នាយ​ឧ​ត្ត​ម​សេនីយ៍ ខេង សុមេធ ចូលរួម​ចែក​រង្វាន់​ដល់​សិស្ស​ពូកែ​នៅ​វិទ្យាល័យ​១០​មករា​១៩៧៩ សៀមរាប​

1194
ចែករម្លែក

ដោយ​: គូលែន / សៀមរាប​: នាយ​ឧ​ត្ត​ម​សេនីយ៍ ខេង សុមេធ អគ្គ​ស្នងការរង​នគរបាលជាតិ បាន​អញ្ជើញ​ចូលរួម​ក្នុង​ពិធី​ផ្តល់​លិខិត​សរសើរ​និង​ចែក​រង្វាន់​ជ័យលាភី​នៅ​វិទ្យាល័យ​១០​មករា​១៩៧៩ ក្រុង​សៀមរាប ដែល​ធ្វើឡើង​នៅ​ព្រឹក​ថ្ងៃទី​២៦ ខែកក្កដា ឆ្នាំ​២០១៨​នេះ ។​

​សិស្ស​ពូកែ​ដែល​ត្រូវ​ទទួល​រង្វាន់​ប្រចាំឆ្នាំ​២០១៧. ២០១៨​នៅ​វិទ្យាល័យ​១០​មករា ១៩៧៩​នោះ មាន​សិស្ស​ពូកែ​សរុប​ចំនួន​២៤០​នាក់ ចាប់ពី​ថ្នាក់​ទី​៧​ដល់​ថ្នាក់​ទី​១២ និង​ចែកចេញជា​សិស្ស​ពូកែ​ចំណាត់ថ្នាក់​លេខ​១​ចំនួន​៨០​នាក់ លេខ​២​ចំនួន​៨០​នាក់ និង​លេខ​៣​ចំនួន​៨០​នាក់​។​

​នាយ​ឧ​ត្ត​ម​សេនីយ៍ ខេង សុមេធ បាន​មានប្រសាសន៍ថា ថ្ងៃនេះ ជា​ថ្ងៃ​ដ៏​ឧ​ត្តុ​ង​ឧ​ត្ត​ម​មួយ​ដែល​ក្មួយៗ​បានបញ្ចប់​ការសិក្សា ក្នុង​រយៈពេល​មួយឆ្នាំ​កន្លងមក ហើយក៏​ជា​ពេលវេលា​ដ៏​វិសេសវិសាល​មួយ ដែល​ក្មួយៗ​បានទទួល​នូវ​ជ័យលាភី​ជា​ប័ណ្ណសរសើរ ចំណាត់ ថ្នាក់​លេខ​១ លេខ​២ និង​លេខ​៣ ដែលជា​ការលើកទឹកចិត្ត ពី​ការខិតខំ​ប្រឹងប្រែង​សិក្សា​រៀនសូត្រ​របស់​ក្មួយៗ​ទាំងអស់គ្នា​។

​នាយ​ឧ​ត្ត​ម​សេនីយ៍ បាន​បន្តថា ក្មួយៗ​ដឹង​ទេ​ថា ការសិក្សា​រៀនសូត្រ ទាមទារ​ឲ្យ​ក្មួយៗ​អំណត់​ព្យាយាម តស៊ូ ប្រឹងប្រែង​ខ្លាំងណាស់ ទើប​សម្រេច​ជោគជ័យ និង​ទទួលបាន​ផ្លែផ្កា​ល្អប្រសើរ​នេះ​។ ជាមួយគ្នា​នោះ ក្មួយៗ​ត្រូវខិតខំ​រៀនសូត្រ ឲ្យ​បាន ខ្ជាប់ខ្ជួន ហើយ​ជៀស​ឲ្យ​ឆ្ងាយ​ពីអ្វី​ដែលជា​អំពើ​ខុសឆ្គង ជាពិសេស​ត្រូវ​ជៀសវាង​ដាច់ខាត និង​នៅ​ឲ្យ​ឆ្ងាយ ពី​គ្រឿងញៀន ដើម្បី​កសាង​ខ្លួន​ឲ្យ​ក្លាយទៅជា​កូន​ល្អ សិស្ស​ល្អ និង​យុវជន​ល្អ សម្រាប់​ធ្វើជា​ពលរដ្ឋ​នៅក្នុង​សង្គម​កម្ពុជា​ទាំងមូល​។

​នាយ​ឧ​ត្ត​ម​សេនីយ៍​បាន​ក្រើន​រំលឹកថា ក្មួយៗ​ត្រូវ​ចងចាំ​ថា “ មាគ៌ា​ទៅកាន់​ភាពជោគជ័យ គ្មាន​ឡើយ​ដានជើង​មនុស្ស​ខ្ចិ​ល ” អាស្រ័យ​ហេតុ នេះហើយ​ក្មួយៗ​ត្រូវតែ​យកចិត្តទុកដាក់ លើ​ការសិក្សា​រៀនសូត្រ ដើម្បី​ឲ្យ​មានចំណេះដឹង មាន​សីលធម៌ ដែល អាច​យកទៅ​ប្រើប្រាស់​នាពេល​អនាគត បាន​ដូចដែល​លោកតា​ក្រម​ង៉ុ​យ ទូន្មាន​ថា “ បើ​ចង់​ស្រាល​ខ្លួន រៀនសូត្រ​ឲ្យ​មួន ឲ្យ​មាំ ឲ្យ​ស្ទាត់ កុំ​ចេះ​ស្ទាក់ស្ទើរ ល្ងីល្ងើ​ឥត​បទ បើ​ចេះ​ប្រាកដ ប្រាក់​រត់តាម​ហៅ ”​។​

​ក្នុង​ពិធី​ចូលរួម​នោះ នាយ​ឧ​ត្ត​ម​សេនីយ៍​ខេង សុមេធ បានផ្តល់​ថវិកា​ដល់​សិស្ស​ពូកែ​ជ័យលាភី​លេខ​១​ចំនួន​៨០​នាក់ ក្នុង​ម្នាក់ៗ​ទទួលបាន​សៀវភៅ​ចំនួន​១៥​ក្បាល ប៊ិច​ចំនួន​៦​ដើម និង​ថវិកា​ចំនួន​៥​ម៉ឺន​រៀល​។ សិស្ស​ពូកែ​ជ័យលាភី​លេខ​២​ចំនួន​៨០​នាក់ ក្នុង​ម្នាក់ៗ ទទួលបាន​សៀវភៅ​ចំនួន​១៣​ក្បាល ប៊ិច​ចំនួន​៤​ដើម និង​ថវិកា​ចំនួន​៤​ម៉ឺន​រៀល​។ សិស្ស​ពូកែ​ជ័យលាភី​លេខ​៣​ចំនួន​៨០​នាក់​ក្នុង​ម្នាក់ៗ ទទួលបាន​សៀវភៅ​ចំនួន​១០​ក្បាល ប៊ិច​ចំនួន​៣​ដើម និង​ថវិកា​ចំនួន​៣​ម៉ឺន​រៀល ព្រមទាំង​ឧបត្ថម្ភ​ថវិកា​សំរាប់​វិទ្យាល័យ​ចំនួន​៤០​លាន​រៀល​ផងដែរ​៕ ល​

ទីតាំងផ្សាយពាណិជ្ជកម្ម