ទិវា​ឯករាជ្យ​ជាតិ ម៉ា​ល់​ឌី​វ​

2165
ចែករម្លែក

(​ភ្នំពេញ)​៖ រដ្ឋាភិបាល និង​ប្រជាពលរដ្ឋ​ម៉ា​ល់​ឌី​វ ប្រារព្ធ​ទិវា​ឯករាជ្យ​ជាតិ​របស់​ពួកគេ​នៅ ថ្ងៃទី​២៦ ខែកក្កដា ដើម្បី​រំឭក​ដល់​ថ្ងៃ​ដែល​ពួកគេ​ទទួលបាន ឯករាជ្យភាព ពី​ចក្រភព​អង់គ្លេស កាលពី​ឆ្នាំ​១៩៦៥ ។​

​ភូមិសាស្ត្រ​-​ប្រជាសាស្ត្រ​៖
​សាធារណរដ្ឋ ម៉ា​ល់​ឌី​វ មាន​ផ្ទៃដី ២៩៨ គីឡូម៉ែត្រ​ក្រឡា ស្ថិតនៅ​ទ្វីប អាស៊ី​ខាងត្បូង មាន​ព្រំដែន ជាប់​នឹង​ប្រទេស​ស្រីលង្កា ឥណ្ឌា និង អូ​ម៉​ង់ គឺជា​រដ្ឋ កោះ​តូច​ច្រឡឹង​មួយ នៅក្នុង​មហាសាគរ ឥណ្ឌា​។ ឆ្នាំ​២០១៨ មាន​ប្រជាពលរដ្ឋ ជាង ៤ សែន​នាក់ ភាគច្រើនបំផុត​ជា​អ្នក​កាន់សាសនា អ៊ិ​ស្លាម ភាសាផ្លូវការ​គឺ ភាសា​ឌី​វេ​ហ៊ិ រដ្ឋធានី គឺ​ទីក្រុង​ម៉ា​ល់ ។

​ប្រវត្តិសាស្ត្រ​៖
​នៅ​ឆ្នាំ​១៥៥៨ ជនជាតិ​ព័រទុយហ្កាល់ បាន​បង្កើត​យោធភូមិភាគ និង​ប៉ុស្តិ៍​ពាណិជ្ជកម្ម​នៅ​ម៉ា​ល់​ឌី​វ ហើយ​បាន​ត្រួតត្រា​ទីនោះ ជា​ដែនដី​អាណានិគម​របស់ខ្លួន​។ ពួក​ជនជាតិ​ព័រទុយហ្កាល់ បាន​ព្យាយាម​សាបព្រោះ សាសនា​គ្រិស្ត នៅ​ទីនោះ ធ្វើឱ្យ​អ្នកស្រុក​ភាគច្រើន មិន​ពេញចិត្ត​ឡើយ ព្រោះ​ទីនោះ​ជា​អ្នកស្រុក​អ៊ិ​ស្លាម ។

១៥ ឆ្នាំ​ក្រោយមក មេដឹកនាំ ម៉ា​ល់​ឌី​វ ឈ្មោះ មូ​ហា​ម៉ា​ដ ថា​គូ​រូ​ហ្វា​អាន់ អាល់ អា​ហ្សា​ម បាន​ដឹកនាំ​ធ្វើ​បដិវត្តន៍ បណ្តេញ​ពួក​ជនជាតិ​ព័រទុយហ្កាល់ ចេញពី​ទឹកដី​ម៉ា​ល​ឌី​វ ដោយ​ជោគជ័យ​។​នៅ​ពាក់កណ្តាល​សតវត្សរ៍​ទី ១៧ ហុ​ល្លង់ ដែល​ក្លាយជា​មហាអំណាច​នៅ​តំបន់ Ceylon ( បច្ចុប្បន្ន ស្រីលង្កា ) ជំនួស ព័រទុយហ្កាល់ បាន​បង្កើត​អនុត្តរភាព​លើ​កិច្ចការ​របស់​ជនជាតិ ម៉ា​ល់​ឌី​វ ។

លុះដល់​ឆ្នាំ​១៧៩៦ ចក្រភព​អង់គ្លេស បាន​ដណ្តើម​កាន់កាប់​តំបន់ Ceylon ហើយ​បាន​បណ្តេញ ពួក​ហុ​ល្លង់ ចេញពី​តំបន់​នោះ រួមទាំង​ពី​ម៉ា​ល​ឌី​វ​ផង​។ ស៊ុ​លត​ង់ ម៉ា​ល់​ឌី​វ បាន​ព្រម​ទទួលយក អង់គ្លេស ជា​អាណាព្យាបាល​របស់ខ្លួន​ជា​ផ្លូវការ​នៅ​ឆ្នាំ ១៨៨៧ ដោយ​ឱ្យ​អង់គ្លេស ជា​អ្នកការពារ ពី​ការ​បៀតបៀន​នានា និង​ជា​អ្នក​ប្រឹក្សា​លើ​កិច្ចការបរទេស​របស់ ម៉ា​ល់​ឌី​វ ដែល​អាច​និយាយ ម្យ៉ាង​ទៀតថា ម៉ា​ល់​ឌី​វ ធ្លាក់​ក្រោម​អាណានិគម​អង់គ្លេស ដោយ​ប្រការ​នោះឯង ។​

​កំណែទម្រង់​៖
​អំណាច​របស់​ប្រទេស នាពេលនោះ ស្ថិតនៅក្នុង​កណ្តាប់ដៃ ប្រធាន​រដ្ឋមន្ត្រី និង ស៊ុ​លត​ង់ នាំឱ្យមាន​ក្តីបារម្ភ​ដល់​អង់គ្លេស ដែលជា​អាណាព្យាបាល​។ ដោយហេតុនេះ អង់គ្លេស ក៏​ចាប់ផ្តើម បង្កើតឱ្យមាន​របប​រា​ជា​ធិបតេយ្យ អាស្រ័យ​ធម្មនុញ្ញ​ឡើង ហើយ​រដ្ឋធម្មនុញ្ញ ម៉ា​ល់​ឌី​វ ត្រូវបាន ប្រកាស​ឱ្យប្រើ​ប្រាស់​លើកដំបូង​នៅ​ឆ្នាំ​១៩៣២​។ រដ្ឋធម្មនុញ្ញ​នេះ គឺជា​ការពេញចិត្ត​រប​ស់ ពួក​យុវជន​កំណែទម្រង់​និយម ដែល​បាន​សិក្សា​នៅ​អង់គ្លេស ប៉ុន្តែ​ប្រធាន​រដ្ឋមន្ត្រី និង ស៊ុ​លត​ង់ មិន​សប្បាយចិត្ត​ទាល់តែសោះ​។ ជា​លទ្ធផល​ប្រធាន​រដ្ឋមន្ត្រី និង​ស៊ុ​ល​តង់​បាន​ញុះញង់​មនុស្ស ជា​សាធារណៈ ឱ្យ​ប្រឆាំងនឹង​រដ្ឋធម្មនុញ្ញ​នោះ ។​

​សាធារណរដ្ឋ​លើកដំបូង​៖
​ចាប់ពី​ទសវត្សរ៍​១៩៤០ ម៉ា​ល់​ឌី​វ មានការ​ផ្លាស់ប្តូរ​ជាច្រើន ទាំង​ផ្នែក​អប់រំ និង សិទ្ធិមនុស្ស​។ ឆ្នាំ​១៩៥៣ ការបោះឆ្នោត​ជ្រើសរើស ប្រធានាធិបតី​លើកដំបូង ត្រូវបាន​ធ្វើឡើង ដោយ​លោក មូ​ហា​ម៉ា​ដ អាមីន ឌី​ឌី ជាប់​ជា​ប្រធានាធិបតី ។ ពេលនោះ​ហើយ ដែល ម៉ា​ល់​ឌី​វ​បាន​ផ្លាស់ប្តូរ ទៅជា​សាធារណរដ្ឋ​។ ប៉ុន្តែ​ប្រធានាធិបតី មូ​ហា​ម៉ា​ដ អាមីន ឌី​ឌី ត្រូវបាន​ហ្វូងមនុស្ស​ដែលមាន ស៊ុ​លត​ង់ និង​ប្រធាន​រដ្ឋមន្ត្រី ញុះញង់​នោះ វាយ​ធ្វើបាប​យ៉ាងធ្ងន់ធ្ងរ ហើយ​បាន​បាត់បង់​ជីវិត​។
​នៅ​ឆ្នាំ​១៩៥៤ អំណាច​តាម​ប្រព័ន្ធ ស៊ុ​លត​ង់ ត្រូវបាន​ស្តារឡើងវិញ​។ ២ ឆ្នាំ​ក្រោយមក ចក្រភព​អង់គ្លេស ទទួលបាន​ការអនុញ្ញាត​ឱ្យ​បង្កើត​ឡើងវិញ​នូវ អាកាសយានដ្ឋាន​សង្គ្រាម នៅក្នុង​តំបន់ Gan និង​បង្កើត​ស្ថានីយ៍​វិទ្យុ​នៅ​តំបន់ Hitaddu នៃ​ប្រទេស​ម៉ា​ល់​ឌី​វ ក្នុង​កិច្ចសន្យា រយៈពេល ១០០ ឆ្នាំ ដោយ​អង់គ្លេស ត្រូវ​បង់ថ្លៃ​ឈ្នួល​ទៅឱ្យ ម៉ា​ល់​ឌី​វ ក្នុង​មួយឆ្នាំ ២.០០០ ផោន (​ប្រមាណ​ជា ២.៦០០ ដុល្លារ​អាមេរិក​)​។

​ទោះយ៉ាងណា ឆ្នាំ ១៩៥៧ នាយករដ្ឋមន្ត្រី​ថ្មី របស់ ម៉ា​ល់​ឌី​វ លោក អ៊ីប្រាហ៊ីម ណា​ស៊ែ​រ៍ បាន​អំពាវនាវ​ឱ្យ​ពិនិត្យ នូវ​កិច្ចសន្យា​នោះ​ឡើងវិញ ដោយ​ឱ្យ​កាត់បន្ថយ​រយៈពេល និង តំឡើងថ្លៃ​ឈ្នួល​។ ប៉ុន្តែ ដោយសារ​ការ​សមគំនិត​គ្នា រវាង ស៊ុ​លត​ង់ និង អង់គ្លេស ទើប​លោក ណា​ស៊ែ​រ៍ មិនបាន​ជោគជ័យ​ឡើយ ហើយ​ពួក​អ្នក​នៅ​តំបន់ Gan និង Hitaddu ថែមទាំង​បាន​ផ្តាច់ខ្លួន​បង្កើតជា​រដ្ឋ​ឯករាជ្យ​មួយ ឈ្មោះថា សាធារណរដ្ឋ​រួបរួម ស៊ូ​វ៉ា​ឌី​វ ទៀតផង ដោយមាន​មនុស្ស​ប្រមាណ​ត្រឹមតែ​ជាង​ពីរម៉ឺន​នាក់​ប៉ុណ្ណោះ​។ នៅ​ឆ្នាំ ១៩៦២ លោក ណា​ស៊ែ​រ៍ បាន​បញ្ជា​កងទ័ព និង​ប៉ូលិស ទៅ​បោសសម្អាត​ពួក​បំបែក​រដ្ឋ​។ ១ ឆ្នាំ​ក្រោយមក គឺ​ឆ្នាំ​១៩៦៣ សាធារណរដ្ឋ រួបរួម ស៊ូ​វ៉ា​ឌី​វ ត្រូវបាន​កម្ទេច ហើយ​ដែនដី​នោះ បាន​ក្លាយជា​ប្រទេស​ម៉ា​ល់​ឌី​វ វិញ​ដដែល ។​

​ឯករាជ្យភាព​៖
​សូម​ត្រឡប់​ទៅក្រោយ​វិញ​បន្តិច​ថា កាលពី​ឆ្នាំ​១៩៦០ ម៉ា​ល់​ឌី​វ បាន​កាត់បន្ថយ​កិច្ចសន្យាជួល​ដី​ឱ្យ អង់គ្លេស បង្កើត​អាកាសយានដ្ឋាន​សង្គ្រាម ឱ្យនៅ​ត្រឹមតែ​ឆ្នាំ ១៩៦៥ ប៉ុណ្ណោះ ហើយ​បង្កើន​ថ្លៃឈ្នួល ដល់ ៧៥០.០០០ ផោន ( ប្រមាណ​ជាមួយ​លាន​ដុល្លារ​អាមេរិក ) ក្នុង ១ ឆ្នាំ ហើយ​ប្រាក់​ឈ្នួល​នោះ ត្រូវបាន​ប្រើ​ក្នុង​គោលដៅ​អភិវឌ្ឍន៍​សេដ្ឋកិច្ចជាតិ ។​

​ស្របតាម​កិច្ច​ស​ន្យ​ខាងលើនេះ អង់គ្លេស ត្រូវ​អស់សិទ្ធិ​ប្រើប្រាស់ អាកាសយានដ្ឋាន កងទ័ព និង វិទ្យុ របស់ខ្លួន​នៅ​ប្រទេស ម៉ា​ល់​ឌី​វ នៅត្រឹម​ឆ្នាំ ១៩៦៥ ។ ដូច្នេះ ជាការ​ដោះដូរ​ឱ្យ​អង់គ្លេស អាចឈរជើង​កងទ័ព​នៅ​ម៉ា​ល់​ឌី​វ​នោះ នៅ​ថ្ងៃទី​២៦ ខែកក្កដា ឆ្នាំ​១៩៦៥ អង់គ្លេស​បានប្រគល់ ឯករាជ្យភាព ពេញលេញ ទៅឱ្យ ម៉ា​ល់​ឌី​វ ជាការ​ដោះដូរ​ឱ្យ​អង់គ្លេស​អាច​នៅ​ប្រើប្រាស់ អាកាសយានដ្ឋាន​របស់​ខ្លួន នៅ​តំបន់ Gan និង វិទ្យុ នៅ Hitaddu បន្តទៀត ។​

​រដ្ឋាភិបាល និង​ប្រជាពលរដ្ឋ ម៉ា​ល់​ឌី​វ បាន​ប្រារព្ធ​ទិវា​ឯករាជ្យ​ជាតិ របស់ខ្លួន ដើម្បី​រំឭក​ដល់​ថ្ងៃ ដែល​ពួកគេ​ទទួលបាន​ឯករាជ្យ ពី​អង់គ្លេស ដោយ​ប្រការ​ដូច្នេះ​ឯង ។ នៅក្នុង​ការបោះឆ្នោត ប្រជាមតិ​ថ្នាក់ជាតិ​មួយ នៅ​ឆ្នាំ​១៩៦៨ របប​ស៊ុ​លត​ង់ ត្រូវបាន​លប់បំបាត់ ហើយ​បង្កើតបាន ជា​សាធារណរដ្ឋ ម៉ា​ល់​ឌី​វ រហូតមក ៕ ស្រាវជ្រាវ​ប្រែ​សម្រួល​: មេសា​

ទីក្រុង ម៉ា​ល់ ប្រទេស ម៉ា​ល​ឌី​វ (​ម៉ា​ល់​ឌី​វ ២)
អង់គ្លេស​ចុះហត្ថលេខា​ប្រគល់​ឯការ​ជ​ភាព​ទាំងស្រុង​ឱ្យ ម៉ា​ល់​ឌី​វ (​ម៉ា​ល់​ឌី​វ ១)

ទីតាំងផ្សាយពាណិជ្ជកម្ម