សម្តេច​តេ​ជោ អនុញ្ញាត​ឲ្យ​ឯកអគ្គរាជទូត​ជប៉ុន និង​ឯកអគ្គរដ្ឋទូត​បារាំង​ថ្មី​ចូលជួប​ពិភាក្សា​ការងារ​

1711
ចែករម្លែក

(​ភ្នំពេញ​) ៖ នៅ​វិមាន​សន្តិភាព ព្រឹក​ថ្ងៃទី​២៦ ខែ​កក្ត​ដា ឆ្នាំ​២០១៧​នេះ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន​នាយករដ្ឋមន្ត្រី​នៃ​​ព្រះរាជាណាចក្រ​កម្ពុជា បានអនុញ្ញាត​ឲ្យ​លោកស្រី អ៊ី​វ៉ា ង្វៀន​ប៊ិ​ញ (Eva Ngauyen Binh) ឯកអគ្គរដ្ឋទូត​បារាំ​ង​ថ្មី​ប្រចាំ​កម្ពុជា បាន​អញ្ជើញ​ជួបពិភាក្សា​ការងារ​ជាមួយ​។​


​ ​
​ក្នុងជំនួប​នេះ លោកស្រី Eva Ngauyen Binh បាន​ថ្លែងអំណរគុណ ចំពោះ​សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី ដែល​បានផ្តល់​កិត្តិយស និង​ពេលវេលា​ដ៏​មានតម្លៃ​ដល់​លោកស្រី បាន​ជួបពិភាក្សា​ការងារ​។ ទន្ទឹមនឹងនេះ លោកស្រី បាន​សម្តែង​នូវ​ការអបអរសាទរ​ចំពោះ រាជរដ្ឋាភិបាល​កម្ពុជា ដែល​បាន​ខិតខំ​ចុះបញ្ជី​តំបន់​ប្រាសាទ សំបូរ​ព្រៃ​គុក​ជា​បេតិកភណ្ឌ​ពិភពលោក​។​
​ ​
​លោកស្រី​ឯកអគ្គរដ្ឋទូត​ថ្មី​បារាំង ក៏បាន​វាយតម្លៃ​ខ្ពស់ ចំពោះ​កងកម្លាំង​រក្សា​សន្តិភាព​កម្ពុជា ដែល​កំពុង​បម្រើការ​ក្រោម​ឆ័​ត្រ​អង្គការ​​សហប្រជាជាតិ​យ៉ាងសកម្ម និង​មាន​គុណភាព ដែល​ទទួលបាន​នូវ ការគាំទ្រ​និង​គោរព​យ៉ាងខ្លាំង​។ លើសពីនោះ​ទៅទៀត​លោកស្រី​រីក​​រាយ​ចំពោះ​កិច្ចសហប្រតិបត្តិការ រវាង​កម្ពុជា​និង​បារាំង លើ​វិស័យសេដ្ឋកិច្ច និង​ពាណិជ្ជកម្ម​។

សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា ក៏បាន​ថ្លែងអំណរគុណ​ចំពោះ​លោកស្រី​ឯកអគ្គរដ្ឋទូត ដែល​បាន​ប្តេជ្ញាចិត្ត​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ រវាង​ប្រទេស​ទាំងពីរ អោយ​កាន់តែ​ល្អ​រឹងមាំ​។ សម្តេច​តេ​ជោ ក៏បាន ស្នើសុំ​ឲ្យ​ជម្រុញ​កិច្ចសហប្រតិបត្តិការ ជាពិសេស​ចំពោះ​ការងារ​ក្រោម​ឆ័​ត្រ​អង្គការសហប្រជាជាតិ​ក្នុងការ​ផ្លាស់ប្តូរ​ព័ត៌មាន រវាង​គ្នា​ទៅវិញទៅមក ហើយ​ស្នើសុំ​ឲ្យ​លោកស្រី​យក ចិត្ត​ទុកដាក់​ផងដែរ​លើ​ការ អភិរក្ស ប្រាង្គ​ប្រាសាទ ជាពិសេស​គឺ​តំបន់​ប្រាសាទសំបូរព្រៃគុក ដែល​ទើប តែ​បាន​ចុះ​ក្នុង​បញ្ជី​បេតិកភណ្ឌ ពិភពលោក រួមទាំង​បន្ត​ជំរុញ​នូវ​កិច្ចសហប្រតិបត្តិការ​បន្ថែម​ទៀត លើ​វិស័យ​ពាណិជ្ជកម្ម និង​សេដ្ឋកិច្ច​។​
​ ​
​នៅ​ព្រឹក​ថ្ងៃទី​២៦ កក្កដា ដដែល​នេះដែរ សម្តេច​តេ​ជោ ហ៊ុន សែន បានអនុញ្ញាត​ឲ្យ​លោក ហូ​រី​ណូ​អូ​ជិ ហ៊ី​ដេ​អ៊ី​ហ្សា (Horinouchi Hidehisa) ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​កម្ពុជា ចូលជួប​សម្ដែង​ការគួរសម និង​ពិភាក្សា​ការងារ​នា​វិមាន​សន្តិភាព​។​


​ ​
​ក្នុងឱកាស​នោះ លោក Horinouchi Hidehisa បាន​រៀបរាប់​ពី​ដំណើរ​ទស្សនកិច្ច​របស់​ស​ម្តេចទៅ ជប៉ុន​នាពេលខាងមុខ​ដែល​ក្នុង​នោះ​រួមមាន ការពិភាក្សា​អំពី​កិច្ចសហប្រតិបត្តិការ​លើ​វិស័យសេដ្ឋកិច្ច វិស័យ​ពាណិជ្ជកម្ម ដែល​ភាគី​ទាំងពីរ ជា​ដៃគូ​យុទ្ធសាស្ត្រ​ហើយក៏​នឹង​​ពិភាក្សា​ទៅលើ​ការតភ្ជាប់ ការអភិវឌ្ឍន៍​វិស័យ​ធនធានមនុស្ស ការសម្រួល​ចរាចរណ៍ នៅ​ទីក្រុង​ភ្នំពេញ​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​​វប្បធម៌ និង​ការផ្លាស់ប្តូរ​ទំនាក់ទំនង រវាង​ប្រជាជន​កម្ពុជា និង​ប្រជាជន​ជប៉ុន និង​ការពិភាក្សា​អំពី​ការរៀបចំ​ឲ្យ​មាន​អគ្គ​កុងស៊ុល​ជប៉ុន នៅ​ខេត្តសៀមរាប​។
​ ​
​លោក​ឯកអគ្គរាជទូត​ជប៉ុន​បាន​បន្តថា “​ដំណើរ​ទស្សនកិច្ច របស់​សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី​ទៅកាន់​ប្រទេស​ជប៉ុន​នាពេលខាងមុខ​នេះ គឺ​ចំពេល​ខួប ២៥​ឆ្នាំ របស់​ជប៉ុន​ដែល​បញ្ជូន​ក្រុម​រក្សា​សន្តិភាព​មកកាន់​កម្ពុជា ហើយក៏​ត្រូវ​នឹង​ខួប​៦០​ឆ្នាំ​នៃ​ដំណើរ​ទស្សនកិច្ច​របស់​នាយ​​ក​រដ្ឋមន្ត្រី​ជប៉ុន​លើក​ទី​១ មកកាន់​ប្រទេស​កម្ពុជា​កាលពី​ក្នុង​ឆ្នាំ​១៩៥៧” ។
​ ​
​លោក​បន្ថែមថា ក្នុង​ដំណើរ​ទស្សនកិច្ច នៅ​ជប៉ុន សម្តេច​តេ​ជោ ហ៊ុន សែន ក៏​នឹងចូលរួម​សិក្ខាសាលា ដែលមាន​ការចូលរួម​ពី​អ្នក​វិ​និ​​យោគ​ទុន​ជប៉ុន ជាច្រើន​នាក់​ផងដែរ ។​
​ ​
​ជាការ​ឆ្លើយតប​សម្តេច​តេ​ជោ បាន​ឯកភាព​ជាគោលការណ៍ ចំពោះ​កម្មវិធី​ដែល​បាន​ដាក់ចេញ​ទាំងនេះហើយ​សម្តេច​បានស្នើ​ឲ្យ​ភាគី​ជប៉ុន​​មានការ​សម្របសម្រួល​បន្ថែមទៀត​ក្នុង​កម្មវិធី​នេះ ក្នុងករណី​មានការ​ផ្លាស់ប្តូរ​។​
​ ​
​សូម​បញ្ជាក់ដែរថា សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជានឹងអញ្ជើទៅបំពេញទស្សនកិច្ចនៅប្រទេស​ជប៉ុន ចាប់ពី​ថ្ងៃទី​៨ ដល់ទី​៩ សីហា ស្រប​ពេលដែល​ជប៉ុន​ប្រារព្ធ​ខួប​ខួប​២៥​ឆ្នាំ​នៃ​ដែល​បញ្ជូន​ក្រុម​រក្សា​សន្តិភាព​មកកាន់​កម្ពុជា និង​ខួប​៦០​ឆ្នាំ​នៃ​ដំណើរ​ទស្សនកិច្ច​របស់ នាយករដ្ឋមន្ត្រី​ជប៉ុន​លើក​ទី​១​មកកាន់​កម្ពុជា កាលពី​ឆ្នាំ​១៩៥៧​ផងដែរ​៕ដោយ៖វិបុល

ទីតាំងផ្សាយពាណិជ្ជកម្ម