ប្រែ​សម្រួលៈ​បំណង​(​ស្ត្រេត​ថែមស៍​)៖​យន្តហោះ​យោធា​ចិន​ប្រាំបី​គ្រឿង​បាន​ហោះ​កាត់​ខ្សែបន្ទាត់​កណ្តាល​នៃ​ច្រក​សមុទ្រ​តៃវ៉ាន់​កាលពី​ព្រឹក​ថ្ងៃ​អង្គារ​ទី​៤​កក្កដា នៅពេល​ចិន​បង្កើន​សម្ពាធ​យោធា​លើ​កោះ​គ្រប់គ្រង​តាម​បែប​ប្រជាធិបតេយ្យ​នេះ​។​

​ក្រសួង​យោធា​តៃវ៉ាន់​បាន​និយាយថា សរុប​យន្ត​យោធា​ចិន​២៤​គ្រឿង រួម​មាន​យន្តហោះប្រយុទ្ធ​និង​យន្តហោះ​ទម្លាក់គ្រាប់​បែក​ត្រូវបាន​ប្រទះ​ឃើញក្បែ​រកោះ​តៃវ៉ាន់​កាលពី​ព្រឹក​ថ្ងៃ​អង្គារ ហើយ​នាវាចម្បាំង​ចិន​បួន​គ្រឿង​ក៏​ចូលរួម​ល្បាត​ត្រៀមប្រយុទ្ធ​ផងដែរ​។​

​ក្នុងពេល​ជាមួយគ្នា តៃវ៉ាន់​បាន​បញ្ជូន​ចេញ​នាវាចម្បាំង​និង​យន្តហោះ​ប្រយុទ្ធ​ដើម្បី​ព្រមាន​អោយ​នាវា​និង​យន្តហោះ​ចិន​ចេញ​ឆ្ងាយ នៅពេល​ប្រព័ន្ធ​កាំជ្រួច​តាមដាន​យន្តហោះ​ចិន​យ៉ាង​ដិត​ដល់​។​

​សូមបញ្ជាក់​ថា ចិន​ចាត់ទុក​តៃវ៉ាន់​ជា​ផ្នែក​មួយ​នៃ​ទឹកដី​របស់​ខ្លួននិង​មិន​ដែល​បដិសេធ​ការប្រើ​កម្លាំង​ដើម្បី​ចាប់​យក​វា​មក​នៅ​ក្រោម​កា​រ​គ្រប់គ្រង​របស់​ខ្លួន​ទេ​។​កាលពី​ខែ​មេសា ចិន​បាន​ធ្វើ​សមយុទ្ធ​យោធា​ជុំវិញ​កោះ​ដើម្បី​បញ្ចេញ​កំហឹង​ចំពោះ​ជំនួប​រវាង​ប្រធានាធិបតី​តៃវ៉ាន់​និង​ប្រធាន​សភា​អាម៉េរិក ដោយ​ផ្គើន​នឹង​ការព្រមាន​របស់​ចិន​។​

​ការបង្ហាញ​វត្តមាន​យោធា​ចិន​នៅក្បែរ​កោះ​តៃវ៉ាន់​នេះ​កើតឡើង​តែ​មួយ​ថ្ងៃ​ក្រោយ​ពី​យោធា​តៃវ៉ាន់​បានធ្វើ​សមយុទ្ធ​បាញ់​គ្រាប់​ពិត​នៅលើ​ឆ្នេរ​យុទ្ធសាស្ត្រ​ភាគខាងត្បូង​របស់ខ្លួន​កាលពី​ថ្ងៃ​ចន្ទ ដោយ​បាញ់​កាំ​ជ្រួច​ចេញពី​រថពាសដែក​ចល័ត​ដើម្បី​កំទេច​គោលដៅ​នៅក្បែរ​ឆ្នេរ​ក្នុង​ការហាត់​សម​ធ្វើ់​ដូចជា​កំពុង​ប្រយុទ្ធ​វាយ​បណ្តេញ​កងកម្លាំង​ឈ្លានពាន​។​

​អ្នកនាំពាក្យ​យោធា​តៃវ៉ាន់ បាន​ប្រាប់​អ្នកយកព័ត៌មាន​ថា «​សមយុទ្ធ​នៅថ្ងៃនេះ​ភាគ​ច្រើន​ពាក់ព័ន្ធ​នឹង​ការ​បាញ់កាំភ្លើង​ធំ​ជាក់ស្តែង ដោយ​ផ្តល់​អោយ​កងទ័ព​របស់​យើង​នូវ​ជំនឿ​ចិត្ត​និង​មាន​សមត្ថភាព​ការពារ​មាតុភូមិ​របស់​ខ្លួន​»​។​

​រថយន្តយោធា​Humvees​បាញ់​កាំជ្រួច​ប្រឆាំង​រថក្រោះ​TOW​ផលិត​នៅ​អាម៉េរិក​ដើម្បី​កំទេច​គោលដៅ​នៅក្បែរ​ឆ្នេរ​

​នៅ​ចុងខែ​កក្កដា​នេះ តៃវ៉ាន់​ក៏​ធ្វើ​សមយុទ្ធ​សំខាន់​បំផុត​ប្រចាំ​ឆ្នាំ​ឈ្មោះ​ថាហានគួង( Han Kuang) ដោយ​ផ្តោត​លើ​ការប្រយុទ្ធ ការបិទ​ខ្ទប់​និង​រក្សា​លទ្ធភាព​ប្រយុទ្ធ​របស់​កងកម្លាំង​របស់ខ្លួន​។​សមយុទ្ធ​នេះ​គេ​នឹង​ឃើញ​យន្តហោះ​យោធា​ចុះឡើង​នៅ​អាកាសយានដ្ឋាន​ស៊ីវិល ដើម្បី​ហាត់​ប្រើប្រាស់​ទីតាំង​ទាំងនោះ​ក្នុងករណី​ដែល​មូលដ្ឋាន​ទ័ពអាកាស​ត្រូវ​បំផ្លាញ​ក្នុង​សង្គ្រាម​៕