អគ្គ​កុងស៊ុល​ចិន​ប្រចាំ​សៀមរាប រំពឹង​ថា នៅ​ឆ្នាំ​២០២០ កម្ពុជា​នឹង​ទទួលបាន​ទេសចរ​​ចិន​ចំនួន​២​លាន​នាក់​

1501
ចែករម្លែក

ដោយ​: បាយ័ន / សៀមរាប​: នៅក្នុង​ពិធី​ជួបជុំ​ប្រតិបត្តិ​ករ​ទេសចរណ៍​នៅ​ខេត្តសៀមរាប ដែល​រៀបចំឡើង​ដោយ​ក្លិប​ប្រតិបត្តិ​ករ​សៀមរាប កាលពី​យប់​ថ្ងៃទី​២៤ ខែកក្កដា ឆ្នាំ​២០១៨​នេះ លោក Mo Yuan Yuan អគ្គ​កុងស៊ុល​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន តំណាង​ការិយាល័យ​ប្រចាំខេត្ត​សៀមរាប បាន​ថ្លែងថា ក្នុង​ឆ្នាំ​២០១៧​កន្លងទៅ ទេសចរ​ជនជាតិ​ចិន​ចំនួន ១,២​លាន​នាក់ បានមក​ទស្សនា​កម្ពុជា។ ដោយឡែក​ក្នុង​ឆមាស​ទី​១ ឆ្នាំ​២០១៨ ទេសចរ​ចិន​បានមក​ទស្សនា​កម្ពុជាជាង​៦០​ម៉ឺន​នាក់ ជាពិសេស​គឺ​មក​ទស្សនា​អង្គរ​-​សៀមរាប។បើតាម​ការរំពឹងទុក គឺ​នៅក្នុង​ឆ្នាំ​២០២០​ខាងមុខ កម្ពុជា​នឹង​ទទួលបាន​ទេសចរ​​ចិន​ប្រមាណ​ពីរលាន​នាក់​។

​លោក Mo Yuan Yuan បានបញ្ជាក់​ទៀតថា ដើម្បី​ធានា​ដល់​ការរំពឹងទុក​សម្រាប់​ឆ្នាំ​២០២០ ដែល​កម្ពុជា​ត្រៀម​ខ្លួន​ទទួលទេសចរ​ចិន​ពីរលាន​នាក់​នោះ លោក​សំណូមពរ​បី​ចំណុច​សំខាន់ៗ។ គឺ​ទី​១. ប្រតិបត្តិ​ករ​ទេសចរណ៍​ទាំងអស់ ទាំង​ម្ចាស់​អាជីវកម្ម​ខ្មែរ​និង​បរទេស ត្រូវអនុវត្ត​តាមច្បាប់​ទេសចរណ៍​កម្ពុជា​, ទី​២. រួមគ្នា​លើកស្ទួយ​គុណភាព​សេវាកម្ម​ទេសចរណ៍​ឲ្យ​បានល្អ​បំផុត និង ទី​៣. បង្កើត​យន្តការ​គ្រប់គ្រង និង​ត្រួតពិនិត្យ​សកម្មភាព​ទេសចរណ៍ ទប់ស្កាត់​ការលក់​ផលិតផល​ទេសចរណ៍​ក្លែងក្លាយ​៕ ល​/សរន

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ