​រងរបួស​បែក​មុខ​មាត់​។

​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើនេះ បាន​កើតឡើង​នៅតាម​បណ្ដោយ​ផ្លូវ​មុន្នី​រ៉េត​(២១៧ ) កែង​ច្រកចូល​សាលាសង្កាត់​ស្ទឹងមានជ័យ​២ ស្ថិតក្នុង​ភូមិ​ឬ​ស្សី សង្កាត់​ស្ទឹងមានជ័យ​២ ខណ្ឌមានជ័យ កាលពី​យប់ ថ្ងៃទី​២៥ ខែកក្កដា ឆ្នាំ​២០១៨​។​

​បុរសរងគ្រោះ​ដែល​ស្លាប់​នៅក្នុង​មន្ទី​ពេទ្យ​នេះ​ឈ្មោះ​មុំ​ពុំ​សុផល​អាយុ​៥៨​ឆ្នាំមាន​ស្រុកកំណើត​នៅ​ភូមិ​ប្រឡាយ​ធំ ឃុំ​វាល ស្រុក​កណ្ដៀង ខេត្តពោធិ៍សាត់​។ ដោយ​រូបគាត់​ជិះ​ម៉ូតូ​ម៉ាក ហុងដា​ឌ្រី​ម​ស៊េរី​២០១០ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ពោធិ៍សាត់ 1A-1814 ។

ចំណែក​ភាគី​ម្ខាង​ទៀត​មាន​គ្នា​៣​នាក់ បាន​របួសធ្ងន់​ម្នាក់​ស្រាល​២​នាក់​ឮ​ហើយ​ត្រូវបាន​រថយន្ត​សាមុយ​ដឹកយក​ទៅ​ព្យាបាល​។​ពួកគាត់​ជិះ​ម៉ូតូ​មួយគ្រឿង​ឌុប​គ្នា ម៉ាក ស្មា​ក់វី ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1BG-4308 ។​

​ប្រភពព័ត៌មាន​ពី​ប្រជាពលរដ្ឋ​បានឱ្យដឹងថា មុនពេល​កើតហេតុ គេ​ឃើញ​បុរសរងគ្រោះ ជិះ​ម៉ូតូ​តាម​បណ្ដោយ​ផ្លូវ​មុន្នី​រ៉េត ទិសដៅ​ពី​ជើង​មក​ត្បូង ហើយ​បាន​បត់​ឆ្វេង​ឆ្លងផ្លូវ ។​ខណៈ​ឆ្លង​បាន​ពាក់​កណ្ដាលផ្លូវ ក៏ត្រូវ​បាន​យុវជន​៣​នាក់ ជិះ​ម៉ូតូឌុប​គ្នា​យ៉ាង​លឿន តាម​បណ្ដោយ​ផ្លូវ​មុន្នី​រ៉េត​ទិសដៅ​ពី​ត្បូង​មក​ជើង​ហើយក៏​បុក​ម៉ូតូ​បុរសរងគ្រោះ​ចំ​ពី​ច​ហៀ​ង​ពេញទំហឹង បណ្ដាល​ឲ្យ​បុរសរងគ្រោះ​ដួល​បោក​ក្បាល​និង​ថ្នល់​ផុង​លលា រងរបួស​យ៉ាងធ្ងន់ធ្ងរ ៕S/​

​ជិះ​ម៉ូតូឌុប​គ្នា​បីនាក់​ជ្រុល​ទៅបុក​អ្នកជិះ​ម៉ូតូ​ឆ្លងផ្លូវ​បណ្ដាលឱ្យ​ស្លាប់​

ទីតាំងផ្សាយពាណិជ្ជកម្ម