បច្ចេកទេស​ដាំ​អំពៅ និង​គុណប្រយោជន៍​របស់​អំពៅ​

9533
ចែករម្លែក

​អំពៅ ជា​ប្រភេទ​រុក្ខជាតិ​ដែល​ងាយ​ដាំ​ដុះ​មួយ​ប្រភេទ ដែល​ប្រជាជន​យើង​និយម​ដាំ ។​

​គុណប្រយោជន៍​
– គេ​អាច​យក​អំពៅ​ទៅ​បរិភោគ​តែម្ដង​ក៏បាន អាច​កិន​យក​ទឹក​ក៏បាន ហើយក៏​មាន​គេ​យក​ទឹកអំពៅ ទៅធ្វើជា​ស្ករ (​ស្ករអំពៅ​) ផងដែរ ។​
​ក្រៅពីនោះ គេ​ក៏​អាច​ប្រើ​អំពៅ​សម្រាប់​ព្យាបាល​ជម្ងឺ​ជាច្រើន​មុខ ដូចជា​៖
– ដើម​ជាប់​ថ្នាំង​អាច​ព្យាបាល​ជម្ងឺ​ដូចជា​៖
– ព្យាបាល​ក្ដៅ​ក្នុង ទម្លាប់​ស្លេស បញ្ចុះ​នោម ក្អក​ហឺត ចង្អោរ​ក្អួត ទល់លាមក ទាស់​នោម នោម​ខុស ប្រក្រតី ទម្លាប់​ប្រមេះគ្រាប់​នោម​ញឹក ត្អើក ជួយ​ក្រពះ​ក្នុងកា​រំលាយ​អាហារ ជំនួយ​កម្លា​ង​ប្រើ​លាយ ជាមួយ​រុក្ខជាតិ​ដទៃទៀត ដើម្បី​ព្យាបាល កាមរោគ​ផ្សះ​ដំបៅ​ស្ត្រី​ធ្លាក់ស ។​ល​។

​វិធី​ប្រើ​
– ៧០ ទៅ ១៥០ ក្រោម អំពៅ​ស្រស់​ស្ងោរ​ផឹក​ពីរដង​មួយថ្ងៃ
– ១៥ ទៅ ៣០ ក្រោម អំពៅ​ក្រៀម​ដាំ​ផឹក ពីរដង​មួយថ្ងៃ ។ ៥០ ទៅ ១០០​ម​.​ល ទឹកអំពៅ (​ផឹក​) ពីរដង​មួយថ្ងៃ

​បច្ចេកទេស​ដាំ​អំពៅ​
១. ស្ថានភាព​ទូទៅ​

– អំពៅ​ជា​ដំណាំ​មួយ​ប្រភេទ ដែល​ប្រជាកសិករ​យើង​ស្គាល់​ស្ទើរ គ្រប់គ្នា​ទាំងអស់ ហើយ​ដំណាំ​នេះ ក៏បាន​ដាំ​ដុះ​លើ​ផ្ទៃដី​តូចៗ​ស្ទើរ​ពាសពេញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​យើង​ដែរ​
– ជាទូទៅ​ប្រជាកសិករ​តែង​និយម​ក​យក​អំពៅ​មក​គា​បយក​ទឹក​សំរាប់​ហូរ​ដូចជា​ភេសជ្ជៈ​ធម្មតា ឬ​គេ​និយម​ហូប​ផ្ទាល់​តែម្ដង ។​
– សារៈសំខាន់​នៃ​ដំណាំ​នេះ ក្នុងប្រទេស​យើង ក៏ដូចជា​ក្នុង​ពិភពលោក គេ​បាន​កែច្នៃ​ទឺ​ក​អំពៅ​យកទៅ ធ្វើជា​ស្ករស​ដែល​យើង​ត្រូវការ​ចាំបាច់​ខានមិនបាន​ជា​រៀងរាល់ថ្ងៃ​
– ក្រៅពី​សារៈសំខាន់​សម្រាប់​ធ្វើ​ស្ករអំពៅ​នៅ​ប្រទេសមួយ​ចំនួន​គេ​បាន​កែច្នៃ​ទឹក អំពៅ​យកទៅ​ធ្វើជា​អាកុល ស្រា និង​ធ្វើជា​ចំណី​សត្វ ហើយ​ម្យ៉ាងទៀត​កាក​អំពៅ​គេ​បាន​យកទៅ​កែ ច្នៃ​ធ្វើជា​ក្រដាស ក្ដារបន្ទះ ។​ល​។ ចំពោះ​ប្រទេស​កម្ពុជា​នាពេល​បច្ចុប្បន្ន​នេះ ដំណាំ​អំពៅ គឺ​គេ​បាន កែច្នៃ​ធ្វើ​ស្ករ​ក្នុង​សិប្បកម្ម​តូចៗ​ប៉ុណ្ណោះ​ក្រៅពីនេះ​គឺ ប្រជាកសិករ យើង​និ​យក​ហូប​ទឹកអំពៅ​ដូច ជា​ភេសជ្ជៈ​ធម្មតា​ប៉ុណ្ណោះ ។

២. តំបន់​ដា​ដុះ​
– ជាទូទៅ​កសិករ​យើង​តែងតែ​និយម​ដាំ​ដុះ​អំពៅ​នៅ​តំបន់​តាម​ដង​ទន្លេ ដូចជា​នៅ​ខេត្ត ក្រចេះ កំពង់ចាម កណ្ដាល ព្រៃវែង ក្រៅពី​តំបន់​តាម​ដង​ទន្លេ គេ​អាច​ដាំ​ដំណាំ​នេះ​នៅតាម​តំបន់​ដី​ខ្ពង់រាប ដី​កោះ និង​តាម​ជំរាល​ជើងភ្នំ លើដី​ក្រហម ឬ​ដីខ្មៅ​ដូចជា នៅតាម ជំរាល​ជើងភ្នំ លើដី​ក្រហម ឬ​ដីខ្មៅ ដូចជា​នៅតាម ខេត្តបាត់ដំបង ស្ទឹងត្រែង មណ្ឌលគិរី រតនគិរី ជាដើម ។​ល​។

​បច្ចេកទេស​ដាំ​ដុះ និង​ថែរក្សា​:

*​រដូវ​កាល​ដាំ​ដុះ​

*តំបន់​តាម​ដង​ទន្លេ​

​ជាទូទៅ​គេ​អាច​ចាប់ផ្ដើម​ដាំ​ក្នុងអំឡុងពេល​ខែវិច្ឆិកា ធ្នូ រហូតដល់​ចុង ខែមករា ហើយ​ប្រមូល​ផល នៅ​អំ​ឡូង​ខែសីហា កញ្ញា មុនពេល​ទឹក​ឡើង​លិច​ចំការ ។​
– ការប្រមូល​ផល​នៅក្នុង​អំឡុង​ខែ​នេះ គឺជា​ទូទៅ​គេ​យក​អំពៅ​សម្រាប់​គាប​យក​ទឺ​ក​ហូប​
– ចំពោះ​ការដាំដុះ​សម្រាប់ធ្វើ​ស្ករ ត្រូវ​ប្រមូល​ផល​ក្នុងអំឡុង​ខែវិច្ឆិកា ធ្នូ ឬ​មករា គឺ​ចំពេល​ដែលមាន​សីតុណ្ហភាព​ទាប ។ ដូច្នេះ ដំណាំ​អាចមាន​អាយុ​ដល់​ទៅ ១១ ខែ ឬ​១២ ខែ និង​អាច ដល់ ១៣​ខែ​

​តំបន់​ខ្ពង់រាប​
– ចំពោះ​តំបន់​នេះ​គេ​អាច​ចាប់ផ្ដើម​ដាំ​ក្នុងអំឡុង​ខែ មេសា ពេល​ដែលមាន​ភ្លៀង​ធ្លាក់​ដំបូង​ហើយ​គេ អាច​ប្រមូល​ផល​ក្នុងអំឡុង ខែមករា និង​កុម្ភៈ ។​
– ដូច្នេះ​ការប្រមូល​ផល​ក្នុង​ខែ​នេះ ដំណាំ​អាចមាន​អាយុប្រមាណ​ជាង ១០​ខែ ។​

​ការរៀបចំ​ដី​
– ការ​ភ្ជួរ​រាស់​ជាទូទៅ​ចំពោះ​ដំណាំ​អំពៅ​ក៏​ប្រហាក់ប្រហែល និង​ដំណាំ​ចំការ​ផ្សេងៗ​ទៀត​ដែរ ។ ការ​ភ្ជួរ​រាស់​ធ្វើឡើង​ក្នុង​គោលបំណង​ដើម្បី​ជ្រុំ​ជ្រួយដី​ឲ្យ​ផុស​ល្អ​ដែល​អាច​បង្ក​ឲ្យ​ដំណាំ​ដុះ​លូតលាស់ ឆាប់ ម្យ៉ាងទៀត​តាមរយៈ​ការរៀបចំ​ដី​យើង​អាច​សម្លាប់​ស្មៅ​សត្វល្អិត និង​ជម្ងឺ​មួយ​ចំ ជាធម្មតា​គេ អាច​ភ្ជួរ ២​សោរ និង​រាស់​ជ្រួយដី ២​ទៅ ៣​សារ ដើម្បី​ឲ្យ​ដី​ផុស​ល្អ ។​
– លក្ខណៈពិសេស នៃ​ការ​ភ្ជួរ​រាស់​គឺ​ការ​ភ្ជួរ​លើក​ទី ១ គេ​ធ្វើ​នៅពេលដែល​ទឹក​ស្រក​ចុះ​ផុតពី​ចំការ (​ចំពោះ​តំន់​មាត់ទន្លេ​) បន្ទាប់មក​គេ​ទុក​ដី​ហាល​ចោល​រយៈពេល​ប្រមាណ ១០​ថ្ងៃ ហើយ​ចាប់ផ្ដើម ភ្ជួរ​លើក​ទី ២ បន្ទាប់ពី​ការ​ភ្ជួរ​លើក​ទី ២ ត្រូវ​រាស់ ដី​ឲ្យ​បាន​ម៉ត់​ល្អ ។​
– ចំពោះ​តំបន់​ខ្ពង់រាប​វិញ គេ​បានចាប់ផ្ដើម​ភ្ជួរ​ដី​លើក​ទី​១ ប្រមាណ​ជា ១ ទៅ ២​ខែ មុនពេល​ដាំ ។ បន្ទាប់មក​ពេលដែល​មាន​ភ្លៀង​ធ្លាក់​ល្មម ហើយ​គេ​អាច​ភ្ជួរ​លើក​ទី ២ រួច​រាស់​ឆូត​រង ឬ​កាប់​រណ្ដៅ និង​ចាប់ផ្ដើម​ការដាំដុះ​តែម្ដង ។

+ របៀប​ដាំ​
– ការដាំ​អំពៅ​គេ​អាច​ធ្វើបាន​ច្រើនយ៉ាង​គឺ គេ​អាច​បណ្ដុះ​កូន​ជាមុនសិន ឬក៏​ដាក់​ដាំ​ដំ​ណាត់​ដើម​ដែល មាន​ភ្នែក​តែម្ដង ។​

ការបណ្ដុះ​កូន​
– វិធី​នេះ គឺ​គេ​បណ្ដុះ​កូន​ជាមុនសិន ហើយ​ត្រូវបាន​គេ​យកទៅ​ដាំ​នៅ​ចំការ​ពេលដែល​កូន​នោះ​លាស់ បាន​ធំ​ល្មម (​អាយុប្រមាណ​ជា ១​ខែ​) វិធី​នេះ គេ​ច្រើន​អនុវត្ត​ចំពោះ​ការដាំ​ក្នុង​រណ្ដៅ​
– ជាដំបូង​គេ​ត្រូវ​កាត់​ជា​កំណាត់​ខ្លីៗ ដែលមាន​ថ្នាំ​មួយៗ រួចហើយ​គេ​ដាក់​តំរៀ​ង​គ្នា​ក្នុង​ថ្នាល​មួយ ក្បែរ​ប្រភពទឹក ដើម្បី​ងាយស្រួល​ក្នុងការ​ស្រោចស្រព​
– កំណាត់​ដើម​អំពៅ​ដែល​គេ​តំរៀប​គ្នា​នោះ មិនត្រូវ​លុប​ដី​ឲ្យ​ជិត​តែម្ដង​ទេ ហើយ​ត្រូវដាក់​ភ្នែក​ថ្នា​ង អំពៅ​នៅលើ ដើម្បី​បង្ក​ការងាយស្រួល​ក្នុងការ​ដុះ​ពន្លក ហើយ​ដើម្បី​ឲ្យ​កាន់តែ​ប្រសើរ​ត្រូវ​គ្រប​ចំបើង ពីលើ​
– ជាទូទៅ​គេ​ត្រូវ​ស្រោច​ទឹក​មួយថ្ងៃ​ម្ដង ដើម្បី​ឲ្យ​កូន​អំពៅ​នោះ​លូតលាស់​បានល្អ
– ពេលដែល​កូន​អំពៅ​នោះ​លាស់​បានល្អ​មាន ទំហំ​ដើម​ប៉ុន​ម្រាម​ដាំ ហើយ​ដែលមាន​អាយុប្រមាណ ជា ១ ខែ​ទើប​គេ​យកទៅ ដាំ​នៅ​ចំការ ។​

ការដាក់​ដាំ​កំណាត់​ដើម​
– វិធី​នេះ​គេ​អនុវត្តន៍​ចំពោះ​ដីចំការ​ធំៗ ដែល​ជួនកាល​ការកាប់​រណ្ដៅ​អាច​ត្រូវ​ចំណាយ​ថវិការ​ច្រើន ។​
– ការដាំដុះ​តាម​វិធី​នេះ​គេ​អាច​អនុវត្តន៍​បាន​ពេលដែល​ចំការ​មាន​ដី​សើម​ល្មម​
– វិធី​នេះ​អាច​ចំណាយ​ទុន​តិច និង​ឆាប់រហ័ស​ទៀតផង ប៉ុន្តែ​វា មានគុណ​វិប្បត្តិ​ម្យ៉ាង គឺអាច​បណ្ដាល​ឲ្យ​ដើម​ដុះ​មិន​បានល្អ​ក្នុង​ចំការ​ពេលដែល​ពុំមាន​ភ្លៀង ធ្លាក់​គ្រប់គ្រាន់​

​ការត្រៀម​ពូជ​
– ជាទូទៅ​គេ​កាត់​ពូជ​ជា​កង់ៗ​មាន ៣​ថ្នាំ និង​ភ្នែក ៣​ល្អៗ ។​
– ដើម​ដែល​ជ្រើសរើស​យកមក​ធ្វើជា​ពូជ​ជាដើម​ដែលមាន​អាយុ ប្រមាណ​ជា ៧​ខែ ទើប​ជា​ពូជ​ដែល មានគុណ​ភាពល្អ
– មិន​ត្រូវយក​ផ្នែក​ខាង​គល់​ពេក ឬ​ចុង​ពេក​មក​ធ្វើ​ពូជ​ឡើយ ព្រោះ​វា​អាច​ដុះ​មិនសូវ​ល្អ ម្យ៉ាងទៀត​ជៀសវាង​យក​ដើម​ណា​ស្គម​ហើយ​មាន​កើត​ជម្ងឺ​
– កំណាត់​ដើម​អំពៅ ដែល​គេ​យកមក​ធ្វើ ពូជ​ដាំ​រួមមាន​៖ ថ្នាំង និង​ភ្នែក (​ពន្លក​) ៣​ល្អ​
– មុនពេល​ដាំ​គេ​ត្រូវ​ឆូត​រង ឬ​គន្លង ដែលមាន​ចន្លោះ​ឃ្លាត​ពីគ្នា ០,៩០ ទៅ ១,២០​ម រួចហើយ​គេ​បោះ ពូជ​ទៅ​បាត​រង ហើយ​គេ​ត្រូវ​រាស់​លុប ឬ​ឆូត​លុប​តែម្ដង​
– ក្នុង​ការបោះ​ពូជ គេ​អាច​បោះ​កំណាត់​ពូជ​នូវ​ចន្លោះ​ឃ្លាត​ពី​ពូជ​មួយ​ទៅ​ពូជ​មួយ ឬ​ពី​គុម្ព​មួយ​ទៅ គុម្ព​មួយ​ឃ្លាត​ពីគ្នា​ប្រមាណ​ជា ០,៥០ ទៅ ០,៦០​ម
– វិធី​ម្យ៉ាងទៀត​គេ​អាច​បោះ​ទាំង​ដើម​វែង តែម្ដង​រួចហើយ​គេ​កាប់​ដើម​ជា​កង់ៗ ក្នុង​ចំការ​តែម្ដង​
– ការដាំ​ក្នុង​រណ្ដៅ ចំពោះ​ការដាំ​ក្នុង​រណ្ដៅ គឺ​គេ​ដាក់​ក្នុង​មួយ​រណ្ដៅ​ពីរ​កំណាត់​ពូជ នៅ​បាត​រណ្ដៅ គេ​ដាក់​ជីធម្មជាតិ​លាយ​ជាមួយ​ជីគីមី​បន្តិច​គឺ​ប្រមាណ​ជា ៥០ ក្រាម​ជីគីមី និង​ជីធម្មជាតិ​ប្រមាណ​ជា ០,៥ ទៅ ១,០ គ​.​ក្រ ក្នុង​មួយ​រណ្ដៅ​

– ចន្លោះ ឃ្លាត​នៃ​រណ្ដៅ ១​ម​x ០,៨ និង​ទំហំ ០,៣៥​ម បួន​ជ្រុង ដែលមាន​ជំរៅ​ប្រមាណ​ជា ៣០​ស​.​ម​
– ការដាំ​ដោយ​ដាក់​កំណាត់​ដើម​នេះ មាន​លក្ខណៈ​ងាយស្រួល​ម្យ៉ាង​គឺ​យើង​ចំណាយ​ទុន​តិច ពុំ​ចាំបាច់​ធ្វើការ​ស្រោចស្រព ហើយ​ដំណាំ​អាច​ដុះ​លូតលាស់​បាន​អាស្រ័យ​ទៅដោយ​ទឹ​ក្នុង​ដី និង​ទឹកភ្លៀង​ធ្លាក់​
– នៅ​ប្រទេស​គេ​ភាគច្រើន​ពេលដែល​គេ​ដាំ​លើ​ចំការ​ធំៗ​គេ​ដាំ​ម្ដង​ហើយ​គេ​អាច​ប្រមូល ផល​រហូត ដល់ ៣ ទៅ​៤​ដង ក្នុងអំឡុងពេល ៥​ឆ្នាំ ។​
– នៅ​ប្រទេស​ជឿនលឿន​ខ្លះទៀត​មាន​ចំការ​អំពៅ ដែលមាន​អាយុ​រហូតដល់​ទៅ ១០​ទៅ ១៥​ឆ្នាំ ហើយ​គេ​អាច​ប្រមូល​ផល​បាន​ពី ៨ ទៅ ១២​ដង ។​

​ការដាក់​ជី​
– ដំណាំ​អំពៅ​ជា​ដំណាំ​មួយ​ប្រភេទ​ដែល​ត្រូវការ​ជី​ច្រើន​គួរសម​ក្នុងចំណោម​ជីជាតិ​ចិញ្ចឹម​សំខាន់ៗ ដំណាំ​អំពៅ​ត្រូវកា​ជី​ប៉ូ​តា​ស្យូ​ម ច្រើនជាងគេ​ព្រោះ ដំណាំ​អំពៅ​ជា​ដំណាំ​មួយ​ដែល​បង្កើត​ជាតិ​ស្ករ ។ បរិមាណ​នៃ​ជាតិ​ប៉ូ​តា​ស្យូ​ម​ដែល​ត្រូវដាក់​ស្ទើរ​ស្មើនឹង​ជី​អា​ហ្សូ​ត​ដែរ ។​
– ចំពោះ​លក្ខខណ្ឌ​ប្រទេស​កម្ពុជា​យើង​ដែល​កសិករ​ដាំ​មួយឆ្នាំ​តែម្ដង និង​ប្រមូល​ផល​តែម្ដង នោះ គឺ​យើង​អាច​ណែនាំ​ឲ្យ​កសិករ​យើង​ដាក់​ជី ១៥.១៥.១៥ ប្រមាណ ២០០ គ​.​ក្រ​/​ហ​.​ត ។​

– បើ​ករណី​យើង​ដាំ​អំពៅ​សំរាប់ ធ្វើ​ស្ករ ដូច្នេះ​យើង​ត្រូវដាក់​ជីគីមី​នូវ​បរិមាណ​ជា ៤០០ គ​.​ក្រ ជី ១៥.១៥.១៥ ក្នុង​មួយ​ហ​.​ត ដើម្បី​ធានាបាន​ទិន្នផល​ស្ករ​ច្រើន​
– ការដាក់​ជី​លើ​ដំណាំ​អំពៅ​ជាទូទៅ គឺ​គេ​ដាក់​តែម្ដង​ប៉ុណ្ណោះ​នៅពេល​ដាំ ហើយ​គេ​កម្រ​នឹងដាក់ ជីអ៊ុយរ៉េ​បំប៉ន​ម្ដងទៀត​ណាស់ ព្រោះ​អាច​បណ្ដាល​ឲ្យ​ប៉ះពាល់​ដល់​ទិន្នផល​ស្ករ​
– ក្នុងករណី​ចំការ​ដែល​យើង​ដាំ​ម្ដង​ហើយ​ធ្វើការ​ប្រមូល​ផល​ពី ២ ទៅ ៣ ដងនោះ ការដាក់​ជី​ត្រូវ ដ​កា់​ក្រោយពេល​ប្រមូល​ផល​លើក​ទី ១ ជាថ្មី​ម្ដងទៀត​នូវ​បរិមាណ​ជី​ដូច​ទៅនឹង​ការដាក់ នៅពេល​ដាំ ប៉ុន្តែ​ត្រូវ​បន្ថែម​ជីអ៊ុយរ៉េ​មួយកំរិត​ថែមទៀត គឺ​ប្រមាណ​ពី ៥០ ទៅ ១០០ គ​.​ក្រ​/​ហ​.​ត ដើម្បី​ជំនួយ ដល់​ការ​ដុះ​លូតលាស់​របស់​កូន​អំពៅ​ថ្មី ។​

​ការសំអាត​ស្មៅ​
– ការសំអាត​ស្មៅ​មាន​សារៈប្រយោជន៍​ណាស់​សំរាប់​ដំណាំ​អំពៅ​
– ការសំអាត​ស្មៅ​គេ​ត្រូវ​ចាប់ផ្ដើម​អនុវត្ត ចាប់ពី​ពេលដែល​យើង​ដាំ​រហូតដល់​ដើម​អំពៅ​មាន​អាយុ ៤៥​ថ្ងៃ គឺអាច​បណ្ដាល​ឲ្យ​ថយចុះ​ទិន្នផល​ស្ករ​រហូតដល់ ១២% បើ​ធៀប​ទៅនឹង​ចំការ​ដែល​គ្មាន​ស្មៅ
– ត្រូវ​ពូន​គល់ ដើម្បី​ជំនួយ​ដល់​ការលូតលាស់​នៃ​ខ្នែង​អំពៅ ដែលជា​កត្តា​មួយ​យ៉ាង សំខាន់​ក្នុងការ ផ្ដល់​ទិន្នផល ។​
– ការ​ជំ​រះ​ស្មៅ គឺ​យើង​អាចធ្វើ​ដោយ​ចប ហើយ​ចំពោះ​ដីចំការ​ធំ គេ​អាចធ្វើ​ដោយ​គ្រឿងយន្ត ចំពោះ​ប្រទេស​កម្ពុជា​យើង​ពេលដែល​គេ​ដាំ​នៅ​រដូវ​ទឹកសំរក ក្នុង​ខែវិច្ឆិកា ធ្នូ ជាដំបូង​គេ​អាច​ជំ​រះ​ស្មៅ មួយដង ឬ​ពីរដង​ហើយ​រហូត​ដល់ពេល​ធ្លាក់ភ្លៀង ស្មៅ​ដុះ​ថ្មី​ទើប​គេ​ជំ​រះ​ម្ដងទៀត ។​

​ការប្រមូល​ផល​
– ការប្រមូល​ផលដំណាំ​អំពៅ​នៅ​ប្រទេស​កម្ពុជា​យើង គឺ​គេ​អាចធ្វើ​ឡើង​ដោយ​យោងតាម​លក្ខខណ្ឌ អាកាសធាតុ និង​ទីផ្សារ ។​
– ប៉ុន្តែ​ជាទូទៅ​គេ​ប្រមូល​ផល​ពេលដែល​ដំណាំ​មាន​អាយុប្រមាណ​ជា ១០​ទៅ ១៣ ខែ​បន្ទាប់ពី​ដាំ ។ ចំពោះ​ការដាំ​អំពៅ​សម្រាប់​គ្រាន់តែ​លក់ ដើម្បី​គាប​ទឹក​ហូប ការប្រមូល​ផល​ពុំ​សូវ​មាន​បញ្ហា​អ្វី ចោទឡើង​ទេ គឺ​គេ​អាច​ប្រមូល​ផល​ក្នុងអំឡុង​ខែកញ្ញា គឺ​ពេល​អំពៅ​មាន​អាយុ ១០​ខែ មុនពេល​ទឹក លិច ថ្វីត្បិតតែ​ក្នុង​ពេលនេះ​ក្នុង​ដើម​ពុំ​សូវ​មាន​ជាតិ​ស្ករ​ក៏ដោយ ។​
– ចំពោះ​ការដាំដុះ អំពៅ​សំរាប់ធ្វើ​ស្ករ ពេលវេលា​នៃ​ការប្រមូល​ផល គឺ​ក្នុងអំឡុងពេល​ខែធ្នូ ឬ​មករា ព្រោះ​ត្រឹម​ខែ​នេះ អំពៅ​មាន​អាយុ​ពី ១២ ទៅ ១៣​ខែ និង​ជា​ពេលដែល​អាកាសធាតុ​ត្រជាក់ ហើយ​អំពៅ​មាន​ជាតិ​ស្ករ​ច្រើន ។​
– ការប្រមូល​ផល​នៅ​ចំការ​ធំៗ ជួនកាល​គេ​ដុត ចំការ​ជាមុនសិន​ទើប​គេ​កាប់​ដើម​អំពៅ ក្នុងករណី នេះ គេ​ត្រូវ​កាប់​អំពៅ​ភ្លាម និង​ប្រញាប់​យកទៅ​រោងចក្រ​ព្រោះ​បើ​ទុកចោល លើសពី​៣ ថ្ងៃ​អាច បណ្ដាល​ឲ្យ​ខូចគុណភាព​ស្ករ ៕ ប្រភព​: អ៊ាង សុផល្លែត

ទីតាំងផ្សាយពាណិជ្ជកម្ម