​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយប៉ែត​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​

981
ចែករម្លែក

​ដោយៈ​វង​ធូ​/​បន្ទាយ​មាន​ជ័​យៈ​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយប៉ែត​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ពីបទ​ចោរកម្ម​លួច​នៅ​ចំណុច​ភូមិ​មិត្តភាព សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត កាលពី​ថ្ងៃទី​២៥ ខែកក្កដា ឆ្នាំ​២០១៨ ។​

​លោក​វរសេនីយ៍ត្រី នួន នី​ណា​រ៉ូ បានឱ្យដឹងថា​យោង​លើ​ពាក្យបណ្តឹង​របស់​ឈ្មោះ ឈួន កំសាន្ត ភេទ ប្រុស អាយុ ៤០​ឆ្នាំ រស់នៅ​ភូមិ​មិត្តភាព សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត និង​ដោយ​ទទួលបាន​ការអនុញ្ញាត​ពី​លោក មាស ច័ន្ទ​ពិសិដ្ឋ ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត កម្លាំង​កងរាជអាវុធហត្ថ បាន​ចុះ​ធ្វើការ​ស្រាវជ្រាវ​រកមុខ​សញ្ញា​ជនសង្ស័យ រហូត​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ឈ្មោះ ម៉ន សុខសាន្ត ភេទ ប្រុស អាយុ ២៥​ឆ្នាំ ជនជាតិខ្មែរ មាន​ទីលំនៅ​មិន​ពិតប្រាកដ​ក្នុង​ក្រុង​ប៉ោយប៉ែត​។
​ការឃាត់ខ្លួន និង​សាកសួរ​ចម្លើយ​រួចមក លោក​បាន​កសាង​សំណុំរឿង​បញ្ជូន​ជនសង្ស័យ ទៅ​ទីបញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្ត ។​

​លោក​វរសេនីយ៍ឯក ម៉ែន ភិរម្យ បាន​បញ្ជាក់ថា ៖ តាម​ការបំភ្លឺ​របស់​ជ​ន​រងគ្រោះ បាន​បញ្ជាក់ថា ៖ កាលពី​ថ្ងៃទី​២៤ ខែកក្កដា ឆ្នាំ​២០១៨ ខ្លួន និង​ភរិយា បាន​ជិះ​ម៉ូតូ​ទុក​ក្រោមផ្ទះ និង​ឡើងទៅ​សម្រាក​ខាងលើ​ផ្ទះ​ជាធម្មតា ។

លុះដល់​ព្រឹក​ថ្ងៃទី​២៥ ខែកក្កដា ឆ្នាំ​២០១៨ ខ្លួន​បាន​ចុះពីលើផ្ទះ​បម្រុង​ជិះ​ម៉ូតូ​ចេញទៅ​ក្រៅ ស្រាប់តែ​បាត់​ម៉ូតូ​របស់ខ្លួន ០១​គ្រឿង ម៉ាក ZOOMER X ស៊េរី​ឆ្នាំ ២០១៧ ហើយក៏​បានមក​ដាក់ពាក្យ​បណ្តឹង​នៅ​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយប៉ែត​ភ្លាមៗ​ផងដែរ ។

លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី បោ​ន ប៊ិន មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តបន្ទាយមានជ័យ ការឃាត់ខ្លួន​ជំនាញ​សួរនាំ​ជនសង្ស័យ​បាន​សារភាពថា ៖ នៅ​ថ្ងៃទី​២៥​ខែកក្កដា ឆ្នាំ​២០១៨ ខ្លួន​មានបំណង​ចូល​គាស់​ផ្ទះ​អ្នកជិតខាង ដើម្បី​លួច​យកប្រាក់​ទៅ​ដើរលេង។

តែ​ចៃដន្យ​បានឃើញ​ម៉ូតូ​នៅ​នឹង​ផ្ទះ​ដែល​ខ្លួន​បម្រុង​ចូល​លួច ក៏​លួច​យក​ម៉ូតូ​ជិះ​ចេញ​តែម្តង ហើយ​បាន​យក​ម៉ូតូ​ដែល​លួចបាន​ទៅ​បញ្ចាំ ក្នុងតម្លៃ ១០.០០០​បាត​(​មួយ​ម៉ឺន​បាត​) និង​បាន​យកលុយ​នោះ​ទៅ​ស៊ីចាយ នៅសល់​តិចតួច​ក៏​ទៅ​អង្គុយលេង​ហ្គេម ក៏​ត្រូវបាន​កម្លាំង​កង​រាជ​អាវុធហត្ថ​ឃាត់ខ្លួន​តែម្តង ។

កម្លាំង​ជំនាញ​កងរាជអាវុធហត្ថ​ខេត្ត បាន​កសាង​សំណុំរឿង​បញ្ជូន​ជនសង្ស័យ ទៅ​តុលាការ ដើម្បី​ចាត់ការ​ទៅតាម​នីតិវិធី ៕S/​

​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយប៉ែត​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​

ទីតាំងផ្សាយពាណិជ្ជកម្ម