ការបង្កើត​ច្រកចេញចូល​តែមួយ គឺជា​យន្ដការ​សម្រាប់​ការផ្ដល់សេវា​រដ្ឋបាល នៅ​ថ្នាក់ក្រោម​ជាតិ ប្រកបដោយ​ប្រសិទ្ធិភាព

1530
ចែករម្លែក

ដោយ​: បាយ័ន / សៀមរាប​: អង្គភាព​ច្រកចេញចូល​តែមួយ របស់​រដ្ឋបាល​ខេត្តសៀមរាប បានចាប់ផ្ដើម​ដំណើរការ​កាលពី​ថ្ងៃទី​២៣ ខែកក្កដា ឆ្នាំ​២០១៨ នា​ដើម​សប្ដាហ៍​នេះ លោក​អភិបាលខេត្ត​សៀមរាប បាន​ជម្រាប​ប្រាប់​ប្រជាពលរដ្ឋ​នាពេល​ថ្មីៗ​នេះ ថា ៖ ការបង្កើត​អង្គភាព​ច្រកចេញចូល​តែមួយ នៅ​រដ្ឋបាលខេត្ត គឺ​សម្រាប់​ផ្ដល់​សេវា​រដ្ឋបាល​នៅ​ថ្នាក់ក្រោម​ជាតិ ឲ្យ​មាន​ប្រសិទ្ធិភាព និង​ប្រសិទ្ធិ​ផល ជាមួយនិង​ភាព​ទទួលខុសត្រូវ​ខ្ពស់ និង​ប្រើ​រយៈពេល​ឆាប់រហ័ស​ក្នុង​ការផ្ដល់សេវា ជូន​ប្រជាពលរដ្ឋ យោងតាម​ប្រកាស់​របស់​ក្រសួងមហាផ្ទៃ ស្ដីពី ការរៀបចំ និង​ការប្រព្រឹត្តិទៅ​នៃ​អង្គភាព​ច្រកចេញចូល​តែមួយ​រាជធានី​/​ខេត្ត​។​

​លោក​ឃឹម ប៊ុន​សុង បាន​មាននិយាយ​ថ​នៅឯ​ពិធី​ចែក​បណ្ណ​កម្មសិទ្ធិ​សម្គាល់​ម្ចាស់​អចលនវត្ថុ ចំនួន​ជាង ២ ពាន់​ក្បាលដី កាលពី​ថ្ងៃទី​២៣ កក្កដា ២០១៨ នៅឯ​សង្កាត់​គោកចក ។ ហើយ​លោក បានបញ្ជាក់​ទៀតថា ៖ រដ្ឋបាល​ខេត្តសៀមរាប បាន​កំពុង​ជម្រុញ និង​បានសម្រេច​ដាក់​ឲ្យ​ដំណើរការ​ជា​ផ្លូវការ ដោយមាន​កំណត់​នូវ​ប្រភេទ​សេវា និង​ក្របខណ្ឌ​ការងារ​ជាក់លាក់ ដែលមាន​មន្ត្រី​ជំនាញ បច្ចេកទេស មក​បំពេញការងារ​នៅ​អង្គភាព​នេះ ធ្វើយ៉ាងណា​ដើម្បី​ឲ្យ​ទទួលបាន​នូវ​ប្រសិទ្ធិភាព​ខ្ពស់ និង​មាន​តម្លាភាព ប្រកបដោយ​ការទទួលខុសត្រូវ ផងដែរ​។​

​លោក​អភិបាលខេត្ត​សៀមរាប បាន​បញ្ជាក់ដែរថា នៅ​សៀ​ល​ថ្ងៃទី​២៥ ខែកក្កដា ឆ្នាំ​២០១៨​នេះ ថា ៖ បច្ចុប្បន្ន​អង្គភាព​ច្រកចេញចូល​តែមួយ​របស់​រដ្ឋបាលខេត្ត​សៀមរាប គឺមាន​ទីតាំងនៅ​រដ្ឋបាល​សាលាខេត្ត​សៀមរាប ហើយ​នៅពេល​ចាប់ផ្ដើម​នេះ គឺមាន​មន្ត្រី និង​បុគ្គលិក​ជំនាញ បច្ចេកទេស សរុប​ចំនួន ២៤​រូប ហើយ​សេវា​រដ្ឋបាល​ដែល​បាន​ប្រតិភូកម្ម មាន​ចំនួន ១៤ វិស័យ ។ ហើយ​លោក​បញ្ជាក់ថា បច្ចុប្បន្ននេះ នៅ​ខេត្តសៀមរាប មាន​ការិយាល័យ​ច្រកចេញចូល​តែមួយ ចំនួន ៣​នៅ​ថ្នាក់ក្រុង​/​ស្រុក គឺ​មាននៅ​ក្រុង​សៀមរាប ស្រុក​ពួក និង​ស្រុក​ជីក្រែង ក្នុង​ឆ្នាំ​២០១៨ នេះ​ផងដែរ​និង​បង្កើត​ការិយាល័យ​ច្រកចេញចូល​តែមួយ​ចំនួន ២ ទៀត គឺ​នៅ​ស្រុក​សូទ្រនិគម និង​ស្រុក​ក្រឡាញ់​។

​លោក បាន​បន្តថា ក្នុង​វិស័យ​ទាំង ១៤​នេះ គឺមាន ៖ ១). ការងារ​នីត្យានុកូលកម្ម (​ការបញ្ជា​ក់លើ​ឯកសារ​ថតចម្លង​), ២). ការងាររដ្ឋបាល​, ៣). វិស័យ​សុខាភិបាល​, ៤). វិស័យ​ទេសចរណ៍​, ៥). វិស័យ​សាធារណការ និង​ដឹកជញ្ជូន​, ៦). វិស័យ​វប្បធម៌ និង​វិចិត្រសិល្បៈ​, ៧). វិស័យ​ព័ត៌មាន​, ៨). វិស័យ​បរិស្ថាន​, ៩). វិស័យ​ឧស្សាហកម្ម និង​សិប្បកម្ម​, ១០). វិស័យ​រ៉ែ និង​ថាមពល​, ១១). វិស័យ​ពាណិជ្ជកម្ម​, ១២). វិស័យ​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​, ១៣). វិស័យ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​, ១៤). វិស័យ​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​។ ហើយ​សេវា​តាម​វិស័យ​នីមួយៗ ត្រូវ​អនុត្ត​តាម​ការកំណត់​ក្នុង​តារាង​ឧបសម្ព័ន្ធ​នៃ​ប្រកាស​អន្តរក្រសួង រវាង​ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ​នីមួយៗ ជាមួយ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ រួមទាំង​ក្របខណ្ឌ​ពេល​វា និង​តម្លៃ​សេវា​រដ្ឋបាល ដែលមាន​សេវា​សរុប​ចំនួន ជាង ៣៧០ សេវា​រដ្ឋបាល​។​

​លោក​ក៏បាន​អំពាវនាវ​សុំ​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ ចូរ​ស្វែងរក​ព័ត៌មាន​បន្ថែម​ទាក់ទង​និង​សេវា​របស់​អង្គភាព​នៃ​ច្រកចេញចូល​តែមួយ តាម​វិស័យ និង​តាម​សេវា​រដ្ឋបាល នៅ​ថ្នាកក្រោម​ជាតិ​ទាំងនេះ ដើម្បី​ទទួលបាន​សេវា​ឆាប់រហ័ស និង​ប្រកបដោយ​ប្រសិទ្ធិភាព និង​តម្លាភាព​ខ្ពស់ ដែល​រាជរដ្ឋាភិបាល​កម្ពុជា ក្រោម​ការដឹកនាំ​ដ៏​ខ្ពង់ខ្ពស់​របស់ សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ជា​នាយករដ្ឋមន្ត្រី និង​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា បាននិងកំពុង​គិតគូរ​ប្រកបដោយ​គតិបណ្ឌិត ក្នុង​ការផ្ដល់សេវា​ជូន​ប្រជាពលរដ្ឋ និង​សាធារណជន​ទូទៅ ដើម្បី​ចូលរួមចំណែក​ក្នុងការ​អភិវឌ្ឍន៍​នូវ​គោលនយោបាយ​ប្រទេស ប្រកបដោយ​និរន្តរភាព​៕

ទីតាំងផ្សាយពាណិជ្ជកម្ម