ក្រុមហ៊ុន​ជប៉ុន​មួយ​គ្រោង​បង្ហោះ​ស្លាក​អាពាហ៍ពិពាហ៍​ទៅក្នុង​លំហរ​អវកាស​

1125
ចែករម្លែក

លំហរ​មេឃ​លែង​ជា​ដែន​កំណត់​ទៀតហើយ​សម្រាប់​គូស្នេហ៍ ដែល​ចង់​ស្វែងរក​មធ្យោបាយ នឹកស្មាន​មិន​ដល់ ដើម្បី​រំឭក​អនុស្សាវរីយ៍​ថ្ងៃ​មង្គលការ​របស់ខ្លួន ពីព្រោះ​ឥឡូវនេះ​ក្រុមហ៊ុន មួយ​របស់​ជប៉ុន បានផ្តល់​សេវា​បាញ់​បង្ហោះ​ស្លាក​មង្គលការ​ចូលទៅក្នុង​លំហ​អវកាស​។​

​ក្រុមហ៊ុន Warpspace ដែលមាន​មូលដ្ឋាន​នៅ​ក្រុង​ស៊ូ​គូ​បា (Tsukuba) ស្ថិត​នៅក្រៅ​ក្រុង​តូ​ក្យូ កំពុង​ណែនាំ​សេវា​ថ្មី​នេះ​ក្រោម​កិច្ចសហការ​ជាមួយ​សណ្ឋាគារ​ក្នុងស្រុក​មួយ​ដែល​ល្បី​ខាង​ទទួល​រៀបចំ​ម្ហូប​ការ​។

​ដោយ​ចំណាយ​ត្រឹមតែ ២៧០ ដុល្លារ ស្វាមីភរិយា​ថ្មី​ដែល​រៀបការ​នៅ​សណ្ឋាគារ​ខាងលើ​នឹង​អាច ឆ្លាក់​ឈ្មោះ​របស់ខ្លួន ហើយ​បិទ​ការតុបតែង​មួយចំនួន​លើ​បន្ទះ​ដែក​អ៊ី​ណុ​ក​តូច​មួយ​ដែល​នឹង ត្រូវដាក់​បញ្ចូល​ទៅក្នុង​ផ្កាយរណប​តូច​។​

​ផ្កាយរណប​តូច​នេះ​នឹងត្រូវ​បញ្ជូន​ទៅកាន់​ស្ថានីយ​អវកាស​អន្តរជាតិ (ISS) តាម​យាន​ផ្គត់ផ្គង់ ហើយ​បន្ទាប់មក​អវកាសយានិក​នឹង​បោះ​វា​ចូលទៅក្នុង​លំហ​អវកាស​។​

​លោក តូ​ស៊ី​ហ៊ី​រ៉ុ កា​មេ​ដា (Toshihiro Kameda) នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​ខាងលើ​បាន​ប្រាប់ ទីភ្នាក់ងារសារព័ត៌មាន​បារាំង​ថា អតិថិជន​នឹង​ទទួលបាន​រូបថត​យាន​ដែល​ផ្ទុក​ស្លាក អាពាហ៍ពិពាហ៍​របស់​ពួកគេ នៅពេល​វារ​សាត់អណ្តែត​វិលជុំ​ក្នុង​លំហ​ក្នុងចំណោម​ហ្វូង​ផ្កាយ​។​

​លោក​បាន​គូសបញ្ជាក់ថា “​មូលហេតុ​នៃ​ការផ្តល់សេវា​នេះ​គឺ​ដោយសារ​ខ្ញុំ ចង់ឱ្យ​ពួកគេ​ផ្សាយ​ក្តី ស្រឡាញ់ និង​សុភមង្គល​របស់​ពួកគេ​ពេញ​លំហ​មេឃ​”​។​

​តាម​ការរំពឹងទុក​ថា ការបាញ់​បង្ហោះ​ផ្កាយរណប​នេះ​អាច​នឹងធ្វើ​ឡើង​នៅ​ឆ្នាំក្រោយ ប៉ុន្តែ​ក្រុមហ៊ុន​នឹង ចាប់ផ្តើម​ទទួលយក​ការ​កុម្ម៉ង់​ពី​គូ​ស្វាមីភរិយា​ក្នុងពេល​ឆាប់ៗ​នេះ​៕ ប្រែ​សម្រួល​: ខុម​

ទីតាំងផ្សាយពាណិជ្ជកម្ម