មេដឹកនាំ​ជំនួញ​ឥណ្ឌា ៖ ការ​គាំពារ​និយម​នាំឱ្យ​ឥណ្ឌា​និង​ចិន​ជិតស្និទ្ធ​នឹង​គ្នា​

927
ចែករម្លែក

​មេដឹកនាំ​ជំនួញ​ឥណ្ឌា​ដ៏​លេចធ្លោ​ម្នាក់​បាន​ប្រាប់​កាសែត​ចិន CGTN កាលពី​ថ្ងៃ​ពុធ​ទី​២៥​កក្កដា​នៅក្រៅ​វេទិកា​ពាណិជ្ជកម្ម BRICS នៅក្នុង​ទីក្រុង​ចូ​ហា​ណេ​ស្បឺ​ក ប្រទេស​អាហ្វ្រិក​ខាងត្បូង​ថា ទោះបី​ការកើនឡើង​ការ​គាំពារ​និយម​កំពុង​បង្ក​ផលប៉ះពាល់​លើ​ពាណិជ្ជកម្ម​ពិភពលោក ប៉ុន្តែ​វា​បាន​នាំ​ឥណ្ឌា​និង​ចិន​ខិតជិត​រកគ្នា​។

​លោក អូន​កា អេស កាន់​វ៉ា ប្រធាន​ក្រុមប្រឹក្សា​ពាណិជ្ជកម្ម BRICS របស់​ឥណ្ឌា បាន​និយាយថា “​ខ្ញុំ​គិតថា នេះ​នឹង​នាំ​ឥណ្ឌា​និង​ចិន​ខិត​កាន់តែ​ជិតស្និទ្ធ​នឹង​គ្នា ខាង​ពាណិជ្ជកម្ម​និង​ធុរកិច្ច​”​។​

​បង្កើតឡើង​នៅ​ខែមីនា​ឆ្នាំ ២០១៣ ក្រុមប្រឹក្សា​ពាណិជ្ជកម្ម BRICS មាន​គោលបំណង​សម្របសម្រួល​ដល់​កិច្ចសហប្រតិបត្តិការ​រ​វាង​ប្រេ​ស៊ី​ល រុស្ស៊ី ឥណ្ឌា ចិន និង​អាហ្វ្រិក​ខាងត្បូង​នៅក្នុង​វិស័យ​ផ្សេងៗ​ក៏ដូចជា​ជំរុញ​ពាណិជ្ជកម្ម​និង​ឧស្សាហកម្ម​ក្នុងចំណោម​ពួកគេ​ផងដែរ​។​

​លោក​កាន់​វ៉ា​បាន​កត់សម្គាល់ថា សេដ្ឋកិច្ច​ឥណ្ឌា​និង​ចិន​បំពេញ​ឱ្យ​គ្នា​ទៅវិញទៅមក​យ៉ាង​ស៊ីជម្រៅ ហើយ​បាន​អំពាវនាវ​ឱ្យមាន​កិច្ចសហប្រតិបត្តិការ​កា​ន់​តែ​ជិតស្និទ្ធ​រវាង​ប្រទេស​ទាំង​២​។​

​លោក​បាន​និយាយថា ចិន​មាន “​ភាពខ្លាំង​ក្លា​” នៅក្នុង​ផ្នែក​ផលិត​ហាតវែ (Hardware) ខណៈដែល​ឥណ្ឌា​គឺជា “​អ្នកដើរតួ​ដ៏​ធំ​បំផុត​មួយ​នៅក្នុង​ផ្នែក​សូ​ហ្វ​វែ​” ដោយ​បន្ថែមថា ភាគី​ទាំង​២​គួរតែ​ធ្វើការ​ជាមួយគ្នា​ដើម្បី​នាំមក​នូវ​ឱកាស​ជាច្រើន​ដល់​ប្រជាជន​របស់​ពួកគេ​។

​វេទិកា​ពាណិជ្ជកម្ម BRICS គឺជា​ផ្នែក​មួយ​នៃ​កិច្ចប្រជុំ​កំពូល BRICS លើក​ទី ១០ ដែល​ត្រូវបាន​ចូលរួម​ដោយ​លោក​ប្រធានាធិបតី​ចិន​ស៊ី ជីន​ពីង និង​នាយករដ្ឋមន្ត្រី​ឥណ្ឌា​លោក ណារិន​ដ្រា ម៉ូ​ឌី​។ កិច្ចប្រជុំ​កំពូល​នេះ​គឺមាន​រយៈពេល​៣​ថ្ងៃ​ចាប់​ពីថ្ងៃ​ពុធ​ដល់​ថ្ងៃ​សុក្រ​ទី​២៧​កក្កដា​៕ ដោយ៖ កញ្ញាដាលីស

លោក​ម៉ូ​ឌី​និង​លោក​ស៊ី​ជីន​ពីង​កំពុង​ចូលរួម​វេទិកា​ពាណិជ្ជកម្ម BRICS នៅ​អាហ្វ្រិក​ខាងត្បូង

ទីតាំងផ្សាយពាណិជ្ជកម្ម