អ្នកនាំពាក្យ គ​.​ជ​.​ប ឆ្លើយតប​ទៅនឹង​ការមិន​បញ្ជូន​អ្នកសង្កេតការណ៍​ការបោះ​ឆ្នោត​របស់​អាមេរិក និង​ជប៉ុន​

1375
ចែករម្លែក

ដោយៈ មុនី​រ័ត្ន / ភ្នំពេញៈ លោក ហង្ស ពុទ្ធា អ្នកនាំពាក្យ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) បាន​ថ្លែង​បញ្ជាក់ថា សហរដ្ឋអាមេរិក និង​ជប៉ុន មិន​បញ្ជូន​អ្នកសង្កេតការណ៍​មក​ឃ្លាំមើល​ការបោះឆ្នោត ជ្រើសតាំង​តំណាងរាស្ត្រ​នៅ​កម្ពុជា នា​ថ្ងៃទី​២៩ ខែកក្កដា គឺ​មិន​ប៉ះពាល់​ដល់​ភាពត្រឹមត្រូវ និង​ដំណើរការ នៃ​ការបោះឆ្នោត​នោះទេ ពីព្រោះ​ស្ថានទូត​ស្ទើរតែ​ទាំងអស់​បានដាក់​អ្នកសង្កេតការណ៍​មក​ឃ្លាំមើល​ការបោះឆ្នោត​។

​ការ​ថ្លែង​បញ្ជាក់​របស់​អ្នកនាំពាក្យ គ​.​ជ​.​ប គឺធ្វើឡើង​បន្ទាប់ពី​ខុទ្ទកាល័យ​គណៈរដ្ឋមន្ត្រី​ជប៉ុន​បានប្រកាស​កាលពី​ថ្ងៃទី​២៥​កក្កដា ម្សិលមិញ​ថា ខ្លួន​នឹងមិន​បញ្ជូន​អ្នកសង្កេតការណ៍​មក​ឃ្លាំមើល​ការបោះឆ្នោត​នៅ​កម្ពុជា នា​ថ្ងៃទី​២៩​កក្កដា​ខាងមុខនេះ​ទេ​។ ចំណែក​ស្ថានទូត​អាមេរិក​វិញ ក៏បាន​បញ្ជាក់​កាលពី​ម្សិលមិញ​ដែរ​ថា គ្មាន​ភ្ញៀវ​ឬ​អ្នកសង្កេតការណ៍​ផ្លូវការ​ណា​ម្នាក់ មកពី​រដ្ឋាភិបាល​សហ​រដ្ឋ​អាមេរិក នឹងចូលរួម​សង្កេតការណ៍​បោះឆ្នោតជាតិ​នៅ​កម្ពុជា នោះដែរ​។​

​អ្នកនាំពាក្យ គ​.​ជ​.​ប បាន​បញ្ជាក់ថា ចំពោះ​ស្ថានទូត​ដែល​ប្រចាំ​នៅ​កម្ពុជា​ស្ទើរតែ​ទាំងអស់ បានដាក់​អ្នក​អង្កេត​ការណ៍​ឃ្លាំមើល​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ ក្នុងនោះ​មានដូចជា ស្ថានទូត​ម៉ី​យ៉ាន់​ម៉ា ស្ថានទូត​ចិន ស្ថានទូត​សិង្ហ​បុរី ស្ថានទូត​ទី​ម័​រ​ឡេស ស្ថានទូត​ហ្វីលីពីន ស្ថានទូត​ព្រុយ​ណេ ស្ថានទូត​ថៃ ស្ថានទូត​នី​ហ្សេ​នី​យ៉ា ស្ថានទូត​រ៉ូ​ម៉ា​នី និង​ស្ថានទូត​ផ្សេងៗ​មួយចំនួនទៀត​។​

​លោក​ហង្ស ពុទ្ធា បានបញ្ជាក់​ទៀតថា នេះ​គ្រាន់តែ​ជា​ភាសា​ប្រយោល​ទេ ប៉ុន្តែ​បច្ចុប្បន្ន​ការិយាល័យ​របស់​ជប៉ុន ស្ថិតនៅ​ជាមួយ គ​.​ជ​.​ប និង​ធ្វើការ​ជាមួយ គ​.​ជ​.​ប យ៉ាង​ជិតស្និទ្ធ​។ ទាក់ទង​នឹង​ការលើកឡើង​របស់​ស្ថានទូត​សហរដ្ឋអាមេរិក​នោះ គឺជា​សិទ្ធិ​នៃ​ការសម្រេចចិត្ត​របស់គេ ហើយ​ខាង​ណា​ចង់​ចូលរួម​ក៏​ចូល បើ​មិន​ចូលរួម​ទេ ក៏​មិន​ប៉ះពាល់​ដល់​ភាពត្រឹមត្រូវ និង​ដំណើរការ​នៃ​ការបោះឆ្នោត​ដែរ​។​

​លោក​បន្តថា រហូតមកដល់​ពេលនេះ អ្នកសង្កេតការណ៍​ជាតិ​សម្រាប់​ឃ្លាំមើល​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ នេះ មាន​ចំនួន ៧៩៦២១​នាក់ (​ស្រី​ចំនួន ៤៣៩២៩​នាក់​) មកពី​ស្ថាប័ន អង្គភាព​ចំនួន​១១២ ។ ហើយ​អ្នក​សង្កេត​ក​ការណ៍​អន្តរជាតិ មាន​ចំនួន​២១៣​នាក់ (​ស្រី​ចំនួន​៥៩​នាក់​) មកពី​ស្ថាប័ន និង​ប្រទេស​ចំនួន​៣២ ហើយ​ការទទួល​អ្នកសង្កេតកា​រណ៍​អន្តរជាតិ រហូតមកដល់​ពេលនេះ នៅ​មិនទាន់​ចប់​នៅឡើយ​ទេ គឺ​គ​.​ជ​.​ប កំពុងតែ​ពិនិត្យ នៅសល់​១០​ស្ថាប័ន​ទៀត និង​មាន​គ្នា​ចំនួន​៩៣​នាក់ (​ស្រី​ចំនួន​២១​នាក់​)៕

ទីតាំងផ្សាយពាណិជ្ជកម្ម