វិទ្យាស្ថាន​អភិវឌ្ឍ​ការអប់រំ នាំយក​កម្មវិធី​អប់រំ ជី​នៀ​ស​ប្រេន​ពី​ម៉ាឡេស៊ី មក​កម្ពុជា​

1900
ចែករម្លែក

ដោយ​: សុផល / ភ្នំពេញ​: វិទ្យាស្ថាន​អភិវឌ្ឍ​ការអប់រំ ហៅ​កាត់​អ៊ី​ឌី​អាយ (EDI) ដែលជា​ផ្នែក​មួយ នៃ​វេ​ស្ទ​ឡាញ អេ​ឌ្យូ​ខេ​សិន គ្រុប បាន​ទិញ​សិទ្ធិ​អាជីវកម្ម (Franchise) កម្មវិធី​អប់រំ​ដ៏​ល្បី​មួយ​ពី​ប្រទេស​ម៉ាឡេស៊ី គឺ​ជី​នៀ​ស​ប្រេន​(GeniusBrain) ដែលជា​កម្មវិធីសិក្សា​ដ៏​ល្អ​ផ្តោតទៅលើ​ជំនាញ នៃ​ការគិត​(Critical Thinking Skill)​។ កម្មវិធី​ជី​នៀ​ស​ប្រេន​នេះ គ្រោង​នឹង​បញ្ចូល​ក្នុង​កម្មវិធីសិក្សា​របស់​វេ​ស្ទ​ឡាញ​សម្រាប់​សិស្ស​ថ្នាក់​ទី​១​ដល់ទី​៦ និង​ចែកចាយ​បន្តទៅ​សាលា​រដ្ឋ និង​ឯកជន​នានា​ក្នុងប្រទេស​កម្ពុជា​។​

​លោក ប៉ិច បូ​ឡែ​ន អគ្គនាយក​សាលា​វ៉េ​ស្ទ​ឡា​ញន៍ និង​ជា​ប្រធាន​ក្រុមហ៊ុន វេ​ស្ទ​ឡាញ​អេ​ឌ្យូ​ខេ​សិន​គ្រុប​និង​លោក​បណ្ឌិត ថូ​ម៉ាស (Dr.Thomas) ស្ថាបនិក GeniusBrain បាន​ចុះហត្ថលេខា​លើ​អនុស្សរណៈ​យោគយល់​គ្នា​កាលពី​ល្ងាច​ថ្ងៃទី​២៥ ខែកក្កដា ឆ្នាំ​២០១៨​នៅ​ភោជនីយដ្ឋាន​ទន្លេបាសាក់​២ រាជធានី​ភ្នំពេញ​។​

​ថ្លែង​ក្រោយ​ពិធី​ចុះហត្ថលេខា លោក ប៉ិច បូ​ឡែ​ន បាន​មានប្រសាសន៍ថា​កម្មវិធី​ជី​នៀ​ស​ប្រេន ជា​បំ​ណិ​ន​ជីវិត​មួយ​ផ្តោតលើ​ជំនាញ​ការគិត ជួយ​បណ្តុះ​ឱ្យ​កុមារ​ចេះ​គិត ចេះ​អង្កេត ចេះ​វិភាគ ពិចារណា​និង​ចេះ​វាយតម្លៃ​អ្វីមួយ​បាន​ត្រឹមត្រូវ​។​

​លោក​បានឱ្យដឹងថា GeniusBrain មាន​ដើមកំណើត​នៅ​ម៉ាឡេស៊ី និង​បាន​រីកដុះដាល​ទៅដល់​សិង្ហ​បុរី អាមេរិក អាហ្វ្រិក​ខាងត្បូង ប្រ៊ុយណេ អូ​ម៉​ង់ និង​ប្រទេស​មួយចំនួនទៀត​។​ ​ជី​នៀ​ស​ប្រេន នឹងត្រូវ​បញ្ចូល​ក្នុង​កម្មវិធីសិក្សា​របស់​វេ​ស្ទ​ឡាញ​សម្រាប់​សិស្ស​ថ្នាក់​ទី​១​ដល់ទី​៦ ហើយ​គ្រោង​នឹង​ចែកចាយ​ទៅដល់​សាលា​រដ្ឋ​និង​សាលា​ឯកជន​នានា​ក្នុងប្រទេស​កម្ពុជា​។​

​លោក​អគ្គនាយក​សាលា​វ៉េ​ស្ទ​ឡា​ញន៍ បាន​គូសបញ្ជាក់ថា​៖ កន្លងមក​វ៉េ​ស្ទ​ឡាញ​បាន​នាំ​កម្មវិធី​អប់រំ​ល្អជា​ច្រើន​មក​កម្ពុជា ដូចជា​៖​ជាលី​ឌ័​រ​អ៊ី​ន មី (Leader in Me) គឺជា​កម្មវិធីសិក្សា​លំដាប់​អន្តរជាតិ​មួយ ដែល​ជួយ​ឱ្យ​កុមារ​មាន​វិន័យ​ផ្ទាល់ខ្លួន​ល្អ ភាព​ឯករាជ្យ មាន​ទំនួល​ខុសត្រូវ​ខ្ពស់ មាន​ភាពជឿជាក់​លើ​ខ្លួនឯង បង្កើត​នូវ​គំនិត​ផ្តួចផ្តើម​ថ្មីៗ ចេះ​ដោះស្រាយ​បញ្ហា​ជាមួយ​គំនិត​ច្នៃប្រឌិត​ខ្ពស់​បណ្តុះ​ភាពជា​អ្នកដឹកនាំ​សម្រាប់​ខ្លួនឯង និង​មនុស្ស​នៅ​ជុំវិញខ្លួន ជាពិសេស គឺ​កែប្រែ​ទម្លាប់​អវិជ្ជមាន មក វិជ្ជមាន​វិញ​។ រីឯ Money tree កម្មវិធី​បណ្តុះបណ្តាល​ចំណេះដឹង​ផ្នែក​ហិរញ្ញវត្ថុ គឺជា​កម្មវិធីសិក្សា​ថ្មី​មួយ​ដែល​ជួយ​ឱ្យ​កុមារ​យល់​កាន់តែច្បាស់​អំពី​ការគ្រប់គ្រង​និង​ប្រើប្រាស់​ហិរញ្ញវត្ថុ​ប្រកបដោយ​ប្រសិទ្ធភាព កម្មវិធី​Franklin Covey Education និង​កម្មវិធី ទម្លាប់​ល្អ 7 Habits​។​

​លោក​បណ្ឌិត ថូ​ម៉ាស ស្ថាបនិក​កម្មវិធី​ជី​នៀ​ស​ប្រេន បាន​មានប្រសាសន៍ថា កម្ពុជា​សម្បូរ​ទៅដោយ​យុវជន និង​កុមារ ដែលជា​ធនធានមនុស្ស​ដ៏​សំខាន់​របស់​ប្រទេស​។ ដូច្នេះ​កម្ពុជា​ជាទី​ផ្សារ​អប់រំ​ដ៏​ធំ​មួយ​សម្រាប់​ជី​នៀ​ស​ប្រេន​។ លោក​បាន​បន្តថា​ការចាប់​ដៃគូ​ជាមួយ​វិទ្យាស្ថាន​អភិវឌ្ឍ​ការអប់រំ គឺ​ក្នុង​គោលបំណង​ជួយ​អភិវឌ្ឍ​វិស័យ​សិក្សា អប់រំ​នៅ​កម្ពុជា​ឱ្យ​កាន់តែ​ប្រសើរ​។​

​គួរ​ជម្រាប​ថា បច្ចុប្បន្ននេះ វេស​ឡាញ អេ​ឌ្យូ​ខេ​ស្ហិ​ន គ្រុប បាននិងកំពុង​វិនិយោគ ប្រតិបត្តិការ សាលារៀន​វ៉េ​សឡា​ញន៍ សាលារៀន​ណ​ត្ស​ឡា​ញន៍ វិទ្យាស្ថាន​អភិវឌ្ឍ​វិស័យ​អប់រំ មជ្ឍមណ្ឌល ភាសា​ចិន​ឆាង​ឆឹង សាលារៀន​អន្តរជាតិ​ហ្វ​រ៉េ​ស​ហៀ​ល សាលារៀន ចំណេះ​ទូទៅ​អង់គ្លេស​-​ចិន​អែប​ភល​ទ្រី និង​ចែកចាយ​កម្មវិធី​អប់រំ​មួយចំនួន​។​ក្រៅពី​ការវិនិយោគ និង​ប្រតិបត្តិការ​សាលារៀន​របស់ខ្លួន វេ​ស្ទ​ឡាញ អេ​ឌ្យូ​ស្ហិ​ន គ្រុប បាន និង​កំពុង​ចែករំលែក ផ្តល់​ប្រឹក្សា​យោបល់ បណ្តុះបណ្តាល ជួយ​អភិវឌ្ឍ សាលារៀន​រដ្ឋ សាលារៀន​ឯកជន អង្គការ​អប់រំ​ប្រហែល​ជាង​៥០​គ្រឹះស្ថាន​នៅ​ទូទាំងប្រទេស​កម្ពុជា​។ ហើយ វេស​ឡាញ អេ​ឌ្យូ​ស្ហិ​ន គ្រុប​ក៏បាន​ចាប់ផ្តើម​ផ្តល់ឱកាស​ជូន​ធុរជន​នានា ដែល​ចង់​វិនិយោគ​លើ​វិស័យ​អប់រំ​ជាមួយ​បណ្តាញ​សាលារៀន​វេស​ឡាញ អេ​ឌ្យូ​ខេ​ស្ហិ​ន គ្រុប ហើយ​ក្រុមហ៊ុន​ក៏​កំពុង​ស្វែងរក​ឱកាស​វិនិយោគ​ជាមួយ សាលារៀន​ឯកជន​ដទៃទៀត​ផងដែរ​៕

ទីតាំងផ្សាយពាណិជ្ជកម្ម